សាកលវិទ្យាល័យហាវ៉ាដ និងវិទ្យាស្ថានបច្ចេកវិទ្យាម៉ាសាឈូសេត បានដាក់ពាក្យបណ្តឹងប្ដឹងលោក ដូណាល់ ត្រាំ ជុំវិញការសម្រេចចិត្តមិនចេញទិដ្ឋាការសម្រាប់និស្សិតអន្តរជាតិ
អន្តរជាតិ July 9, 2020 lyda

សាកលវិទ្យាល័យហាវ៉ាដ (Harvard University) និងវិទ្យាស្ថានបច្ចេកវិទ្យាម៉ាសាឈូសេត (Massachusetts Institute of Technology) បានដាក់ពាក្យបណ្តឹងជំទាស់នឹងការសម្រេចចិត្តរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក ដែលសម្រេចមិនចេញទិដ្ឋាការសម្រាប់និស្សិតអន្តរជាតិ ប្រសិនបើថ្នាក់រៀនរបស់ពួកគេត្រូវបានផ្តល់ជូនការសិក្សាតាមអ៉ីនធឺណេតទាំងស្រុង។ ការសម្រេចចិត្តនេះបានកើតឡើងបន្ទាប់ពីសាកលវិទ្យាល័យជាច្រើន បានសម្រេចចិត្តរៀបចំថ្នាក់រៀនតាមអ៉ីនធឺណេត ដើម្បីការពារការរីករាលដាលនៃការឆ្លងជំងឺ COVID-19 ។

សាកលវិទ្យាល័យទាំងពីរបានប្តឹងជំទាស់ ចំពោះការអនុវត្តច្បាប់អន្តោប្រវេសន៍និងគយរបស់អាមេរិក ឬហៅកាត់ថា ICE និងក្រសួងសន្តិសុខមាតុភូមិ ទៅតុលាការសហព័ន្ធក្នុងរដ្ឋម៉ាសាឈូសេតកាលពីថ្ងៃពុធ។ នៅក្នុងពាក្យបណ្តឹងសាកលវិទ្យាល័យទាំង ២ បានទាមទារឱ្យរដ្ឋាភិបាលបោះបង់ចោលគោលការណ៍ណែនាំថ្មីនេះ។ MIT បានចេញសេចក្តីថ្លែងការណ៍មួយដោយនិយាយថា ថ្នាក់អ៉ីនធឺណេតរបស់ពួកគេត្រូវបានរៀបចំឡើង ដើម្បីជំរុញបេសកកម្មអប់រំនិងសុខភាពរបស់សិស្ស និងសុវត្ថិភាពសហគមន៍របស់ពួកគេ។ MIT បន្ថែមទៀតថា ការស្វាគមន៍និស្សិតដែលមានទេពកោសល្យ និងមានសមត្ថភាព គឺសំខាន់សម្រាប់អនុភាពអាមេរិក។

កាលពីថ្ងៃច័ន្ទ ICE បានប្រកាសគោលការណ៍ណែនាំទិដ្ឋាការថ្មីសម្រាប់និស្សិតអន្តរជាតិ នៅតាមវិទ្យាល័យ និងសាកលវិទ្យាល័យនៅសហរដ្ឋអាមេរិក ដែលថ្នាក់រៀនរបស់ពួកគេត្រូវរៀនតាមអនឡាញក្នុងឆមាសដែលចាប់ផ្តើមនៅខែកញ្ញា។ សហរដ្ឋអាមេរិកក៏បានចេញទិដ្ឋាកាដល់និស្សិតបរទេស ប្រមាណជា ៤០០,០០០ នាក់ ក្នុងនោះមាននិស្សិតជប៉ុនប្រមាណ ១៥,០០០នាក់ នៅក្នុងឆ្នាំសារពើពន្ធ២០១៩។ ច្បាប់ថ្មីនេះនឹងធ្វើឱ្យមានភាពពិបាកសម្រាប់សិស្ស ដែលរស់នៅអាមេរិកក្នុងគោលបំណងដើម្បីសិក្សា៕

អត្ថបទ៖ លីដា
ប្រភព៖ New York Times