ទីបំផុត ភិក្ខុ ឡុង ចន្ថា ដែលល្បីល្បាញលេីបណ្ដាញសង្គមហ្វេសប៊ុក ពាក់ព័ន្ធឆាតញ៉ែស្រីនោះបានសុំលាចាកសិក្ខាបទ (សឹក) នៅថ្ងៃទី ១៤ ខែ ឧសភានេះហើយ
មុននេះបន្តិចក្រុមការងារខ្មែរណូត បានទទួលព័ត៌មានមកថា ភិក្ខុ ឡុង ចន្ថា ដែលល្បីល្បាញលេីបណ្ដាញសង្គមហ្វេសប៊ុក ពាក់ព័ន្ធឆាតញ៉ែស្រីនោះបានសឹកហេីយ ដោយសុំលាចាកសិក្ខាបទថ្ងៃទី ១៤ ខែ ឧសភា ដោយលោកបានធ្វើកិច្ចសន្យា សរសេររៀបរាប់ថា៖ បើគិតជាទោសក្នុងព្រះវិន័យមិនដល់ថ្នាក់សឹកទេ ប៉ុន្តែដើម្បីកុំឲ្យខូចតម្លៃព្រះពុទ្ធសាសនា ខ្ញុំករុណាអាត្មាភាពសុំលាចាកសិក្ខាបទថ្ងៃទី ១៤ ខែ ឧសភា នេះ។

គួរបញ្ជាក់ថា ភិក្ខុ ឡុង ចន្ថា ក្រោយពីល្បីបែកធ្លាយសារឆាតញ៉ែគ្នា មានទំនាក់ទំនងជាមួយស្ត្រីភេទ តាមប្រព័ន្ធបណ្តាញសង្គម បានធ្វើអោយប៉ះពាល់យ៉ាងខ្លាំងដល់ព្រះពុទ្ធសាសនា ហើយប្រាសចាកធម៌វិន័យរបស់ខ្លួន និងធ្វើអោយធ្លាក់ចុះតំលៃព្រះសង្ឃយ៉ាងធ្ងន់ធ្ងរ។ យោងតាមលិខិតរបស់គណៈសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា ដែលក្រុមការងារទើបទទួលបាននៅមុននេះបន្តិចបានអោយដឹងថា សម្តេចព្រះសង្ឃនាយក នន្ទ ង៉ែត បានផ្ញើទៅកាន់ ព្រះវិន័យសំវរ កែវ សាវ៉ន ដែលជាព្រះមេគណខេត្តតាកែវ អោយនិមន្ត ភិក្ខ ឡុង ចន្ថា ដែលគង់នៅវត្តភ្នំបូរី ឃុំព្រែកថ្កោល ស្រុកអង្គរបូរី ខេត្តតាកែវ ឱ្យចូលមកដោះស្រាយនៅសាលាគណខេត្តតាកែវ (វត្តតុំ ក្រុងដូនកែវ ខេត្តតាកែវ) ដោយសារ ភិក្ខុ ឡុង ចន្ថា បានធ្វើការទំនាក់ទំនងស្ត្រីភេទ តាមប្រព័ន្ធបណ្តាញសង្គម៕
