លោកផែង វណ្ណៈ ឧបត្ថម្ភថវិកា ៤០០$ ទៅបងប្រុសអ្នកបើករ៉ឺម៉ក ដែលត្រូវអធិការរងស្រុកចន្ទ្រា ចាប់វាយខ្នោះព្រោះគ្មានបណ្ណបើកបរ និងលុយបង់, បច្ចុប្បន្នអគ្គស្នងការនគរបាលជាតិ បានសម្រេចបញ្ឈរជើងអធិការរងរូបនោះហើយ
(ស្វាយរៀង)៖ កាលពីថ្ងៃមិញនេះ នាយឧត្ដមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានសម្រេចបញ្ឈរជើងផ្អាកការងារបណ្ដោះអាសន្ន ចំពោះលោកវរសេនីយ៍ទោ សួគ៌ ធី អធិការរងនគរបាលស្រុកចន្ទ្រា ទទួលបន្ទុកចរាចរណ៍ បន្ទាប់ពីអធិការរងរូបនេះ បានវាយ និងដាក់ខ្នោះលើប្រជាពលរដ្ឋ ក្នុងពេលចុះរឹតបន្តឹងច្បាប់ចរាចរណ៍ ដែលជាការអនុវត្តហួសគោលការណ៍ណែនាំរបស់ថ្នាក់ដឹកនាំ បង្កឱ្យប្រជាពលរដ្ឋមានការថ្នាំងថ្នាក់។

នៅក្នុងគណនីហ្វេសបុករបស់លោកផែង វណ្ណៈ លោកបានឧបត្ថម្ភថវិកា ៤០០$ ទៅអ្នកបើករឺម៉ក់ ដោយលោកបានសរសររៀបរាប់ថា៖ “ដោយក្ដីអាណិតចំពោះប្អូនប្រុសអ្នកបេីករ៉ឺម៉ក ដែលសមត្ថកិច្ចស្រុក ចន្ទ្រា ចាប់វ៉ៃខ្នោះ ព្រោះគ្មានលុយបង់ថ្លៃផាកពិន័យនោះនៅរសៀលថ្ងៃនេះ ខ្ញុំបានឧបត្ថម្ភថវិកា ចំនួន ៤០០ ដុល្លារ ជូនគាត់ និងបានអប់រំណែនាំគាត់អោយចូលរួមគោរពច្បាប់ចរាចរណ៍ និង ត្រូវទៅធ្វើប័ណ្ណបើកបរម៉ូតូរ៉ឺម៉កអោយហេីយ ដេីម្បីកុំអោយមានបញ្ហាទៀត”។
គួរបញ្ជាក់ថាកាលពីវេលាម៉ោង១១៖៤៥នាទី ព្រឹកថ្ងៃទី២ ខែឧសភា ឆ្នាំ២០២០ នៅភូមិត្រពាំងបុណ្យ ឃុំព្រៃគគីរ ស្រុកចន្ទ្រា ខេត្តស្វាយរៀង មានប្រជាពលរដ្ឋលើកគ្នាបិទផ្លូវតវ៉ា ដោយចោទសមត្ថកិច្ចថា អនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកជ្រុល ក្រោយចាប់បុរសអ្នកបើករ៉ឺម៉កវាយ និងដាក់ខ្នោះ ព្រោះគ្មានបណ្ណបើកបរ៕

