ឃាត់ខ្លួនក្រុមអ្នកលេងដាវសាម៉ូរៃបាន២នាក់ក្នុងចំណោម៥នាក់
ខេត្តបាត់ដំបង ៖ កម្លាំងអន្តរាគមន៍នៃស្នងការដ្ឋានខេត្តនគរបាលខេត្តបាត់ដំបង ដឹកនាំដោយលោកវរសេនីយ៍ទោ ឈឿង គឹមសុង ប្រធានការិយាល័យព្រហ្មទណ្ឌកំរិតស្រាល បានធ្វើការឃាត់ខ្លួនក្រុមអ្នកលេងកាំបិត ដាវសាម៉ូរ៉ៃចំនួន២នាក់ ខណៈពួកគេកំពុងធ្វើសកម្មភាពទៅលើជនរងគ្រោះ។

ករណីហិង្សានេះបានបង្កឡើងនៅក្បែរវិទ្យាល័យនេតយ៉ង់ចំណុចភូមិព្រែកព្រះស្តេច សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង ខេត្តបាត់ដំបង កាលពីវេលាម៉ោង១១ និង៤០នាទីយប់ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២០។
ជនសង្ស័យមានឈ្មោះ៖ទី១-ហៃ ចាន់ឌី ភេទប្រុស អាយុ២២ឆ្នាំ មានទីលំនៅក្នុងភូមិបោះពោធិ៍ ឃុំអូរដំបង១ ស្រុកសង្កែ ខេត្តបាត់ដំបង ទី២-ឈ្មោះពុំ ពេជ្រ ភេទប្រុស អាយុ២១ឆ្នាំ ស្នាក់នៅបណ្តោះអាសន្នក្នុងភូមិ១៣មករា សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង រីឯបក្ខពួក៣នាក់ទៀតរត់គេចខ្លួនបាត់។
ចំណែកជនរងគ្រោះមានគ្នាពីរនាក់ទី១-ឈ្មោះ សៀក សៀត ស៊ីឆាវ ភេទប្រុស អាយុ១៧ឆ្នាំ របួសកែងដៃ ត្រូវនឹងដំថ្ម ទី២-ឈ្មោះ សេង ង៉ូវ ភេទប្រុស អាយុ១៧ ខូចខាតម៉ូតូស្ទើរអស់ទាំងស្រុង នាក់ទាំងពីរមានទីលំនៅក្នុងភូមិច្រាបក្រសាំង សង្កាត់វត្តគរ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
វត្ថុតាងដែលសមត្ថកិច្ចដកហូតបានរួមមាន៖កាំបិតច្នៃដងឈើ ២ដើម និងម៉ូតូហុងដាឌ្រីម សេរីឆ្នាំ២០១៤ ពណ៌ខ្មៅ ១គ្រឿង ដែលជនសង្ស័យជិះធ្វើសកម្មភាព។ បច្ចុប្បន្នជនសង្ស័យទាំងពីរនាក់ត្រូវបានកម្លាំងនគរបាលជំនាញកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តដើម្បីផ្តន្ទាទោសទៅតាមនិតិវិធី៕

អត្ថបទ៖ បងម៉េង ខ្មែរណូត