សាលារៀនអន្តរជាតិ Kids Castle ប្រកាសបិទទ្វារក្ស័យធន់ ព្រោះគ្មានលុយបង់ថ្លៃជួលអគារ ខណៈផ្អាកដោយសារទប់ស្កាត់កូវីដ១៩ តែត្រូវបង់ថ្លៃជួលពេញឲ្យម្ចាស់អគារ ១០០% ជារៀងរាល់ខែ
- June 27, 2020
ស្របពេលដែលវិបត្តិនៃការរីករាលដាលជំងឺ កូវីដ-១៩ នៅលើពិភពលោកហាក់នៅមិនទាន់មានការថមថយនៅឡើយនោះ កម្ពុជាក៏មិនទាន់មានការអនុញ្ញាតអោយមានការបើកសាលារៀនឡើងវិញនៅឡើយទេ ដោយបច្ចុប្បន្នសិស្សទាំងអស់ត្រូវសិក្សាតាមកម្មវិធីអនឡាញ។ ថ្មីៗនេះដែរ សាលារៀនអន្តរជាតិមួយដែលមានឈ្មោះថា សាលារៀនអន្តរជាតិ Kids Castle បានប្រកាសបិទទ្វារ ដោយសារតែក្ស័យធន់ គ្មានលទ្ធភាពទ្រាំទ្រនឹងការចំណាយទៅលើថ្លៃជួលអគារ (ពេញ១០០%) ជារៀងរាល់ខែ និងប្រាក់ឧបត្ថម្ភបុគ្គលិកគ្រូៗ។ យោងតាមការចុះផ្សាយរបស់ សាលារៀនអន្តរជាតិ Kids Castle នៅលើបណ្តាញសង្គម Facebook បានអោយដឹងថា៖
“សាលារៀនអន្តរជាតិឃីដខាសលយើងខ្ញុំ សូមគោរជូនដំណឹងដល់សាធារណជន ជាពិសេសអាណាព្យាបាលសិស្សទាំងអស់ឱ្យបានជ្រាបថាសលារៀនយើងខ្ញុំនឹងបិទជាអចិន្ត្រៃយ៍នៅទីតាំងអគារលេខ 95-97 ផ្លូវលេខ7 បុរីពិភពថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោប្កចាប់ពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២០ ដោយសារក្ស័យធន់។
មូលហេតុ : មិនអាចទ្រាំទ្រនឹងការចំណាយទៅលើថ្លៃជួលអគារ (ពេញ១០០%) ជារៀងរាល់ខែ និងប្រាក់ឧបត្ថម្ភបុគ្គលិកគ្រូៗ ខណះពេលដែលសាលាបិទដោយគ្មានកាលកំណត់ច្បាស់លាស់ពីការអនុញ្ញាតឱ្យបើកឡើងវិញពីក្រសួងអប់រំយុវជន និងកីឡា។
ស្ថានភាពបច្ចុប្បន្ន: រុះរើចេញពីអគារសាលារៀនបច្ចុប្បន្ន
ផែនការអនាគត : សម្លឹងមើលទីតាំងថ្មីសំរាប់ការរៀបចំសាលាឡើងវិញនៅក្នុងពេលវេលាដ៏សក្តិសម។
ក្នុងនាមខ្ញុំជានាយិការសាលារៀន មានការសោកស្តាយ និងឈឺចាប់ផ្លូវចិត្តយ៉ាងខ្លាំង ហើយធ្វើការសំរេចចិត្តដ៏លំបាកបំផុត។ ដើម្បីរក្សា និងទ្រទ្រង់ជីវិតសាលារៀនអន្តរជាតិឃីដខាសលនេះ ខ្ញុំបានតស៊ូព្យាយាមយ៉ាងលំបាកអស់ពីលទ្ធភាពចាប់តាំងពីពាក់កណ្តាលខែមិនា រហូតមកដល់បច្ចុប្បន្ន។ ការចំណាយធនធានហិរញ្ញវត្ថុមានជាប្រចាំខែ ឯការរង់ចាំឱ្យមានការបើកសាលារៀនឡើងវិញគ្មានកាលកំណត់ច្បាស់លាស់ ហើយក៏គ្មានការជួយឧបត្ថម្ភទ្រទ្រង់ ឬការយល់យោគពីភាគីពាក់ព័ន្ធណាមួយឡើយ [ភាគីពាក់ព័ន្ធ មិនសំដៅទៅលើអាណាព្យាបាលសិស្សឡើយ]។ ខ្ញុំសូមអភ័យទោស ដល់អស់លោក លោកស្រីដែលជាអាណាព្យាបាលសិស្សទាំងអស់ចំពោះការលំបាកណាមួយក្នុងការអាក់ខាននេះ ហើយខ្ញុំក៏សូមការយល់យោគពីសំណាក់អស់លោក លោកស្រីផងដែរចំពោះកាល:ទេស: និងស្ថានភាពដ៏លំបាកនេះ។ សូមជូនពរកូនសិស្សទាំងអស់ឱ្យមានសុខភាពល្អ បញ្ញាវាងវៃ មានសុភមង្គលគ្រប់ក្រុមគ្រួសារ ហើយក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់អស់លោក លោកស្រីដែលជាអាណាព្យាបាលសិស្សទាំងអស់ចំពោះការគាំទ្រសាលារៀនយើងខ្ញុំរហូតមក។
<ចំណាំ>
ពេលខ្លះសេវាទូរស័ព្ទរបស់ខ្ញុំនៅក្នុងផ្ទះខ្សោយ រអាក់រអួលពិបាកទាក់ទង 068 212 888។ សូមអធ្យាស្រ័យ។ រាល់ចំងល់ក៏ដូចជាព័ត៌មានបន្ថែមណាមួយ សូមអស់លោក លោកស្រីមេត្តាទាក់ទងតាមសារនៅក្នុង page នេះ។”
- Share This Post: