មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ អំពាវនាវអោយពលរដ្ឋរក្សាគម្លាតសុវត្ថិភាព ដើម្បីការពារការរីករាលដាលជំងឺកូវីដ១៩ ខណៈដែលអ្នកសម្រុកទៅប្តូរបណ្ណបើកបរច្រើនគុណនឹង៣ដង
ការអនុវត្តន៍រឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោកនឹងចាប់ផ្តើមធ្វើឡើងទូទាំងប្រទេសចាប់ពីថ្ងៃស្អែកនេះហើយ ដែលជាហេតុធ្វើអោយបងប្អូនប្រជាពលរដ្ឋនាំគ្នាសម្រុកទៅប្រឡងយកបណ្ណបើកបរ និងទៅប្តូរ ពន្យារបណ្ណបើកបរ នៅតាមមណ្ឌលនីមួយៗ ហើយក៏មានការសម្រុកទៅធ្វើឈៀកឡាន (ត្រួតពិនិត្របច្ចេកទេសយានយន្ត) យ៉ាងហូរហែរផងដែរ ហើយអ្វីដែលជាការព្រួយបារម្ភនោះគឺ ការរក្សាគម្លាតសុវត្ថិភាពរបស់បងប្អូនប្រជាពលរដ្ឋដើម្បីចូលរួមការពារការរីករាលដាលនៃជំងឺកូវីដ១៩។

ជាក់ស្តែង កាលពីថ្ងៃទី២៩ខែមេសាឆ្នាំ២០២០ម្សិលមិញនេះ មានប្រជាពលរដ្ឋបានមកប្រឡងយកបណ្ណបើកបរនៅអង្គភាពផ្តល់បណ្ណបើកបរយានយន្ត និងមកប្តូរ ពន្យារបណ្ណនៅមណ្ឌលប្តូរ ពន្យារបណ្ណបើកបរនៅផ្សារទំនើបអុីអនទី១ និង អុីអន២ មានចំនួន ៥៨៣នាក់ កើនជាង ៣ដង ធៀបនឹងថ្ងៃធម្មតា ។ ដែលធ្វើអោយមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ អំពាវនាវអោយបងប្អូនមេត្តារក្សាគម្លាត និងគោលការណ៍អនាម័យតាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីការពារការរីករាលដាលជំងឺកូវីដ១៩ទាំងអស់គ្នា៕

