អន្តរជាតិ

ការពាក់ម៉ាស់អាចការពារអ្នកពីការឆ្លងជំងឺកូវីដ១៩ បាន​ ៦៥% ហើយការរក្សាគម្លាតអាចជួយបាន ៩០%

BY
autoadmin
July 13, 2020

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Daily Mail បាននិយាយថា ការពាក់ម៉ាស់អាចការពារខ្លួនអ្នកពីការឆ្លងជំងឺ COVID-19 បានចំនួន ៦៥% ដែលការសិក្សានេះបានផ្ដល់ជាប្រយោជន៍ថ្មីមួយទៀត ដើម្បីឆ្លើយតបទៅអ្នកស្រាវជ្រាវមុនៗដែលនិយាយថា ម៉ាស់អាចត្រឹមតែការពារអ្នកជំងឺពីការចម្លងទៅអ្នកផ្សេងទៀត។ បើតាមការសិក្សារបស់ក្រុមស្រាវជ្រាវមួយ មកពីមន្ទីរពេទ្យកុមារ UC Davis របស់សហរដ្ឋអាមេរិក ដឹកនាំឱ្យលោកវេជ្ជបណ្ឌិត Dean Blumberg បានឱ្យដឹងថា ការពាក់ម៉ាស់នេះមិនមែនត្រឹមតែការពារពីការចម្លងរបស់អ្នកជំងឺទៅកាន់អ្នកផ្សេងទេ ប៉ុន្តែការពារអ្នកដែលមិនមានជំងឺកុំឱ្យឆ្លងជំងឺបានទៀតផង។

លោកវេជ្ជបណ្ឌិត Dean Blumberg បាននិយាយថា គ្រប់គ្នាគួរតែពាក់ម៉ាស់ឱ្យបានត្រឹមត្រូវ ហើយអ្នកដែលមិនជឿលើការពាក់ម៉ាស់ វាប្រៀបដូចជាមិនជឿថាផែនដីមានទំនាញដូចគ្នា។ ការចម្លងសំខាន់ចំនួន ២ នៃជំងឺ COVID-19 គឺទី១តាមរយៈតំណក់តូចៗ ដែលត្រូវបានបញ្ចោញទៅក្នុងខ្យល់អាកាសនៅពេលមនុស្សក្អក ឬកណ្តាស់។ ការចម្លងទី២គឺមកពីភាគល្អិតតូច ដែលមនុស្សធ្វើឱ្យខ្ចាយលើអាកាស នៅពេលយើងនិយាយខ្លាំងៗ ហើយភាគល្អិតនោះគឺតូចខ្លាំងណាស់ មើលផ្ទាល់នឹងភ្នែកមិនឃើញទេ។ យើងមិនអាចដឹងថានរណាជាអ្នកចម្លងមកយើងនោះទេ នៅពេលដែលយើងដកដង្ហើមចេញចូល ដូច្នេះការពាក់ម៉ាស់គឺសំខាន់ខ្លាំងណាស់។ យ៉ាងណាក៏ដោយការរក្សាគម្លានៅតែជាវិធានការល្អជាងគេ ជាមួយនឹងការកាត់បន្ថយហានិភ័យឆ្លងរហូតដល់ទៅ ៩០% ៕

អត្ថបទ៖ លីដា
ប្រភព៖ Daily Mail

Share This Post: