សូមកុំច្រលំ! អគ្គស្នងការដ្ឋាននគរបាលជាតិ បញ្ជាក់ថា មិនមានការពន្យារ ឬលើកពេលពិន័យឡាន ម៉ូតូ ដែលគ្មានបណ្ណបើកបរឡើយ
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា មានប្រព័ន្ធទំនាក់ទំនងសង្គមមួយចំនួនបានបង្ហោះឃ្លីបសារសំលេងរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍សន្តិបណ្ឌិត អគ្គស្នងការនគរបាលជាតិ ដែលមានខ្លឹមសារថា “អគ្គស្នងការដ្ឋាននគរបាលជាតិ ប្រកាសលើកពេលពិន័យឡាន ម៉ូតូ ដែលគ្មានបណ្ណបើកបរ” ដោយការផ្សព្វផ្សាយនេះនាំឲ្យអ្នកប្រើប្រាស់ផ្លូវមានការភ័ន្តច្រឡំចំពោះការរឹតបន្តឹងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកក្នុងស្ថានភាពថ្មី ហើយក៏អាចមានន័យផងដែរថា មានចេតបង្កការរាំងស្ទះដល់ការអនុវត្តច្បាប់របស់សមត្ថកិច្ច និងមានឥទ្ធិពលអវិជ្ជមានដល់បរិយាកាសសង្គមទៀតផង។

ចាប់តាំងពីថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២០ រហូតមកដល់ពេលនេះ អគ្គស្នងការដ្ឋាននគរបាលជាតិពុំបានប្រកាស ឬដាក់ចេញនូវគោលការណ៍ពន្យា ឬលើកពេលក្នុងការត្រួតពិនិត្យ និងពិន័យចំពោះករណីគ្មានបណ្ណបើកបរនោះទេ ហើយកិច្ចការនេះ ត្រូវបាននឹងកំពុងបន្តចាត់តាំងអនុវត្តយ៉ាងម៉ឺងម៉ាត់បំផុត។ ដូច្នេះ សូមសាធារណជន និងអ្នកប្រើប្រាស់ផ្លូវទាំងអស់ កុំមានការភ័ន្តច្រឡំអោយសោះ៕


អត្ថបទ៖ សេម