ព័ត៌មានជាតិ

គោព្រៃ ត្រយ៉ង អណ្ដើកហ្លួង ត្រីគល់រាំង ដើមត្នោត ផ្ការំដួល និងផ្លែចេកពងមាន់ ដែលជានិមិត្តរូបនៃប្រទេសកម្ពុជា ត្រូវបានហាមឃាត់មិនឱ្យប្រើប្រាស់សម្រាប់ម៉ាកយីហោ

BY
srey nuch
March 29, 2024

រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងពាណិជ្ជកម្ម បានចេញប្រកាស ហាមឃាត់ការប្រើប្រាស់ម៉ាកយីហោ គោព្រៃ ត្រយ៉ង អណ្តើកសរសៃ(អណ្ដើកហ្លួង) ត្រីគល់រាំង ដើមត្នោត ផ្ការំដួល និងផ្លែចេកពងមាន់ ដែលជានិមិត្តរូបនៃប្រទេសកម្ពុជា ដែលមានលក្ខណៈដូច ឬត្រាប់តាម ដោយគ្មានការអនុញ្ញាត។

ក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ថា យោងតាមច្បាប់ស្តីពី ម៉ាក ពាណិជ្ជនាម និងអំពើនៃការប្រកួតប្រជែងមិនស្មោះត្រង់ មាត្រា ៤ ចែងថា ម៉ាកដែលមិនអាចចុះបញ្ជីបាន គឺជាម៉ាកដែលដូចគ្នា និង/ឬ ត្រាប់តាម ឬមានចំណុចណាមួយដូច សញ្ញាជាតិ ទង់ជាតិ និងនិមិត្តរូបផ្សេងៗ ឈ្មោះ ឬឈ្មោះសង្ខេប ឬអក្សរកាត់នៃឈ្មោះ ឬសញ្ញា ឬត្រាជាផ្លូវការ ដែលអនុម័តដោយរដ្ឋណាមួយ អង្គការអន្តររដ្ឋាភិបាល ឬអង្គការដែលបង្កើតដោយអនុសញ្ញាអន្តរជាតិមួយ លើកលែងតែមានការអនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ចនៃរដ្ឋនោះ ឬអង្គការនោះ។

ក្រសួងបានបន្ថែមទៀតថា ទន្ទឹមនឹងនេះ ព្រះរាជក្រឹត្យ លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១ ខែមីនា ឆ្នាំ២០០៥ ស្តីពីការកំណត់ប្រភេទសត្វ និង រុក្ខជាតិ សម្រាប់ជានិមិត្តរូបនៃព្រះរាជាណាចក្រកម្ពុជា បានកំណត់យកសត្វគោព្រៃ សត្វត្រយ៉ង អណ្ដើកសរសៃ (អណ្ដើកហ្លួង) ត្រីគល់រាំង ដើមត្នោត ផ្ការំដួល និងផ្លែចេកពងមាន់ ជានិមិត្តរូប នៃព្រះរាជាណាចក្រកម្ពុជា។

ក្រសួងពាណិជ្ជកម្ម សូមធ្វើការហាមឃាត់រាល់ការប្រើប្រាស់ម៉ាកណាមួយ ដែលដូច និង/ឬត្រាប់តាម ឬមានចំណុចណាមួយដូចសញ្ញាជាតិ ទង់ជាតិ និងនិមិត្តរូបនៃព្រះរាជាណាចក្រកម្ពុជា ដោយគ្មានការអនុញ្ញាត ហើយដែលធ្វើឲ្យប៉ះពាល់សណ្ដាប់ធ្នាប់សាធារណៈ សីលធម៌ ឬទំនៀមទម្លាប់ប្រពៃណីល្អរបស់ជាតិ៕

ប្រភព៖ ក្រសួងពាណិជ្ជកម្ម Ministry of Commerce

Share This Post: