គ្រោះថ្នាក់រថយន្តកុងតឺន័របុកម៉ូតូ ហើយអូសជាច្រើនម៉ែត្របែកផ្កាភ្លើងឆេះទាំងឡានទាំងម៉ូតូនោះ ពេលនេះជនរងគ្រោះបានស្លាប់បាត់បង់ជីវិតហើយ
លោកមេភូមិដែលជួបគ្រោះថ្នាក់រថយន្តយីឌុបបុកផ្ទុះឆេះកាលពីយប់មិញនោះ បានទទួលមរណភាពហេីយ ពេលនេះសពបានដឹកមកធ្វេីបុណ្យនៅផ្ទះទល់មុខផ្សារដីថ្មី!
រាជធានីភ្នំពេញ៖ ជនរងគ្រោះម្នាក់ ដែលរងរបួសធ្ងន់ ដោយករណីគ្រោះថ្នាក់ចរាចរណ៍បង្កជាអគ្គិភ័យរវាងរថយន្តកុងតឺន័របុកជាមួយម៉ូតូ១គ្រឿង ហើយត្រូវបានគេដឹកយកទៅសង្គ្រោះនៅ មន្ទីរពេទ្យនោះបានទទួលមរណភាពហើយ។ នេះបើតាមការឲ្យដឹងតាមទូរស័ព្ទពីលោកវរសេនីយ៍ឯក ម៉េង វិមានតារា អធិការនគរបាលខណ្ឌមានជ័យ នៅព្រឹកថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២០។

សូមបញ្ជាក់ថា ករណីអគ្គិភ័យមួយបានឆាបឆេះផ្ដើមចេញពីគ្រោះថ្នាក់ចរាចរណ៍ រថយន្តកុងតឺន័រមួយគ្រឿងបើកបុកម៉ូតូធំ FZ មួយគ្រឿងទៀតកំពុងឆ្លងផ្លូវ បណ្ដាលឲ្យដួលខ្ទាតមនុស្សទៅលើថ្នល់រងរបួសធ្ងន់ និងកិនម៉ូតូអូសជាច្រើនម៉ែត្រ បែកផ្កាភ្លើងឆាបឆេះយ៉ាងសន្ធោសន្ធៅតែម្ដង កាលពីវេលាម៉ោង១១:៣០នាទីយប់ ថ្ងៃព្រហស្បតិ៍ ទី០៧ ខែឧសភា ឆ្នាំ២០២០នេះ នៅលើកំណាត់ផ្លូវវេងស្រេង កែងផ្លូវចូលផ្សារដីថ្មី ស្ថិតក្នុងភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
បើតាមលោកវរសេនីយ៍ត្រី ឯម ភារី មេប៉ុស្តិ៍ស្ទឹងមានជ័យ៣បានប្រាប់ឲ្យដឹងថា ជនរងគ្រោះម្ចាស់ម៉ូតូមានឈ្មោះ ឆេង ឆាន ភេទប្រុស អាយុ៦៤ឆ្នាំ មុខរបរប្រធានភូមិដំណាក់ធំ៥ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ ចំណែកឯអ្នកបើករថយន្តមិនបានស្គាល់អត្តសញ្ញាណទេ បានចុះរត់គេចខ្លួនបាត់ ។
តាមសម្ដីបុរសម្នាក់ជាអ្នករត់ម៉ូតូឌុបដែលអង្គុយចាំដឹកម៉ូយនៅក្រោមសំយ៉ាបផ្ទះគេកែងផ្លូវបត់ចូលផ្សារដីថ្មីជាអ្នកឃើញហេតុការណ៍ផ្ទាល់បានប្រាប់ឲ្យក្រុមការងារខ្មែរណូតដឹងថា នៅមុនពេលកើតហេតុ គាត់ឃើញបុរសម្នាក់ ជិះម៉ូតូធំមួយគ្រឿង ម៉ាក Honda FZ (ត្រូវភ្លើងឆេះខ្ទេចមិនដឹងពាក់ស្លាកលេខប៉ុន្មានទេ) បានធ្វើដំណើរតាមបណ្ដោយផ្លូវវេងស្រេង ទិសដៅពីកើតមកលិច ខណៈមកដល់ចំណុចកើតហេតុ បានបត់ឆ្វេងបំណងទៅផ្លូវផ្សារដីថ្មី ស្រាប់តែមានរថយន្តសណ្ដោងកុងតឺន័រធុនធំមួយគ្រឿង ធ្វើដំណើរតាមបណ្ដោយផ្លូវវេងស្រេង ទិសដៅពីលិចមកកើតក្នុងល្បឿនលឿនល្មម ជ្រុលទៅបុកម៉ូតូខាងលើចំពីចំហៀងពេញទំហឹង បណ្ដាលឲ្យបុរសម្នាក់ជាម្ចាស់ម៉ូតូរងរបួសធ្ងន់ រីឯរថយន្តបង្កបានកិនម៉ូតូអូសប្រហែល១០ម៉ែត្រ ធ្វើឲ្យបែកផ្កាភ្លើងឆាបឆេះរថយន្តនិងម៉ូតូយ៉ាងសន្ធោសន្ធៅតែម្ដង ។

ភ្លាមៗនោះតៃកុងរថយន្តបង្ក និងព្រូ បានចុះមកជួយលើកជនរងគ្រោះម្ចាស់ដាក់លើចញ្ចើមផ្លូវ ហើយនាំគ្នាគេចខ្លួនបាត់ស្រមោលអស់ទៅ បន្សល់តែជនរងគ្រោះត្រូវបានរថយន្តគិលានសង្គ្រោះគ្លីនិកឯកជនរស្មី មកដឹកយកទៅកាន់មន្ទីរពេទ្យផងដែរ ដោយសារស្ថានភាពរបួសធ្ងន់ធ្ងរពេក ក៏បញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យព្រះកុសុមៈ(ហៅពេទ្យលោកសង្ឃ)។
ក្រោយមករថយន្តពន្លត់អគ្គិភ័យចំនួន៤គ្រឿង បានមកដល់កន្លែងកើតហេតុបន្តបន្ទាប់គ្នា មានដូចជារថយន្តពន្លត់អគ្គិភ័យរបស់កងរាជអាវុធហត្ថរាជធានីភ្នំពេញ ចំនួន២គ្រឿង និងរថយន្តពន្លត់អគ្គិភ័យរបស់ការិយាល័យបង្ការនិងពន្លត់អគ្គិភ័យ នៃស្នងការនគរបាលរាជធានីភ្នំពេញ ចំនួន២គ្រឿង ដោយធ្វើការបាញ់ទឹកពន្លត់អស់ទាំង៤គ្រឿង ទើបរលត់ទៅវិញជាស្ថាពរ ។ ក្រោយកើតហេតុ កម្លាំងសមត្ថកិច្ចមូលដ្ឋាន បានប្រគល់ឲ្យសមត្ថកិច្ចជំនាញ ចុះមកវាស់វែង និងស្ទូចយករថយន្តរួមទាំងម៉ូតូ យកទៅរក្សាទុកបណ្ដោះអាសន្ន នៅការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដេីម្បីស្រាវជ្រាវរកម្ចាស់រថយន្តចូលខ្លួនដោះស្រាយគ្នាតាមផ្លូវច្បាប់ ។
ជាអកុសលដោយស្ថានភាពរបួសធ្ងន់ធ្ងរពេក លោក ឆេង ឆាន មេភូមិដំណាក់ធំ៥ សង្កាត់ស្ទឹងមានជ័យទី៣ ក៏បានទទួលមរណភាពហើយ បច្ចុប្បន្នសពរបស់គាត់បានដឹកមកដល់គេហដ្ឋានរបស់គាត់ហើយ ដែលស្ថិតក្នុងភូមិដំណាក់ធំ២(ទល់មុខផ្សារដីថ្មី ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ សូមអស់លោកឯកឧត្តម លោកជំទាវ លោក លោកស្រីទាំងអស់ចូលរួមរំលែកទុក្ខដល់គ្រួសារសពផង ៕


អត្ថបទ&រូបភាព៖ បងម៉េង ខ្មែរណូត