ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    បុរសម្នាក់ធ្លាក់ពីអាគារជាន់ទី៧ ពីលើសណ្ឋាគារនៅជិតផ្សារដើមគ ដោយមិនដឹងមូលហេតុ បង្កការភ្ញាក់ផ្អើល

    BY Khmernote Media May 11, 2020
    បុរសម្នាក់ធ្លាក់ពីអាគារជាន់ទី៧ ពីលើសណ្ឋាគារនៅជិតផ្សារដើមគ ដោយមិនដឹងមូលហេតុ បង្កការភ្ញាក់ផ្អើល

    រាជធានីភ្នំពេញ ៖ ផ្អើលក្រុមសន្តិសុខសណ្ឋាគារនិងភោជនីយដ្ឋាន ឈូកទិព្វ និង Lucky Star ហៅរថយន្តសាមុយមកដឹក បុរសម្នាក់ ដែលរងរបួសធ្ងន់ បន្ទាប់ពីធ្លាក់ពីលើអាគារជាន់ទី៧ មកចំសំយ៉ាបខាងក្រៅ (ដោយមិនទាន់ដឹងមូលហេតុអ្វីនោះទេ) រួចបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យកាល់ម៉ែតភ្លាមៗ ទើបមានប្រជាពលរដ្ឋ ដែលឃើញហេតុការណ៍រាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋានខណ្ឌទួលគោក ចុះមកពិនិត្យមើល ។

    ហេតុការណ៍នេះបានបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោងជិត១១យប់ ថ្ងៃអាទិត្យ ទី១០ ខែឧសភា ឆ្នាំ២០២០នេះ នៅចំណុចអគារជាន់ទី៧ សណ្ឋាគារ Lucky Star រួមទាំងភោជនីយដ្ឋាន និងសណ្ឋាគារ ផ្កាឈូកទិព្វ(២) ស្ថិតតាមបណ្ដោយផ្លូវលេខ៣៣៦ ស្ថិតក្នុងសង្កាត់ផ្សារដើមគ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

    យោងតាមប្រភពពីកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ គេបានលឺសម្លេងមនុស្សប្រុសស្រីឈ្លោះប្រកែកគ្នាយ៉ាងខ្លាំង ចេញពីលើអាគារផ្កាឈូកទិព្វ តែមិនដឹងច្បាស់ថា ជាន់ទីប៉ុន្មាននោះទេ ស្រាប់តែមួយសន្ទុះក្រោយមក ក៏លឺសម្លេងប្រាវ ក៏នាំគ្នាដើរទៅអឺតមើលឃើញមនុស្សធ្លាក់ចុះពីលើអាគារមកពីលើយាបខាងក្រៅជាន់ទី២ ក៏នាំគ្នាស្រែកឆោឡោថា “មានមនុស្សធ្លាក់មកជាប់លើសំយាបហើយ” ហើយក៏ប្រកាច់ផុសធ្លាក់ចុះមកក្រោមតែម្ដង ទើបនាំគ្នារត់ទៅមើល ឃើញជនរងគ្រោះបែកក្បាល ដេកក្នុងថ្លុកឈាម ដកដង្ហើមចង្រឹតទៅហើយ ពេលនោះបងប្អូនប្រជាពលរដ្ឋនាំគ្នាជួយរឹតទ្រូង ជនរងគ្រោះក៏បានបើកភ្នែកដឹងខ្លួនបានបន្តិច ក៏សន្ទប់បាត់មាត់បាត់ក តែនៅដកដង្ហើម ទើបព្យាយាមទាក់ទងហៅរថយន្តសង្គ្រោះរបស់មន្ទីរពេទ្យកាល់ម៉ែត មកដឹកយកទៅមន្ទីពេទ្យសង្គ្រោះជីវិតភ្លាមៗតែម្តង ។

    ក្រោយមកគេឃើញកម្លាំងសមត្ថកិច្ចនគរបាលខណ្ឌទួលគោក និងមានកម្លាំងអាវុធហត្ថខណ្ឌទួលគោក បានចុះទៅកន្លែងកើតហេតុបន្តបន្ទាប់គ្នា ដើម្បីប្រមូលព័ត៌មាន តែខាងក្រុមសន្តិសុខដែលយាមរថយន្តនៅខាងក្រៅ នៃភោជនីយដ្ឋាន និងសណ្ឋាគារឈូកទិព្វ កើតហេតុខាងលើ ហាក់បីដូចជាមានការលាក់បាំងព័ត៌មាន ដោយអោយអ្នកអនាម័យបោសសម្អាតចាក់ទឹកលាងឈាមរបស់ជនរងគ្រោះឡើងស្អាតអស់ទៅហើយ មុនសមត្ថកិច្ចចុះមកដល់ នៅតែដែកសំយ៉ាបប្រក់ស័ង្កសីដែលធ្លុះធ្លាយធ្លាក់ជនរងគ្រោះប៉ុណ្ណោះ មិនទាន់អាចជួសជុលបានភ្លាមៗឡើយ ទើបបង្កការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋចោមរោមពេញកន្លែងកើតហេតុ ។

    ក្នុងនោះដែរកម្លាំងនគរបាលមូលដ្ឋាន ក៏មិនទាន់បញ្ជាក់អោយដឹងច្បាស់នៅឡើយទេថា ករណីបុរសម្នាក់ធ្លាក់ពីអាគារជាន់ទី៧ នៃភោជនីយដ្ឋាន និងសណ្ឋាគារផ្កាឈូកទិព្វខាងលើនេះ ជាករណីអត្តឃាត ឬឃាតកម្មនោះទេ ព្រោះសមត្ថកិច្ចជំនាញកំពុងសហការគ្នាជាមួយផ្នែកកោសល្យវិច្ឆ័យ នៃស្នងការនគរបាលរាជធានីភ្នំពេញ កំពុងឡើងទៅពិនិត្យមើលនិងស្រាវជ្រាវតាមកាមេរ៉ាសុវត្ថិភាព ដើម្បីបញ្ជាក់ឲ្យកាន់តែច្បាស់ថាជាករណីអ្វីអោយប្រាកដ៕

    អត្ថបទ&រូបភាព៖ បងម៉េង ខ្មែរណូត

    Share This Post:
    MPO4D jitutoto mpo4d Mpoplay