ក្មេងប្រុសស្រីកំពុងពេញស្រលាញ់ ៣នាក់បងប្អូនជីដូនមួយ រត់លេងឆ្ងាយពីផ្ទះ បែរជាលង់ទឹករណ្ដៅបូមខ្សាច់ នៅផ្លូវ៦០ម៉ែត្រ, លើកមុនក៏មានក្មេងប្រុស២នាក់លង់ស្លាប់ផងដែរ
រាជធានីភ្នំពេញ៖ អាសូរកូនប្រុសស្រីជាទីស្រលាញ់៣នាក់បងប្អូនជីដូនមួយបង្កើតបានស្លាប់យ៉ាងអាណោចអាធ័ម ខណៈដែលឪពុកម្តាយមានការធ្វេសប្រហែសមមាញឹក និងការងាររបរចិញ្ចឹមជីវិតផងនោះ ក៏បណ្តាលឲ្យកូនប្រុសស្រីនាំគ្នាដើរលេងឆ្ងាយពីផ្ទះ និងចូលទៅរត់លេងក្នុងបរិវេណដេប៉ូខ្សាច់មួយកន្លែង បែរជាលង់ទឹករណ្ដៅបូមខ្សាច់មានជម្រៅជិត៣ម៉ែត្រ លង់ស្លាប់ទាំងបីរនាក់បងប្អូនតែម្ដង ។

បើតាមសម្ដីលោក អុំ រតនា មេប៉ុស្តិ៍ចាក់អង្រែលើបានប្រាប់ឲ្យដឹងថា ហេតុការណ៍គួរអោយសង្វេគខាងលើនេះបានកើតឡើងកាលពីម៉ោងជិត៦ព្រលប់ ថ្ងៃសុក្រ ទី០៨ ខែឧសភា ឆ្នាំ២០២០នេះ នៅចំណុចដេប៉ូខ្សាច់គ្មានច្បាប់ដ៏ធំមួយកន្លែង ស្ថិតនៅខាងត្បូងសំណង់មិនរៀបរយ ភូមិព្រែកតាគង់៣ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
កុមាររងគ្រោះស្លាប់ទាំង៣នាក់នេះរួមមាន ៖ ១.ឈ្មោះ លី បុប្ផា ភេទស្រី អាយុ០៣ឆ្នាំ ជនជាតិខ្មែរ ទីលំនៅផ្ទះគ្មានលេខ ផ្លូវលំ ភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ មុខរបរនៅផ្ទះ ។ ២.ឈ្មោះ គិត ដារ៉ា ភេទប្រុស អាយុ០៤ឆ្នាំ និងទី៣.ឈ្មោះ គិត រ៉ូស្សា ភេទស្រី អាយុ០៥ឆ្នាំ ជនជាតិខ្មែរ (ទាំងពីរនាក់ជាបងប្អូនបង្កើត) រស់នៅក្នុងបន្ទុកជាមួយឪពុកម្ដាយនៅផ្ទះគ្មានលេខ ផ្លូវលំ ភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ (ទាំងបីនាក់ជាបងប្អូនជាដូនមួយបង្កើត)។
សូមបញ្ជាក់ថាករណីលង់ទឹករណ្ដៅបូមខ្សាច់នេះមិនមែនជាលើកទី១នោះទេ ស្ត្រីចំណាស់ម្នាក់បានមកអង្គុយរៀបរាប់ប្រាប់ដំណើររឿងកូនប្រុសរបស់គាត់២នាក់ ដែលបានលង់ទឹកនៅរណ្ដៅខ្សាច់នេះដែរ កាលពី៧,៨ខែមុន ទាល់តែមានគេបង់សំណាញ់រកត្រី បែរជាបង់បានកូនរបស់គាត់លង់ទឹកស្លាប់ទៅវិញ។

តាមសម្តីជនរងគ្រោះបានរៀបរាប់ប្រាប់ក្រុមការងារខ្មែរណូតថា មុនពេលកើតហេតុ គេឃើញឈ្មោះ លន់ លី បានត្រឡប់មកពីធ្វើការសំណង់មិនឃើញកូនស្រីនៅផ្ទះ ក៏បានដើររកនៅក្នុងភូមិក្បែរផ្ទះ រហូតដល់ការដ្ឋានបូមខ្សាច់របស់ឈ្មោះ សុខទៀង ភេទប្រុស អាយុ៥០ឆ្នាំ នៅចំណុចកើតហេតុខាងលើ ស្រាប់តែឃើញកូនស្រីឈ្មោះ លី បុប្ផា និង ក្មេងប្រុសម្នាក់ទៀតឈ្មោះ គិត ដារ៉ា (ជាកូនរបស់ឈ្មោះ គិត ផល្លា ហៅ ចេក) លង់ទឹកស្លាប់អណ្តែតក្នុងរណ្តៅបូមខ្សាច់ ក៏ស្រែកឆោឡោឡើង ក្នុងពេលនោះបុរសជាឪពុកបានស្ទុះទៅស្រង់កូនពីក្នុងទឹក ដើម្បីប្រញាប់យកមកធ្វើចលនាអោយទឹកចេញតាមមាត់ដែរ ប៉ុន្តែជាអកុសលវាហួសពេលបាត់ទៅហើយ មិនដឹងថាកូនប្រុសស្រីរបស់គាត់ទាំងពីរ និងក្មេងម្នាក់ទៀតជាក្មួយស្រីរបស់ខ្លួន បានស្លាប់តាំងពីពេលណានោះទេ ទើបរាយការណ៍ប្រាប់សមត្ថកិច្ចនគរបាលប៉ុស្តិ៍ចាក់អង្រែលើឲ្យបានដឹង ។ បន្ទាប់មកកម្លាំងការិយាល័យនគរបាល បច្ចេកទេសវិទ្យាសាស្រ្ត នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងលោកឧកញ៉ាវេជ្ជបណ្ឌិត នង សុវណ្ណារ័ត្ន គ្រូពេទ្យកោសល្យវិច័យរាជធានីភ្នំពេញ បានចុះមកពិនិត្យលើកសាកសពក្មេងទាំង០៣នាក់ ពុំមានស្លាកស្នាមអ្វីគួអោយកត់សម្គាល់នោះទេ ទើបដាក់ការសន្និដ្ឋានថាក្មេងរងគ្រោះទាំង៣នាក់ ពិតជាបានស្លាប់ ដោយការលង់ទឹកពិតប្រាកដមែន។
ក្រោយពិនិត្យចប់សពក្មេងទាំង៣នាក់ សមត្ថកិច្ចបានប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ដោយមិនបានជួយដឹកសពទៅវត្តទេ បែរជាប្រាប់សាច់ញាតិថា “បីជិះម៉ូតូទៅស្រួល” ទើបនាំគ្នាអុចអូប រួចចាប់បីសពកូនប្រុសស្រីម្នាក់មួយ កាត់តាមវាលខ្សាច់ទៅដល់មុខផ្ទះ រួចដាក់សពក្មេងទាំងបីតាមម៉ូតូរ៉ឺម៉ក មើលទៅអាណោចអាធ័មខ្លាំងណាស់ មុនយកទៅតម្កល់រងចាំធ្វើបុណ្យតាមប្រពៃណី នៅវត្តចាក់អង្រែក្រោម នាព្រឹកថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២០នេះ ៕

អត្ថបទ៖ បងម៉េង ខ្មែរណូត