ទំនេរអត់ការងារធ្វើ បង្ហោះហ្វេសបុកបំភ្លៃរឿងសមត្ថកិច្ចផាកម៉ូតូបង់រំលោះ ឥលូវគ្រាន់តែលឺស្នងការស្រាវជ្រាវរកមុខ ស្រាប់តែចេញសុំទោស និងត្អូញថា “ខ្លួនជាបន្ទុកគ្រួសារ ម៉ាក់ប៉ាឈឺអត់ការធ្វើ និងជំពាក់ធនាគារ ៣ម៉ឺនដុល្លារ” សុំការលើកលែង
ក្រោយពីឯកឧត្ដមស ថេត បានបញ្ជាឲ្យសមត្ថកិច្ចជំនាញស្រាវជ្រាវរកម្ចាស់ហ្វេសប៊ុក Alex Piano ឈ្មោះពិត រស់ ដារ៉ា ដើម្បីទទួលខុសត្រូវមុខច្បាប់ រឿងបំភ្លៃព័ត៌មានបង្ហោះថា “សមត្ថកិច្ចផាកគាត់ដោយសារម៉ូតូបង់រំលោះ” ស្រាប់តែបុគ្គលឈ្មោះ រស់ ដារ៉ា បានបង្ហោះធ្វើការសុំអធ្យាស្រ័យពីសមត្ថកិច្ចដោយបានរៀបរាប់ថា៖ “ខ្ញុំបាទសុំលើកម្រាមដៃដប់សុំទោសជាសាធារណៈ ចំពោះការផុសកំហុសខុសឆ្គង ប៉ះសង្គម អ្វីដែលប្អូនផុសលើកមុន គឺជាការកុហកពិតមែន ដែលជាទទួលការផាកពិន័យលើកទី១កាលពី២០១៨ មិនមែន ២០១៧ ទេគ្មានដែលប្អូនបទឆ្វេងបំណងចង់បំផុសបំផុលទេ ប្អូនស្រលាញ់ច្បាប់បានប្អូនគោរពគ្រប់យ៉ាងតែជារឿងពិត កាល២០១៨។

ដូច្នេះប្អូនសុំការអរភ័យទោស ពីសំណាក់ ក្រសួង ក៏ដូច បងប្អូនជនរួមជាតិទាំងអស់ សុំខន្តីអភ័យទោស អោយប្អូនផងដោយ ប្អូនជាបន្ទុកគ្រួសារ ម៉ាក់ប៉ាឈឺអត់ការធ្វើ ប្អូនក៏អត់ការងារ 2 3ខែមកហើយ បើអត់ពីខ្ញុំតើប៉ាម៉ាក់ ត្រូវបង់ប្អូនរៀនទៀត ហើយជំពាក់បំណុល គេ៣មុឺនដុល្លាទៀត ទាំងធនាគារ និងឯកជនទារមុខទារក្រោយ តើធ្វើយ៉ាងណា ចឹងដោយក្តីអាណិតមេត្តាពីបងប្អូន និង ក្រសួង ផង”៕





