សង្គម

ឈប់ឡានមួយភ្លែតចុះទិញឆ្នាំងសាកទូរស័ព្ទ មិនបានដកសោរឡាន ស្រាប់តែត្រូវចោរចូលឡាន បើកចេញទៅបាត់ (មានវីដេអូ)

BY
Khmernote Media
October 20, 2020

រាជធានីភ្នំពេញ ៖ បុរសម្នាក់បានរត់ដេញស្រែកតាមពីក្រោយរថយន្តរបស់ខ្លួន ខណៈពេលដែលត្រូវជនមិនស្គាល់មុខលួច បើកទ្វាររថយន្តឡើងបើកចេញទៅបាត់ គ្រាន់តែឈប់រថយន្តចូលទៅរកទិញឆ្នាំងសាកទូរស័ព្ទ មិនបាន៥នាទីផង ។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង០៨:៣០នាទីយប់ ថ្ងៃចន្ទ ទី១៩ ខែតុលា ឆ្នាំ២០២០ នៅម្តុំផ្សារទួលពង្រ ស្ថិតក្នុងសង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

បុរសរងគ្រោះដែលជាម្ចាស់រថយន្តខាងលើបានរៀបរាប់ឲ្យដឹងថា មុនពេលកើតហេតុ គាត់បានបើករថយន្តមួយគ្រឿង ម៉ាក LEXUS RX330 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AK-3032 ២នាក់ក្មួយ ទៅម្តុំផ្សារទួលពង្រ ខណៈពេលដែលឈប់រថយន្តរួចចុះពីរថយន្តទាំង២នាក់ ដើរចូលទៅហាងលក់ទូរស័ព្ទមួយកន្លែង ដើម្បីរកទិញឆ្នាំងសាកទូរស័ព្ទ ដោយមិនបានដកសោររថយន្តទេ មិនបាន៥នាទីផង ស្រាប់តែភ្លាមនោះត្រូវជនមិនស្គាល់មុនមិនដឹងមកពីណា ចូលទៅបើកទ្វាររថយន្តជិះចេញទៅបាត់ ទើបរូបគាត់និងក្មួយបានរត់ស្រែកដេញតាម ស្រែកឆោឡោចោរៗ បង្កការភ្ញាក់ផ្អើល។

បច្ចុប្បន្នក្រោយពេលកើតហេតុ បុរសជនរងគ្រោះបានត្រឹមតែទៅដាក់ពាក្យបណ្តឹង នៅស្នាក់ការប៉ុស្តិ៍នគរបាលចោមចៅទី១ ដើម្បីឲ្យសមត្ថកិច្ចស្រាវជ្រាវរករថយន្តរបស់ខ្លួនទាំងអស់សង្ឃឹម ៕

Share This Post: