ព័ត៌មានជាតិ

មន្រ្តីសុយោដីម្នាក់ ស្រវឹងស្រាបើករថយន្តឡើងសួនច្បារ បុកផ្ទាំងតាំងពិព័រណ៍សមិទ្ធផលខេត្តកំពង់ស្ពឺ ត្រូវបានសមត្ថកិច្ចចរាចរណ៍ធ្វើតេស្ដជាតិអាល់កុល ស្រវឹងហួសពីកម្រិត 1,55 mg/L

BY
srey nuch
March 28, 2024

ខេត្តកំពង់ស្ពឺ៖ នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ​ បានឱ្យដឹងថា មន្រ្តីសុយោដីម្នាក់ ស្រវឹងស្រាបើករថយន្តម៉ាកFORD RANGER XLT ឡើងសួនច្បារបុកផ្ទាំងតាំងពិពណ៌សមិទ្ធផលមុខស្នាក់ការខេត្ដ(រង្វង់មូលវិមានឯករាជ្យកំពង់ស្ពឺ) សំណាងមិនបង្កគ្រោះថ្នាក់ដល់មនុស្ស។

បុរសម្នាក់ដែលត្រូវបានមហាជននៅទូទាំងខេត្តកំពង់ស្ពឺស្គាល់យ៉ាងច្បាស់ថាលោក ឡេង ដារ៉ា អាយុ៥២ឆ្នាំ មុខរបរជាមន្រ្តីសុយោដី ប្រចាំស្រុកសំរោងទង ខេត្ដកំពង់ស្ពឺ មានទីលំនៅភូមិចំបក់ ឃុំវល្លិ៍សរ ស្រុកសំរោងទង។

មន្រ្តីសុយោដីរូបនេះ បានបើករថយន្ដម៉ាកFORD RANGER XLT ពណ៌ស ពាក់ផ្លាកលេខកំពង់ស្ពឺ 2C.1972 ធ្វើដំណើរចេញពីទិសខាងកើតឆ្ពោះទៅទិសខាងលិច ផ្លូវស្របតាមបណ្ដោយស្ទឹងព្រែកត្នោត លុះមកដល់ចំណុចមុខសួនរូបសម្ដេចព្រះសង្ឃរាជជួនណាត បានបត់ឡើងលើសួនច្បារសាធារណៈមុខទីស្នាក់ការខេត្ត ក្បែររង្វង់មូលវិមានឯករាជ្យកំពង់ស្ពឺ។

ក្នុងហេតុការណ៍គ្រោះថ្នាក់ខាងលើបណ្ដាលឱ្យមនុស្សម្នាក់ ដែលកំពុងតែធ្វើដំណើរចេញចូលហាត់ប្រាណរត់ជាន់ជើងគ្នាដោយសារតែភ័យលោះព្រលឹងចុះក្នុងបឹងដកព្រលិតអស់ បន្ទាប់មកបុរសជាអ្នកបើកបររថយន្ដបានបើកទ្វារចេញមកដោយអាការៈស្រវឹងជោកជាំ ហើយស្រែកថាមិនអីទេទុកឱ្យខ្ញុំដោះស្រាយៗៗ មហាជននាំគ្នាឆ្ងល់ថាហេតុអីមន្រ្ដីសុយោដីរូបនេះមានពេលវេលាស្រវឹងស្រាទាំងក្បាលព្រលប់បែបនេះ គាត់មិនធ្វើការទេអីឬ? បានជាស្រវឹងតាំងពីម៉ោង ១៧៖០០នាទីល្ងាចទៅហើយ សួរថាតើគាត់ហូបស្រាតាំងពីពេលណា? ? ? ?

គ្រោះថ្នាក់ចរាចរណ៍ខាងលើបណ្ដាលអោយខូចខាតរថយន្ត និងផ្លាកផ្ទាំងប៉ាណូ ដែលរដ្ឋបាលខេត្ដកំពង់ស្ពឺដាក់តាំងពិព័រណ៍រូបលម្អនៅទីសួនសាធារណៈជូនប្រជាពលរដ្ឋអំពីសមិទ្ធផលនានារបស់ខេត្ដនិងប្រទេស។

អ្នកបើកបររថយន្តបង្ក ក្រោយសមត្ថកិច្ចជំនាញចរាចរណ៍តេស្ដជាមួយឧបករណ៍គឺមានជាតិស្រវឹងខ្ពស់ហួសពីកម្រិតដល់ទៅ 1,55 mg/L និងបានធ្វើការផាកពិន័យតាមនីតិវិធី រីឯការខូចខាតសម្ភារ មន្ត្រីជំនាញបានប្រគល់ជូនរដ្ឋបាលខេត្ដដើម្បីដោះស្រាយលើសំណងផងដែរ ៕

ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ

Share This Post: