ជិះម៉ូតូឌុបគ្នាបញ្ច្រាសផ្លូវ តាមផ្លូវងងឹតគ្មានភ្លើងបំភ្លឺផ្លូវ ហើយបត់បញ្ច្រាសត្រលប់ក្រោយ ត្រូវរថយន្តជ្រុលបុកប៉ើង៣០ម៉ែត្រ បណ្តាលឲ្យស្លាប់ម្នាក់ របួសធ្ងន់ម្នាក់
- April 25, 2020
រាជធានីភ្នំពេញ៖ ការបើកបរឬធ្វើដំណើរនៅពេលយប់អាចរាប់ថា ជាការផ្សងនឹងគ្រោះថ្នាក់ខ្លះដែរ ពិសេសនៅលើស្ថានភាពផ្លូវដែលពុំមានភ្លើងបំភ្លឺតាមចិញ្ចើមផ្លូវ ពោលគឺងងឹតស្លុបតែម្តង ប្រជាពលរដ្ឋនិងអ្នកដំណើរ ដែលធ្វើដំណើរតាមបណ្តោយផ្លូវទ្រុងមាន់ (ហៅផ្លូវ៣០ម៉ែត្រ) ចាប់ពីស្តុបណតប្រីត ដល់ផ្លូវវេងស្រេង ស្ថិតក្នុងខណ្ឌមានជ័យ និងខណ្ឌសែនសុខ បានស្នើទៅអាជ្ញាធរខណ្ឌមានជ័យ និងអាជ្ញាធរខណ្ឌសែនសុខ ជាពិសេសមន្ទីរសាធារណការរាជធានីភ្នំពេញ ឱ្យជួយដាក់ភ្លើងបំភ្លឺផ្លូវនាពេលយប់ផង ដែលតែងតែបង្កឱ្យមានបញ្ហាផ្សេងៗ ព្រោះនៅពេលយប់ងងឹតខ្លាំង ហើយឧស្សាហ៍កើតមានគ្រោះថ្នាក់ចរាចរណ៍ បណ្ដាលឲ្យមានអ្នកស្លាប់ថែមទៀតផង ។

ជាក់ស្ដែង! បុរសម្នាក់បានស្លាប់ចោលប្រពន្ធកូនយ៉ាងអាណោចអាធ័ម និងម្នាក់ទៀតរងរបួសធ្ងន់ ត្រូវបានរថយន្តសង្គ្រោះមកដឹកបញ្ជូនទៅសង្គ្រោះភ្លាមៗ បន្ទាប់ពីបានជិះម៉ូតូមួយគ្រឿងឌុបគ្នា មិនបើកភ្លើងម៉ូតូបញ្ច្រាសទិសតាមផ្លូវ ដែលមិនមានភ្លើងបំភ្លឺផ្លូវ លុះពេលបត់ត្រលប់ក្រោយ ស្រាប់តែត្រូវរថយន្ត Highlander បើកបុកខ្ទាតអូសជិត៣០ម៉ែត្ររេចង្កូតធ្លាក់ផ្លូវបុកផ្ទប់ថ្មបេតុងមុខផ្ទះប្រជាពលរដ្ឋខ្ទេចមួយកំណាត់មុខ បើកទៅមុខលែងរួច ។ ហេតុការណ៍ដ៏រន្ធត់នេះកើតឡើងកាលពីវេលាម៉ោង ១០:៣០នាទីយប់ ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២០ ស្ថិតនៅជិតមន្ទីរសម្រាកព្យាបាល និងសម្ភពគ្រួសារយើង លើកំណាត់ផ្លូវទ្រុងមាន់ (ហៅផ្លូវ៣០ម៉ែត្រ) ស្ថិតក្នុងភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
បើតាមលោកវរសេនីយ៍ត្រី ជឹម សុភក្ត័ អធិការរងទទួលផែនចរាចរណ៍នៃអធិការដ្ឋានខណ្ឌមានជ័យ បានថ្លែងប្រាប់ក្រុមការងារខ្មែរណូតថា រថយន្តបង្កម៉ាកហាយឡែនឌ័រ (Highlander) ពណ៌ក្រហម ស្លាកលេខភ្នំពេញ 2AG-4690 បើកបរដោយឈ្មោះ ពេជ្រ បញ្ញា ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរមន្ត្រីក្រសួងសេដ្ឋកិច្ច ស្នាក់នៅក្នុងសង្កាត់ផ្សារដេរប៉ូទី២ ខណ្ឌទួលគោក ភ្នំពេញ។ ចំណែកឯជនរងគ្រោះ(ស្លាប់) មានឈ្មោះ យឿន ណាក់ ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរធ្វើការ នៅឃ្លាំងការ៉ូមួយកន្លែង ស្នាក់នៅបន្ទប់ជួល ម្ដុំវត្តសំបួរមាស ក្នុងខណ្ឌដង្កោ មានស្រុកកំណើតនៅភូមិរោទ៍ ឃុំទ្រព្យ ស្រុកបាធាយ ខេត្តកំពង់ចាម។ ចំណែកបុរសម្នាក់ទៀតរងរបួសធ្ងន់ មិនស្គាល់អត្តសញ្ញាណនោះទេ បានជិះម៉ូតូមួយគ្រឿង ម៉ាកហុងដាឌ្រីមសង់ (Honda Dream C125) ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៩ ពាក់ស្លាកលេខកំពង់ចាម 1V-6026 ជាមធ្យោបាយធ្វើដំណើរ ។

តាមប្រភពពីសន្តិសុខម្នាក់យាមនៅក្បែរកន្លែងកើតហេតុក៏បានឲ្យដឹងថា នៅមុនកើតហេតុ គាត់បានឃើញបុរសពីរនាក់ដែលជិះម៉ូតូមួយគ្រឿងឌុបគ្នា ធ្វើដំណើរតាមផ្លូវទិសដៅពីជើងទៅត្បូងដោយបញ្ច្រាសទិសដៅចរាចរណ៍ លុះមកដល់ចំណុចកើតហេតុ បានបត់ឡើងមកលើគន្លងរថយន្តបំណងត្រលប់ក្រោយចូលទៅផ្លូវបេតុង ស្រាប់តែមានរថយន្តហាយឡែនឌ័រខាងលើ បើកតាមផ្លូវ៣០ម៉ែត្រ ទិសដៅពីត្បូងទៅជើង ក្នុងល្បឿនលឿនជិតដល់ម៉ូតូហើយ ចាប់ហ្វ្រាំងមិនទាន់ ក៏កាច់ចង្កូតគេចមកខាងដៃស្ដាំបានបន្តិច តែមិនផុត ក៏ទៅបុកចំពីមុខពេញទំហឹង ខ្ទាតទាំងម៉ូតូទាំងមនុស្សប្រហែល៣០ម៉ែត បណ្ដាលឲ្យបុរសម្នាក់បាក់ភ្លៅ និងបាក់កស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ និងម្នាក់ទៀតរងរបួសធ្ងន់ ចំណែករថយន្តបង្កបានមិនទាន់អស់ល្បឿននៅឡើយ បានរេចង្កូតធ្លាក់ចិញ្ចើមផ្លូវ ទៅបុកផ្ទប់ខឿនបេតុងមុខផ្ទះប្រជាពលរដ្ឋ ផ្ទុះពោងសុវត្ថិភាពទាំងអស់ និងរងការខូចខាតខ្ទេចមួយកំណាត់មុខយ៉ាងដំណំ បើកទៅមុខលែងរួច បង្កការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់នោះបានឃើញ នាំគ្នាជួយឃាត់ម្ចាស់រថយន្តសិន ហើយរាយការណ៍ប្រាប់កម្លាំងល្បាតប៉ុស្តិ៍ស្ទឹងមានជ័យទី៣ ហៅរថយន្តគិលានសង្គ្រោះគ្លីនិកឯកជន មកដឹកជនរងគ្រោះ ដែលរបួសធ្ងន់យកទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាមៗ។ ចំណែកអ្នកបើកបររថយន្ត ត្រូវបានប្រជាពលរដ្ឋប្រគល់អោយកម្លាំងល្បាតប៉ុស្តិ៍នគរបាលស្ទឹងមានជ័យទី៣ នាំខ្លួនយកទៅធ្វើការសាកសួរនៅប៉ុស្តិ៍ និងរងចាំប្រគល់អោយផ្នែកជំនាញ ចាត់ការបន្តតាមច្បាប់ ។
មួយសន្ទុះក្រោយមកគេឃើញលោកវរសេនីត្រី ឯម ភារី នាយប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី៣ ចុះមកដល់កន្លែងកើតហេតុ ដោយមើលឃើញពីភាពអាណិតអាសូរពេក ក៏បានចូលជាបច្ច័យចំនួន១០ម៉ឺនរៀល ជូនភរិយាជនរងគ្រោះផងដែរ ។
បច្ចុប្បន្នក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយកម៉ូតូនិងរថយន្តទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំកសាងសុំណំរឿងចាត់ការបន្តតាមផ្លូវច្បាប់។ ដោយឡែកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុរួច ប្រគល់អោយក្រុមសាច់ញាតិ ដឹកយកទៅតម្កល់ទុក នៅវត្តសំបួរមាស ខណ្ឌដង្កោ ដើម្បីចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕






អត្ថបទ&រូបភាព៖ បងម៉េង ខ្មែរណូត
- Share This Post:






