បើកឡានសុខៗ ស្រាប់តែមានម៉ូតូជិះឆ្លងបញ្ច្រាសទិស ធ្វើឲ្យតៃកុងឡានសុខចិត្តគេចម៉ូតូជ្រុលទៅបុករបាំងថ្ម បណ្តាលឲ្យផ្ទុះកង់ និងបាក់កាឡេកង់មុខ
រាជធានីភ្នំពេញ ៖ ករណីគ្រោះថ្នាក់ចរាចរណ៍មួយបង្កឡើងដោយ រថយន្តម៉ាកកូរ៉ូឡាមួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ 2AH-4157 បើកគេចពីម៉ូតូ ក៏ងាកចង្កូតមកស្ដាំដៃជ្រុលទៅបុកប៉ះរបាំងថ្មពុះចែកទ្រូងផ្លូវ បណ្តាលឲ្យផ្ទុះកង់ និងបាក់កាឡេកង់មុខផ្នែកខាងឆ្វេង ចំណែកឯទ្រូងផ្លូវខូចខាតបន្តិចតែប៉ុណ្ណោះ តែសំណាងល្អដែលអ្នកបើកបរមិនរបួសនោះទេ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងនៅវេលាម៉ោង០៩:០៥នាទីយប់ ថ្ងៃអាទិត្យ ទី១០ ខែឧសភា ឆ្នាំ២០២០នេះ នៅត្រង់ចំណុចទល់មុខអាគារមជ្ឈមណ្ឌលព្រីនស៍ផ្លាហ្សា ស្ថិតតាមបណ្ដោយផ្លូវព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
សាក្សីដែលឃើញហេតុការណ៍ផ្ទាល់បានរៀបរាប់ថា នៅមុនពេលកើតហេតុ គេបានឃើញរថយន្តមួយគ្រឿង ម៉ាក TOYOTA COROLLA ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AH-4157 បើកបរដោយបុរសមិនស្គាល់អត្តសញ្ញាណម្នាក់ ធ្វើដំណើរពីជើងទៅត្បូង ក្នុងល្បឿនលឿនល្មម លុះមកដល់ចំណុចកើតហេតុ ស្រាប់តែមានម៉ូតូមួយគ្រឿងទៀត ជិះឆ្លងបញ្ច្រាសទិស ដោយសារតែមិនចង់ឲ្យមានគ្រោះថ្នាក់ចរាចរណ៍ ទើបម្ចាស់រថយន្តបានសម្រេចចិត្ត គេចពីម៉ូតូខាងលើ ក៏ជ្រុលចង្កូតទៅបុកប៉ះរបាំងថ្មតែម្តង បណ្តាលឲ្យផ្ទុះកង់ផ្នែកខាងមុខ រួមទាំងបាក់កាឡេផ្នែកខាងឆ្វេង បើកទៅមុខលែងរួច រីឯរបាំងថ្មគ្រាន់តែកកិតបន្តិចបន្តួចតែប៉ុណ្ណោះ មិនបណ្ដាលឲ្យអ្នកបើកបរ រងរបួសនោះទេ បង្កការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋ និងបងប្អូនកម្មករសំណង់ដែលនៅក្បែរនោះ ជួយលើករំកិលរថយន្តមកអែបខាងសិនផងដែរ។
បច្ចុប្បន្នក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុ ពិនិត្យមើលជាក់ស្ដែង គឺរបាំងថ្មមិនមានខូចខាតអ្វីទេ ទើបអនុញាតិឲ្យម្ចាស់រថយន្តយករថយន្តបង្កទៅជួសជុលដោយខ្លួនឯងបាត់ទៅ៕

អត្ថបទ&រូបភាព៖ បងម៉េង ខ្មែរណូត