សង្គម

ចុះមកមើលចំការ ឃើញជីវភាពពលរដ្ឋមកច្រូតស្មៅឲ្យគោស៊ីមានការពិបាក លោកឧកញ៉ាម៉ុង ឬទ្ធី ថានឹងខិតខំរកមធ្យោបាយវិនិយោគលើវិស័យ ២ នេះបន្ថែម នៅទីជនបទ ដើម្បីជួយពួកគាត់

BY
Khmernote Media
August 7, 2020

ឯកឧត្តម ម៉ុង ឬទ្ធី បានបង្ហោះឲ្យដឹងពេលដែលចុះមើលចំការ បានឃើញពលរដ្ឋមកច្រូតស្មៅ ហើយមើលឃើញពីជីវភាពលំបាករបស់ពួកគាត់ ធ្វើឲ្យនឹកឃើញដល់ជីវភាពរបស់គ្រួសារលោកឧកញ៉ាកាលពី ៥០ឆ្នាំមុន។ លោកឧកញ៉ាបានមានប្រសាសន៍ថា នឹងខិតខំ​រក​មធ្យោបាយ​វិនិយោគ​ទុន​លើ​វិស័យ​កសិកម្ម​ កសិឧស្សាហកម្ម​នៅទីជនបទ​បន្ថែមទៀត ដើម្បីជួយ​កាត់បន្ថយ​ភាព​ក្រីក្រ​របស់ពលរដ្ឋ។ ខាងក្រោមនេះជាសម្រង់ការសរសេរបង្ហោះរបស់លោកឧកញ៉ាលើហ្វេសបុកផេក៖

“វេលាម៉ោង​៤ល្ងាច​ថ្ងៃ​សុក្រ​ទី​០៧​ ខែសីហា​ ឆ្នាំ​២០២០ក្នុង​ដំណើរ​ចុះមកមេីល​ចំការ​បានជួប​សាកសួរ​សុខទុក្ខ​ ប្រជាពលរដ្ឋ​ដែល​ចូល​មកច្រូត​ស្មៅ​យកទៅអោយគោសុី​ បេីមេីលទៅ​ជីវភាព​របស់​ពួកគាត់​មិន​ខុសពី​ជីវភាព​របស់​គ្រួសារ​ខ្ញុំ​កាល​ពី​៥០ឆ្នាំ​មុននោះទេ​ ដេីម្បី​ជួយ​កាត់បន្ថយ​ភាព​ក្រីក្រ​របស់​ពួកគាត់​នោះ​ ខ្ញុំ​ត្រូវ​តែ​ខិតខំ​រក​មធ្យោបាយ​វិនិយោគ​ទុន​លើ​វិស័យ​កសិកម្ម​ កសិឧស្សាហកម្ម​នៅទីជនបទ​បន្ថែមទៀត​ដេីម្បី​ផ្តល់​ការងារ​ជូន​ពួកគាត់​ធ្វើ​”៕

 

គួររម្លឹកថា កាលពីប៉ុន្មានថ្ងៃមុន ឯកឧត្តម បណ្ឌិត ឧកញ៉ា ម៉ុង ឫទ្ធី បានបង្ហោះសារចាក់ដោតមួយឲ្យអ្នកចូលចិត្តបង្ហោះអួតទ្រព្យសម្បត្តិ មេត្តាឈប់ធ្វើសកម្មភាពបែបនេះទៀត ហើយគួរណាយក​ទ្រព្យសម្បត្តិ​​ទៅវិនិយោគ​លើវិស័យ​កសិកម្ម​ កសិឧស្សាហកម្ម​ ​ដើម្បី​បង្កើត​ការងារ​អោយដល់​ប្រជាពលរដ្ឋ​ក្រីក្រ​ធ្វើ និងបានចូល​រួម​ចំណែក​មួយផ្នែក​ជាមួយ​រាជរដ្ឋាភិបាល​ ក្នុង​ការ​កាត់បន្ថយ​ភាព​ក្រីក្រ​របស់​ប្រជាជន​កម្ពុជា​យើងព្រមទាំង​មិនបាន​រំខាន​ដល់​សន្តិសុខ​សុវត្ថិភាព​សង្គម​ផងដែរ​។

ថ្មីៗនេះ ឯកឧត្តម បណ្ឌិត ឧកញ៉ា ម៉ុង ឫទ្ធី បានបង្ហោះមួយទៀត ដែលមានខ្លឹមសារថា “នៅរដូវរំហើយឆ្នាំ២០១៩ដោយមានការព្រួយបារម្ភខ្លាចមានគ្រោះរាំងស្ងួត មិនប្រក្រតីណាមួយអាចនិងកើតឡើងជាយថាហេតុ ខ្ញុំបានផ្តួចផ្តើមគំនិតវាស់វែងកំណត់យកផ្ទៃដីប្រមាណជាជាង៥០ហិកតា ដែលមានទីតាំងស្ថិតនៅចុងខាងលិចភ្នំបូកគោភូមិអន្លង់ក្រពើ ឃុំតានៃ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ យកមកសាងសង់ទំនប់ទឹកចំនួន២កន្លែង គឺទំនប់ទឹកម៉ុង ឫទ្ធីទី១ប្រវែង 428m កំពស់ 12m ខ្នងលើជាមធ្យម 12m ប្រើប្រាស់អាចម៍ដីអស់ចំនួន 122.000m3 អាចស្តុបទឹកបានជាមធ្យម 250.000ម៉ែត្រគូប ចំណាយថវិការអស់ចំនួន 350.000.00USD ។ ទំនប់ទឹកម៉ុង ឫទ្ធីទី២ប្រវែង 1.736m កំពស់11m ខ្នងលើជាមធ្យម 6m ទៅ 10m ដែលអាចស្តុបទឹកបានជាមធ្យម 1.250.000 ម៉ែត្រគូប ចំណាយថវិការអស់ចំនួន 850.000.00USD បញ្ចប់ការងារសាងសង់ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២០ ។ ទំនប់ទឹកទាំងពីរនេះអាចស្តុបទឹកបានប្រមាណជា 1.500.000m3 ការចំណាយថវិការអស់ចំនួន USD1.172.020,00 បើប្រៀបធៀបទៅនិងរថយន្តរ៉ូសរ៉យ RR សារីថ្មីទំនើបឥឡូវមានគេប្រាប់ខ្ញុំថាតម្លៃរហូតទៅដល់ 1.500.000.00ដុល្លារឯណោះ ចំពោះគំនិតរបស់ខ្ញុំគិតថាយកលុយមកសាងសង់ទំនប់ទឹកមានផលប្រយោជន៍ជាង មិនតែប៉ណ្ណោះវាជាកេរ្តិ៍មរតកដ៏មានតម្លៃបំផុត សម្រាប់បំរើសេចក្តីត្រូវការទឹករបស់ប្រជាជននាពេលបច្ចុប្បន្ន ក៏ដូចជាតំណរតទៅអនាគតកូនចៅជាច្រើនជំនាន់តទៅ”៕

Share This Post: