ដើមអង្កាញ់ដ៏ធំមួយដើម បាក់រលំនៅជិតស្ថានទូតចិន ដោយសារភ្លៀង និងខ្យល់បក់ខ្លាំងពេក
រាជធានីភ្នំពេញ ៖ ដើមអង្កាញ់ដ៏ធំមួយដើម ដែលដុះនៅលើចិញ្ចើមផ្លូវទល់មុខស្ថានទូតចិន បានដួលរលំកាត់ទទឹងផ្លូវម៉ៅសេទុង ខណៈពេលមេឃកំពុងតែភ្លៀងធ្លាក់ខ្លាំង និងខ្យល់បក់បោកយ៉ាងខ្លាំងផងដែរ សំណាងល្អមិនបង្កឱ្យគ្រោះថ្នាក់ដល់អ្នកដំណើរតាមផ្លូវឡើយ ។

ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលកាលវេលាម៉ោង០៦:១០នាទីព្រឹកព្រលឹម ថ្ងៃពុធ ទី១៣ ខែឧសភា ឆ្នាំ២០២០នេះ នៅចំណុចទល់មុខស្ថានទូតចិន តាមផ្លូវម៉ៅសេទុង ក្នុងសង្កាត់ទួលស្វាយព្រៃទី២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។
បើតាមសម្ដីកម្លាំងសន្តិសុខសណ្ដាប់ធ្នាប់ខណ្ឌបឹងកេងកងបានប្រាប់ឲ្យក្រុមការងារខ្មែរណូតដឹងថា អំឡុងពេលដែលកំពុងតែមានភ្លៀងធ្លាក់ខ្លាំង និងមានខ្យល់បក់កន្ត្រាក់ខ្លាំងផងដែរនោះ បានធ្វើឲ្យដើមអង្កាញ់ដ៏ធំមួយដើម ដែលដុះលើចិញ្ចើមផ្លូវ ទល់មុខស្ថានទូតចិន បាក់គល់ដួលរលំទទឹងលើផ្លូវម៉ៅសេទុងតែម្តង។ ក្នុងហេតុការណ៍ដួលរលំដើមឈើដ៏ធំមួយដើមនេះដែរ មិនបានបង្កឲ្យអ្នកដំណើរតាមផ្លូវណាម្នាក់រងគ្រោះថ្នាក់ឡើយ ព្រោះម៉ោងកើតហេតុនោះ ពុំទាន់ឃ់ញមានប្រជាពលរដ្ឋចេញមកធ្វើដំណើរទៅណាមកណានៅឡើយ ។
បច្ចុប្បន្នក្រោយពេលមានកើតហេតុ គេឃើញកម្លាំងសមត្ថិច្ចមូលដ្ឋាន និងកម្លាំងសណ្ដាប់ធ្នាប់ខណ្ឌបឹងកេងកង បានចុះមកដល់កន្លែងដើមឈើរលំ ធ្វើការបញ្ច្រាសចរាចរណ៍សិន កុំឲ្យមានការកកស្ទះ ដោយកម្លាំងសណ្ដាប់ធ្នាប់ បានយករណាមកកាត់ដើមឈើយកចេញបណ្ដើរៗផងដែរ៕




អត្ថបទ&រូបភាព៖ បងម៉េង ខ្មែរណូត