ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ខ្សែភ្លើងរញ៉េរញ៉ៃតាមផ្លូវនានាឆ្លងចរន្តឆេះញឹកណាស់ យប់មិញនៅផ្លូវ២៩៤ ឆេះរាលដាលដល់ប្រអប់ភ្លើង ផ្អើលប្រជាពលរដ្ឋភ្ញាក់ពីដំណេក ហៅសមត្ថកិច្ច និងរថយន្តពន្លត់អគ្គិភ័យសឹងមិនចង់ទាន់!

    BY Khmernote Media May 6, 2020
    ខ្សែភ្លើងរញ៉េរញ៉ៃតាមផ្លូវនានាឆ្លងចរន្តឆេះញឹកណាស់ យប់មិញនៅផ្លូវ២៩៤ ឆេះរាលដាលដល់ប្រអប់ភ្លើង ផ្អើលប្រជាពលរដ្ឋភ្ញាក់ពីដំណេក ហៅសមត្ថកិច្ច និងរថយន្តពន្លត់អគ្គិភ័យសឹងមិនចង់ទាន់!

    រាជធានីភ្នំពេញ ៖ អាជ្ញាធរគួរចុះណែនាំដល់ម្ចាស់ក្រុមហ៊ុនផ្សេងៗឱ្យរៀបចំខ្សែភ្លើង និងខ្សែកាប ធ្វើការរៀបចំឱ្យបានត្រឹមត្រូវផង ជាពិសេសខ្សែដែលអូសខ្សែតភ្ជាប់តាមបង្គោលភ្លើងរញ៉េរញ៉ៃ និងអូសឆ្លងកាត់ទទឹងផ្លូវ ហើយពេលទុស្សេម្តងៗ ធ្វើឱ្យងាយស្រួលអាចនឹងឆាបឆេះរាលដាលដល់ក្នុងផ្ទះប្រជាពលរដ្ឋជាក់ជាមិនខាន។ ជាក់ស្តែងខ្សែភ្លើង ខ្សែកាប ខ្សែអុបទិក ខ្សែអ៉ិនធឺណេតចម្រុះ ដែលតភ្ជាប់អូសបន្តគ្នាពីបង្គោលភ្លើងតាមចិញ្ចើមផ្លូវ គ្មានលក្ខណៈបច្ចេកទេសត្រឹមត្រូវនោះ បែរជាផ្ទុះស្សេឆាបឆេះបែកផ្កាភ្លើងលាន់លឺផាំងៗ ផ្អើលប្រជាពលរដ្ឋភ័យស្លន់ស្លោ រាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានហៅរថយន្តពន្លត់អគ្គិភ័យ មកជួយអន្តរាគមន៍ទាំងយប់ កាលពីវេលាម៉ោង១១យប់ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២០ នៅចំណុចខាងលិចមន្ទីរពេទ្យខេម៉ា លើកំណាត់ផ្លូវលេខ២៩៤ ស្ថិតក្នុងសង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។

    បើតាមសម្ដីបុរសម្ចាស់ផ្ទះមួយកន្លែងនៅក្បែរនោះដែលជាអ្នកឃើញហេតុការណ៍ផ្ទាល់បានឲ្យក្រុមការងារខ្មែរណូតដឹងថា នៅមុនពេលកើតហេតុ នៅពេលរៀបចំបិទទ្វារចូលសម្រាក ស្រាប់តែលឺសម្លេងផាំងៗដូចគេដុតផាវ រូបគាត់ក៏បានដើរចេញទៅអឺតមើល ស្រាប់តែឃើញនៅលើបង្គោលខ្សែភ្លើងនៅត្រង់ចំណុចកើតហេតុ ចម្ងាយពីផ្ទះរបស់គាត់ប្រហែល១៥០ម៉ែត្រកំពុងឆ្លងចរន្តអគ្គិសនី(ទុស្សេ) បែកផ្កាភ្លើងធ្លាក់រាយប៉ាយពេញដី និងឆេះខ្សែភ្លើងចេញជាអណ្ដាតភ្លើងយ៉ាងខ្លាំង ទើបគាត់ស្រែកឆោឡោថា ភ្លើងឆេះហើយៗ ដើម្បីហៅអ្នកជិតខាងចេញមកជួយពន្លត់គ្នា បង្កការភ្ញាក់ផ្អើលឡើងដល់បងប្អូនប្រជាពលរដ្ឋរស់នៅជិតខាង នាំគ្នាយកបំពង់ពន្លត់អគ្គិភ័យមកបាញ់អស់ជាច្រើនបំពង់ តែមិនរលត់ ទើបរាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋាន ហៅរថយន្តពន្លត់អគ្គិភ័យ មកជួយអន្តរាគមន៍ផង ។

    ប្រភពបន្តថា មួយសន្ទុះក្រោយមក គេឃើញមានកម្លាំងសមត្ថកិច្ចចុះមកដល់កន្លែងកើតហេតុ មានទាំងកម្លាំងអាវុធហត្ថខណ្ឌ និងកម្លាំងនគរបាលប៉ុស្តិ៍ រួមទាំងកម្លាំងនគរបាលខណ្ឌបឹងកេងកង បានចុះទៅជួយសម្រួលដល់ប្រជាពលរដ្ឋ និងសម្រួលចរាចរណ៍ ទុកផ្លូវឲ្យរថយន្តពន្លត់អគ្គិភ័យងាយស្រួល ចូលទៅបាញ់អន្លត់ផងដែរ មិនបានប៉ុន្មានផងរថយន្តពន្លត់អគ្គិភ័យមួយគ្រឿង របស់ការិយាល័យបង្ការនិងពន្លត់អគ្គិភ័យ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានមកដល់ និងរៀបចំទុយោដើម្បីបាញ់ពន្លត់ភ្លើង តែគ្រប់ខ្សែរភ្លើងទាំងអស់នោះ សុទ្ធតែមានចរន្តភ្លើង ហើយនៅផ្ទុះបែកផ្ការភ្លើងផាំងៗថែមទៀតផង ទើបសមត្ថកិច្ចជំនាញពន្លត់អគ្គិភ័យ បញ្ជាក់ថា ក្នុងកាលៈទេសៈនេះ មិនអាចយកទឹកទៅពន្លត់បានឡើយ ព្រោះអាចនឹងមានគ្រោះថ្នាក់ដល់យើងមិនខានឡើយ ដោយរងចាំខាងសមត្ថកិច្ចនគរបាលមូលដ្ឋាន ទំនាក់ទំនងប្រាប់លេខប្រអប់ភ្លើងអោយខាងអគ្គិសនីកម្ពុជា បិទផ្ដាច់ចរន្តអគ្គិសនីសិន ទើបអាចបាញ់ទឹកពន្លត់បាន ទើបធ្វើឲ្យអណ្ដាតភ្លើងឆេះខ្សែភ្លើង រាលដាលកាន់តែខ្លាំងឡើង។

    ប្រហែលជា១០នាទីក្រោយមក ក្រុមការងារEDC ក៏បានបិទចរន្តអគ្គិសនី ក្រុមពន្លត់អគ្គិភ័យដែលត្រៀមលក្ខណៈអន្តរាគមន៍នោះ បាញ់ពន្លត់ភ្លើង ទាល់តែរលត់ទៅវិញទាំងស្រុង ដោយប្រើទឹកអស់មិនដល់មួយគ្រឿងទេ។ សមត្ថកិច្ចបានឲ្យដឹងថា គ្រោះអគ្គិភ័យបណ្ដាលមកពីការឆ្លងចរន្តអគ្គិសនីនេះ បានរលត់ទៅវិញហើយមិនបណ្ដាលឲ្យនរណាម្នាក់រងគ្រោះថ្នាក់ ឬរបួសនោះទេ គ្រាន់តែដាច់ខ្សែភ្លើងធ្លាក់រាយប៉ាយពេញផ្លូវ និងដាច់ចរន្តអគ្គិសនីតែប៉ុណ្ណោះ និងមិនបានប៉ះពាល់អ្វីដល់ទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋក្បែរខាងឡើយ ។

    យ៉ាងណាមិញ ក្រោយពីកើតហេតុក្រុមបច្ចេកទេសអគ្គិសនីកម្ពុជា EDC ចុះមកពិនិត្យមើលកន្លែងហេតុមួយជំហ៊ានសិន ដើម្បីត្រួតពិនិត្យ ជួសជុលតខ្សែបណ្ដាញឡើងវិញទាំងយប់ ជូនបងប្អូនប្រជាពលរដ្ឋប្រើប្រាស់ជាធម្មតាវិញ ។

    អគ្គិសនីកម្ពុជាសូមជម្រាបថា ករណីឆេះខ្សែលើបង្គោលអគ្គិសនីចេញពីបញ្ហាដូចខាងក្រោម៖ តាមការស្រាវជ្រាវកន្លងមករបស់អគ្គិសនីកម្ពុជា យើងឃើញថា 80% គឺបណ្តាលមកពីសំណុំប្រព័ន្ធខ្សែកាបអុបទិក ខ្សែកាបទូរទស្សន៍ ខ្សែកាបទូរស័ព្ទ ដែលប្រទាក់ពីលើបង្គោលអគ្គិសនី ។ នៅក្នុងខ្សែកាបផ្សេងៗ វាបញ្ជូនទិន្ន័យតាមរយៈស៊ីញ៉ាល់ ដែលមានមុខងារ ដូចទៅនឹងចរន្តអគ្គិសនី រឺដែនអេឡិចត្រូម៉ាញ៉េទិចដែរ ដូច្នេះនៅពេលដែលស៊ីញ៉ាល់កើនឡើង នៅក្នុងខ្សែកាបអុបទិក វានឹងធ្វើឲ្យខ្សែឡើងក្ដៅ បន្ទាប់មកក៏រលាយអ៊ីសូឡង់ និងបង្កើតឲ្យមានការឆ្លងចរន្តអគ្គិសនី។

    ខាងអគ្គិសនីកម្ពុជា ក៏បានចេញសេចក្តីជូនដំណឹង ដើម្បីឲ្យក្រុមហ៊ុន ខ្សែកាបអុបទិក ខ្សែកាបទូរទស្សន៍ ខ្សែកាបទូរស័ព្ទ ទាំងអស់ រុះរើខ្សែ ដែលមិនប្រើប្រាស់ កាត់ចេញពីបង្គោលអគ្គិសនី។

    សូមជម្រាបថាករណីឆេះខ្សែភ្លើងនេះ អគ្គិសនីកម្ពុជា អះអាងថា គឺបានកើតឡើងដោយយថាហេតុ ហើយមិនមែនបណ្តាលមកពីបញ្ហាបច្ចេកទេសរបស់អគ្គិសនីកម្ពុជានោះទេ គឺជាបញ្ហារបស់ក្រុមហ៊ុនខ្សែកាបទាំងអស់នោះដែលខ្វះគុណភាព និងបច្ចេកទេសបានត្រឹមត្រូវ ៕ អត្ថបទដោយ បងម៉េង

    អត្ថបទ&រូបភាព៖ បងម៉េង ខ្មែរណូត

    Share This Post:
    MPO4D jitutoto mpo4d Mpoplay