អន្តរជាតិ

ឃើញពលរដ្ឋខ្លួននៅលីវច្រើនពេក ជប៉ុននឹងផ្តល់ប្រាក់លើកទឹកចិត្តជិត ៦ ពាន់ដុល្លារ ដល់គូស្នេហ៍ដែលសម្រេចចិត្តរៀបការជាមួយគ្នា

BY
autoadmin
September 23, 2020

ជប៉ុន៖ ជប៉ុនគឺជាប្រទេសមួយដែលមានចំនួនមនុស្សចាស់ច្រើនជាងក្មេង ពោលបើយោងតាមរបាយការណ៍មួយកាលពីឆ្នាំ២០១៤ បានបង្ហាញថា ៣៣% នៃពលរដ្ឋជប៉ុន គឺជាមនុស្សមានអាយុច្រើនជាង ៦០ឆ្នាំ ខណៈ ២៥.៩% ជាមនុស្សដែលមានអាយុច្រើនជាង ៦៥ឆ្នាំ​ និង ១២.៥% គឺជាមនុស្សមានអាយុច្រើនជាង ៧៥ឆ្នាំ។ អាត្រានេះបានកើតឡើងដោយសារពលរដ្ឋជប៉ុនហាក់មិនចង់រៀបការ និងបង្កើតមនុស្សជំនាន់ថ្មីទាល់តែសោះ ទើបចំនួនមនុស្សចាស់មានច្រើនជាងក្មេងៗ ហើយចំពោះអ្នករៀបការរួចវិញនោះ ពួកគេហាក់មិនសូវចង់បានកូនដូចគ្នា ជាក់ស្តែងកាលពីឆ្នាំ២០១៩ កន្លងទៅនេះនៅក្នុងប្រទេសជប៉ុនទាំងមូលមានទារកកើតថ្មីត្រឹមតែ ៨៦៥ ០០០ នាក់ ប៉ុណ្ណោះ។

ដើម្បីដោះស្រាយបញ្ហាសង្គមមួយនេះ រដ្ឋាភិបាលជប៉ុនបានដាក់ចេញនូវវិធានការជាច្រើន ដើម្បីលើកទឹកចិត្តឲ្យពលរដ្ឋខ្លួនសម្រេចចិត្តរៀបការ ដូចជានាពេលកន្លងមកជប៉ុនបានអនុវត្តកម្មវិធីផ្តល់ប្រាក់ឧបត្ថម្ភចំនួន ៣០០ ០០០ យេន (២ ៨៥០ ដុល្លារអាមេរិក) ចំពោះគូស្នេហ៍ដែលរៀបការក្រោមអាយុ ៣៥ឆ្នាំ ហើយពួកគេត្រូវមានប្រាក់ចំណូលប្រចាំឆ្នាំរួមគ្នាតិចជាង ៤.៨ លានយេន (៤៥ ៧០០ ដុល្លារអាមេរិក)។

យ៉ាងណាក្តីកម្មវិធីនេះហាក់មិនសូវមានប្រសិទ្ធភាពខ្ពស់ឡើយ ទើបរដ្ឋាភិបាលជប៉ុនសម្រេចអនុវត្តកម្មវិធីមួយផ្សេងទៀត ដោយចាប់ពីខែមេសា ឆ្នាំ២០២១ នេះតទៅ គឺរដ្ឋាភិបាលនឹងផ្តល់ប្រាក់ចំនួន ៦០០ ០០០ យេន (៥ ៧០០ ដុល្លារមេរិក) ចំពោះគូស្នេហដែលរៀបការនៅអាយុតិចជាង ៤០​ឆ្នាំ ហើយពួកគេត្រូវមានប្រាក់ចំណូលប្រចាំឆ្នាំសរុបរួមគ្នាតិចជាង ៥.៤ លានយេន (៥១ ៤០០ ដុល្លារអាមេរិក)។ តាមរយៈការបង្កើនចំនួនប្រាក់ឧបត្ថម្ភ និងបង្កើនអាយុគូរៀបការដែលអាចទទួលបានប្រាក់ឧបត្ថម្ភនេះ គេជឿថាវានឹងក្លាយជាយន្តការថ្មីមួយ​សម្រាប់លើកទឹកចិត្តឲ្យពលរដ្ឋជប៉ុន សម្រេចចិត្តរៀបការបានច្រើនជាងមុនផងដែរ៕

អត្ថបទ៖ ភក្តី

ប្រភព៖ Next Shark

Share This Post: