សិល្បៈ

ស្ងាត់ៗ! ប្រាសាទ ដាវីន នឹងតំណាងកម្ពុជា ចូលរួមកម្មវិធីប្រកួតសម្រស់ Universal Woman នៅទីក្រុងឌូបៃ នាចុងខែមករានេះ

BY
Naren
January 2, 2023

(ភ្នំពេញ)៖ តារាបង្ហាញម៉ូដ ប្រាសាទ ដាវីន តារាម៉ូដែលស្រីមួយដួង មានទេពកោសល្យ និងមានរូបសម្រស់ស្រស់ស្អាតមិនធម្មតា ដោយនាងមានសម្បុរពណ៌ទឹកឃ្មុំ។ ថ្មីៗនេះបានបង្ហាញវត្តមានគួរឱ្យភ្ញាក់ផ្អើល ដោយ ប្រាសាទ ដាវីន ត្រូវបានតែងតាំងឱ្យក្លាយជា «ស្ដ្រីឯកចក្រវាលកម្ពុជា២០២៣» (Universal Woman Cambodia 2023)។

យោងតាមការបង្ហោះពីទំព័រហ្វេសប៊ុក Universal Woman Cambodia បានឱ្យដឹងថា «ជាផ្លូវការ ចាប់ពីវិនាទីនេះទៅ ០១ ខែមករា ឆ្នាំ២០២៣ លោកស្រី ប្រាសាទ ដាវីន ( Mrs.Prasath Davin ) ក្លាយជា Universal Woman Cambodia 2023 គាត់នឹងចេញទៅប្រកួតលើឆាកអន្តរជាតិតំណាងឱ្យប្រទេសកម្ពុជា នៅទីក្រុង ឌូបៃ ( Dubai ) ដែលមានប្រទេសចូលរួម៥០ប្រទេស នាចុងខែមករា ឆ្នាំ២០២៣នេះ។

តារាសម្ដែង និងបង្ហាញម៉ូដ ប្រាសាទ ដាវីន បានចូលប្រឡូកក្នុងវិថីសិល្បៈតាមរយៈការប្រឡង Freshie girl ក្នុងឆ្នាំ២០០៥ ជំនាន់ទី៤ ដោយពេលនោះនាងមានវ័យ១៧ឆ្នាំ និងបានទទួលចំណាត់ថ្នាក់លេខ៣ ជាមួយរូបរាងដ៏ខ្ពស់ស្រឡះ កំពស់ ១,៧៥ ម៉ែត្រ។ កម្មវិធីស្ដ្រីឯកចក្រវាល Universal Woman ជាកម្មវិធីប្រកួតសម្រស់ផ្តល់ឱកាសសម្រាប់ស្ត្រីដែលបានរៀបអាពាហ៍ពិពាហ៍រួច មានអាយុចន្លោះពី២៥-៤០ឆ្នាំ ដែលចង់បង្ហាញភាពស្រស់ស្អាត និងសារសម្លេងរបស់ពួកគេ៕

Share This Post: