ព័ត៌មានជាតិ

អភិបាលខេត្តកំពត ណែនាំដល់មន្ទីរ-អង្គភាព ស្ថាប័នរដ្ឋ និងឯកជនចូលរួមតុបតែងលម្អទីតាំងខ្លួន ដើម្បីទាក់ទាញទេសចរក្នុងឱកាសបុណ្យចូលឆ្នាំថ្មីខាងមុខ

BY
srey nuch
March 28, 2024

ខេត្តកំពត៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា នាថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តបានលើកឡើងថា ខេត្តកំពតគឺជាខេត្តគោលដៅទេសចរណ៍ ដែលទទួលបានការគាំទ្រពីសំណាក់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ហើយរាល់ពេលមានព្រឹត្តិការណ៍បុណ្យជាតិធំៗ រដ្ឋបាលខេត្តតែងតែយកចិត្តទុកដាក់រៀបចំសណ្តាប់ធ្នាប់នៅតាមទីសាធារណៈផ្សេងៗ ការសម្រួលចរាចរណ៍មិនឱ្យមានការកកស្ទះ ពិសេសការតុបតែងលម្អភ្លើងពណ៌តាមសួនច្បារ និងដងផ្លូវសំខាន់ៗក្នុងក្រុង ធ្វើឱ្យខេត្តទទួលបានភ្ញៀវទេចរមកសម្រាកកម្សាន្តច្រើន។

ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលឈានចូលមកដល់នាពេលខាងមុខ ដើម្បីឱ្យរក្សាបាននូវកំណើនភ្ញៀវទេសចរ ឯកឧត្តមអភិបាលខេត្តបានណែនាដល់ មន្ទីរ-អង្គភាព ស្ថាប័នរដ្ឋ និងឯកជននៅក្នុងខេត្ត ចូលរួមតុបតែងលម្អសោភ័ណភាពនៅតាមទីតាំងរបស់ខ្លួនបន្ថែមទៀត មានដូចជាការសម្អាតអនាម័យបរិស្ថាន ការទុកដាក់សំរាម ការបំពាក់ភ្លើងលម្អបន្លែម ដើម្បីឱ្យក្រុង-ស្រុកទាំងអស់ក្នុងខេត្ត មានភាពទាកទាញភ្ញៀវទេសចរមកលេងកម្សាន្ត។

ឯកឧត្តមអភិបាលខេត្ត ក៏បានណែនាំអោយអាជ្ញាធរក្រុង-ស្រុកទាំង៩ បង្កើនការយកចិត្តទុកដាក់ រឹតបន្តឹងការការពារសន្តិសុខ សណ្តាប់ធ្នាប់សារធារណៈឱ្យបានល្អ ហើយអាជ្ញាធរក្រុង-ស្រុក ត្រូវចេះកែច្នៃតំបន់សក្តានុពលនៅក្នុងមូលដ្ឋានរបស់ខ្លួនបម្រើឱ្យវិស័យទេសចរណ៍។

ដោយឡែកក្រុងកំពត ដែលជាបេះដូងរបស់ខេត្ត អាជ្ញាធរខេត្តបាននិងកំពុងរៀបចំកែលម្អហេដ្ឋារចនាសម្ព័ន្ធផ្សេងៗជាច្រើន ដូចជាការពង្រីកផ្លូវ និងសួនច្បារកម្សាន្តមាត់ព្រែក(សួនត្រីផ្សោត) រូបសំណាកសេះសមុទ្របាញ់ទឹកមុខសាលាខេត្តចាស់ ឆ្នេរចន្លោះស្ពានចាស់ និងស្ពានថ្មី ឆ្នេរខ្សាច់ចំណតទូកទេសចរណ៍ចន្លោះស្ពានថ្មី និងស្ពានរថភ្លើង ការបំពាក់ភ្លើងពណ៌តាមដើមឈើ ស្ពាន តាមខឿនមាត់ព្រែក សួនច្បារ និងរមណីយដ្ឋានស្រះឈូកជាដើម៕

ប្រភព៖ ក្រសួងព័ត៌មាន

Share This Post: