ស្ត្រីម្នាក់សម្រាលកូនដោយខ្លួនឯងក្នុងបន្ទប់ទឹក ដោយមិនដឹងមូលហេតុ ហើយគេចខ្លួនបាត់ បន្សល់ទារកកំសត់ស្រែកយំម្នាក់ឯងមួយសន្ទុះក៏ស្លាប់បាត់ទៅ
រាជធានីភ្នំពេញ៖ មានរឿងគួរឱ្យភ្ញាក់ផ្អើលមួយ ដោយស្ត្រីជាម្ដាយម្នាក់បានសម្រេចចិត្តសម្រាលកូនក្នុងបន្ទប់ទឹកដោយខ្លូនឯង ដោយមិនដឹងមូលហេតុអ្វី ឬក៏កើតមកមិនគ្រប់ខែនោះទេ ហើយគេចខ្លួនចេញទៅបាត់បន្សល់ទុកទារកកំសត់នៅលើកន្លែងលាងដៃក្នុងបន្ទប់ទឹកនោះ ស្រែកយំ ង៉ាៗ មួយសន្ទុះក្រោយមកក៏ដាច់ខ្យល់ស្លាប់បាត់ទៅ ទើបបង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចចុះពិនិត្យមើលផងដែរ។

ហេតុការណ៍ដ៏ភ្ញាក់ផ្អើលនេះ បានកើតឡើងនៅវេលាម៉ោង០១:១០នាទីរសៀល ថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២០នេះ នៅចំណុចបន្ទប់ទឹកផ្សារឯកជនថ្មីមួយកន្លែង នៅជាប់អាហារដ្ឋានសែនសប្បាយ ផ្លូវបេតុង ភូមិឬស្សី សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ សេចក្ដីរាយការណ៍បឋមបានអោយក្រុមការងារខ្មែរណូតដឹងថា ហេតុការណ៍នោះបានធ្វើឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់កម្លាំងសមត្ថកិច្ចប៉ុស្តិ៍ស្ទឹងមានជ័យទី៣ ចុះត្រួតពិនិត្យមើល និងរាយការណ៍ប្រាប់សមត្ថកិច្ចជំនាញ ផ្នែកកោសល្យវិច្ឆ័យ ចុះមកពិនិត្យមើលបន្ត ។
ប្រជាពលរដ្ឋប្រជាពលរដ្ឋដែលរស់នៅក្បែរនោះ មានការងឿងឆ្ងល់ជាខ្លាំង នូវទង្វើស្រ្តីជាម្តាយចិត្តខ្មៅម្នាក់ ដែលបានបង្កើតកូនហើយ ទុកកូនចោលបែបនេះទៅវិញ ។
សមត្ថកិច្ចនគរបាលខណ្ឌមានជ័យកំពុងធ្វើការប្រមូលព័ត៌មានជុំវិញកន្លែងកើតហេតុ ដើម្បីស្រាវជ្រាវតាមជំនាញ ខណៈដែលកន្លែងកើតហេតុ សមត្ថកិច្ចបានធ្វើការហ៊ុមព័ទ្ធខ្សែរងចាំខាងកោសល្យវិច្ឆ័យចុះមកពិនិត្យមើលផងដែរ សូមរងចាំដំណឹងបន្ថែម៕

អត្ថបទ&រូបភាព៖ បងម៉េង ខ្មែរណូត