កង់បីឥណ្ឌាវ៉ាជែងក្នុងល្បឿនលឿន ជ្រុលបុកផ្ទប់បង្កាន់ដៃស្ពានអាកាស៧មករា រួញជាប់តៃកុង និងបែកមុខអ្នកជិះ
រាជធានីភ្នំពេញ ៖ ស្ដែងៗណាស់! បុរសម្នាក់បានបើកកង់បីឥណ្ឌា ដោយមានដឹកបុរសម្នាក់ទៀតក្នុងល្បឿនយ៉ាងលឿន ហើយបានប្រឹងគេចពីរថយន្តមួយគ្រឿង ដោយខ្វះការប្រុងប្រយ័ត្ននោះ ទាំងមិនបន្ថយល្បឿន ក៏ជ្រុលទៅបុកបង្កាន់ដៃស្ពានអាកាស៧មករាពេញទំហឹង បណ្ដាលឲ្យបោកផ្ទប់រួញចូលគ្នាគាបអ្នកបើកបរ ជាប់ក្នុងកង់បីរងរបួសធ្ងន់ ចំណែកអ្នករួមដំណើររងរបួសមធ្យមបែកមុខ បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋរាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋានចុះអន្តរាគមន៍ផងដែរ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះបានកើតឡើងកាលពីវេលាម៉ោង០២:២០នាទីយប់ រំលងអធ្រាត្រឈានចូលថ្ងៃសៅរ៍ ទី៩ ខែឧសភា ឆ្នាំ២០២០ នៅចំណុចគល់ស្ពានអាកាស៧មករា(ត្រើយខាងលិច) តាមមហាវិថីសហព័ន្ធរុស្ស៊ី ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញបុរសម្នាក់រួមដំណើរជាមួយបុរសម្នាក់ទៀតបើកកង់បីឥណ្ឌា ពណ៌លឿង ពាក់ស្លាកលេខភ្នំពេញ 1HY-9358 ធ្វើដំណើរក្នុងទិសដៅពីលិចទៅកើតក្នុងល្បឿនយ៉ាងលឿន លុះមកដល់ចំណុចកើតហេតុខាងលើក៏បានគេចពីរថយន្តមួយគ្រឿង ធ្វើឱ្យរេចង្កូតមកខាងស្តាំដៃ ជ្រុលទៅបុកបង្កាន់ដៃស្ពានអាកាសពេញទំហឹង បណ្ដាលឲ្យអ្នកបើកបរគាបជាប់រងរបួសធ្ងន់ ត្រូវបានបងប្អូនប្រជាពលរដ្ឋ និងសមត្ថកិច្ចជួយគាស់ចេញ រួចទំនាក់ទំនងទៅរថយន្តសង្គ្រោះបន្ទាន់ មកយកជនរងគ្រោះទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាមៗ ចំណែកកង់បីឥណ្ឌា រងការខូចខាតរួញខ្ទេចស្ទើរទាំងស្រុង។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយកកង់បីទៅរក្សាទុកបណ្ដោះអាសន្ន នៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការនគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ៕

អត្ថបទ&រូបភាព៖ បងម៉េង ខ្មែរណូត