SEA GAMES

ក្រោយអ្នក​ស្ម័គ្រ​ចិត្ត​កម្ពុជាគោរពស្រលាញ់ និងនាំគ្នាសុំថតរូបយ៉ាងច្រើន កីឡាករសិង្ហបុរីម្នាក់លាន់មាត់ថា «គាត់មិនដែលទទួលបានការគាំទ្រច្រើនបែបនេះនៅក្នុងប្រទេសសិង្ហបុរីពីមុនមកទេ»

BY
autoadmin
May 18, 2023

កាលពីពេលថ្មីៗនេះ មានវីដេអូនៅលើ TikTok មួយ កំពុងផ្ទុះការចាប់អារម្មណ៍ និងមានការចូលមើលយ៉ាងច្រើន ក្រោយវាបានបង្ហាញពីក្រុមអ្នក​ស្ម័គ្រ​ចិត្ត​កម្ពុជា ក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ បានចូលទៅថតរូបជាមួយកីឡាករ​ Cricket របស់សិង្ហបុរី Raoul Sharma យ៉ាងច្រើនកុះករ។ រំលឹកដែរថា កីឡាករ Sharma បានមកដល់កម្ពុជាកាលពីដើមខែឧសភា និងបានឈ្នះមេដាយមាសឱ្យសិង្ហបុរីផងដែរ ប៉ុន្តែវាស្ទើរតែមិនគួរឱ្យជឿសម្រាប់គាត់ នៅពេលដែលគាត់មានអ្នកគាំទ្រយ៉ាងច្រើននៅកម្ពុជា។

កីឡាករ Sharma នៅពេលត្រឡប់ទៅដល់​សិង្ហបុរី​វិញ​បាន​ប្រាប់​កាសែត The Straits Times ថា៖«ខ្ញុំ​មិន​ដឹង​ថា​មាន​អ្វី​កើត​ឡើង​ទេ។ ខ្ញុំទើបតែដើរចេញពីជុំរុំក្រុមរបស់ខ្ញុំទៅបន្ទប់ទឹក ហើយក៏មានអ្នកស្ម័គ្រចិត្តម្នាក់បានរត់មកសុំខ្ញុំថតរូបជាមួយ»។ លោក​បាន​បន្ថែម​ថា លោក​បាន​ថត​រូប​ជាមួយ​នឹង​អ្នក​ស្ម័គ្រ​ចិត្ត​កម្ពុជា​ប្រមាណ​ពី ២០ ទៅ ៣០ នាក់ ដែល​មាន​ភាព​រួសរាយ​រាក់ទាក់ និងចិត្តល្អ។ លោកបាននិយាយថា លោកក៏មិនបានដឹងពីវីដេអូ TikTok ដែលកំពុងតែល្បីនេះដែរ រហូតទាល់តែមានមិត្តម្នាក់ផ្ញើឱ្យគាត់មើល។ ឥឡូវនេះ វីដេអូ TikTok មួយនោះមាន​អ្នក​ចូល​មើល​ដល់​ទៅ ១.១ លាន​ដង។

អ្នក​ប្រើ TikTok ម្នាក់​បាន​បញ្ចេញ​មតិ​ថា៖«វា​ជា​ការ​ល្អ​ដែល​ឃើញ​អត្តពលិក​ទាំង​នេះ ​ផ្តល់​ពេល​វេលា​ឱ្យអ្នក​គាំទ្រ»។ អ្នកផ្សេងទៀតជាច្រើន បានភ្ញាក់ផ្អើលលើរូបរាងដ៏ល្អរបស់អ្នកកីឡា Cricket កម្ពស់ ១.៨៨ ម៉ែត្ររូបនេះ ដោយអ្នកខ្លះបាននិយាយលេងសើចថា ពួកគេចង់ចុះឈ្មោះជាអ្នកស្ម័គ្រចិត្តនៅក្នុងស៊ីហ្គេម។

កីឡាករ Sharma ដែលបានលេងកីឡានេះ តាំងពីគាត់អាយុ ៧ឆ្នាំ បាននិយាយថា គាត់មិនដែលទទួលបានការគាំទ្របែបនេះនៅក្នុងប្រទេសសិង្ហបុរីពីមុនមកទេ។ មិត្តភ័ក្តិរបស់ Sharma មួយចំនួនដែលបានទស្សនាវីដេអូក៏បានបង្អាប់លេងសើចដាក់គាត់ ប៉ុន្តែសម្រាប់គាត់វាជាបទពិសោធន៍ថ្មីមួយ ហើយជាការចងចាំល្អៗ ស្របពេលដែលគាត់កំពុងលេងឱ្យជម្រើសជាតិ៕

 

@davin_sapphire when all the volunteers crush on the same athlete ពេលអ្នកស្ម័គ្រចិត្ត crush លើកីឡាករតែមួយ 💜 #BeyondTheGames #លើសពីការប្រកួត #ភាសាបេះដូង #SEAgames2023 #cambodia2023 #BTGchallenge #បេះដូងលោតក្នុងចង្វាក់តែមួយ #HeartsBeatinSync #singarpore #cricket #crush #davinsapphire #foryou #viral ♬ Cupid – Twin Ver. (FIFTY FIFTY) – Sped Up Version – sped up 8282

អត្ថបទ៖ លីដា
ប្រភព៖ The Straits Times

Share This Post: