សង្គម

ក្មេងស្រីដែលត្រូវគេឆូតមុខរបួសជាង១០០ថ្នេរ ទទួលបានការឧបត្ថម្ភពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន

BY
Khmernote Media
July 24, 2020

យោងតាមការបញ្ជាក់នៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់កាកបាទក្រហមកម្ពុជា បានឲ្យដឹងថា ដោយក្តីអាណិតអាសូរចំពោះកុមារីអាយុ ៥ឆ្នាំ ដែលរងគ្រោះថ្នាក់ធ្ងន់ធ្ងរដោយកាំបិតឆូតផ្ទៃមុខ ក ច្រមុះ និងដៃនោះ នៅថ្ងៃព្រហស្បតិ៍ ទី ២៣ ខែកក្កដា ឆ្នាំ២០២០នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់ឱ្យ លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា ជួបសំណេះសំណាលសួរសុខទុក្ខជាមួយឪពុកម្តាយ កុមារី ឡាស់ម៉ាវី លីយ៉ា អាយុ ៥ឆ្នាំ ដែលកំពុងព្យាបាលរបួសនៅមន្ទីរពេទ្យកុមារជាតិ ព្រមទាំងផ្តល់ការឧបត្ថម្ភថវិកាចំនួន ៥លានរៀល គ្រឿងបរិភោគ និងសម្ភារៈប្រើប្រាស់មួយចំនួន ដើម្បីជួយសម្រាលការលំបាក និងការព្យាបាល។

ក្នុងឱកាសនោះ លោកជំទាវ អគ្គលេខាធិការ បានពាំនាំប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្តាំផ្ញើសួរសុខទុក្ខ និងក្តីអាណិតអាសូរយ៉ាងពន់ពេកចំពោះកុមារីដែលទទួលរងគ្រោះដោយស្ត្រីដៃដល់ម្នាក់យកកាំបិតវះមុខដោយសារតែក្មេងៗឈ្លោះគ្នា ហើយជួបគ្រោះថ្នាក់បែបនេះស្របពេលដែលម្តាយកំពុងមានផ្ទៃពោះ ៨ខែផង។ លោកជំទាវ បានលើកទឹកចិត្ត និងផ្តាំផ្ញើឱ្យថែទាំសុខភាពឱ្យបានល្អ ដើម្បីសុខភាពកូនក្នុងផ្ទៃ ហើយអនុវត្តតាមការណែនាំរបស់គ្រូពេទ្យ និងជូនពរដល់កុមារី លីយ៉ា ឆាប់បានជាសះស្បើយឡើងវិញ។

លោក ញ៉ង់ វ៉ាន់នី និងលោកស្រី ហុង គឹមលាន ត្រូវជាឪពុកម្តាយរបស់កុមារីរងគ្រោះ បានសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានគិតគូរ យកចិត្តទុកដាក់ចំពោះទុក្ខលំបាករបស់ប្រជាពលរដ្ឋរងគ្រោះដោយគ្មានការរើសអើងអ្វីឡើយ៕

Share This Post: