ធនាគារជាតិបង្ហាញពីកំរិតទោស ចំពោះជនណា ដែលមិនព្រមទទួលយកក្រដាសប្រាក់រៀលខ្មែរ
ដោយសារតែមើលឃើញពីបញ្ហានឹងទាក់ទងនឹងការមិនព្រមទទួលយកក្រដាសប្រាក់រៀលខ្មែរមកធ្វើទូទាត់នៅតាមកន្លែងមួយចំនួន កាលពីពេលថ្មីៗនេះ ធនាគារជាតិនៃកម្ពុជា បានបង្ហាញជាសាធារណៈអំពីកំរិតទោសដល់ជន ដែលពុំព្រមទូទាត់រូបិយវត្ថុមានតម្លៃនីត្យានុកូល។
យោងតាមច្បាប់ជាធរមាន ក្នុងករណី ដែលជួបប្រទះនូវបញ្ហាមិនទទួលឬប្រើប្រាស់ប្រាក់រៀលនៅក្នុងព្រះរាជាណាចក្រកម្ពុជា ប្រជាពលរដ្ឋកម្ពុជាអាចប្តឹងទៅអាជ្ញាធរមានសមត្ថកិច្ច ដោយភ្ជាប់មកជាមួយនូវភស្តុតាងចាំបាច់នានា ដើម្បីចាត់វិធានការតាមផ្លូវច្បាប់។
ច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃធនាគារជាតិនៃកម្ពុជា មាត្រាទី៤៣ បានចែងថា ”ក្នុងពេលដែលមិនបានដកចេញពីចរាចរទេនោះ ក្រដាសប្រាក់ និងកាសដែលបោះផ្សាយដោយធនាគារកណ្តាល គឺជារូបិយវត្ថុមានតម្លៃនីត្យានុកូលក្នុងព្រះរាជាណាចក្រកម្ពុជា និងមានតេជានុភាពធ្វើសេរីកាគ្មានព្រំដែនចំពោះក្រដាសប្រាក់ និងមានព្រំដែនចំពោះកាសក្នុងលក្ខខណ្ឌកំណត់ដោយធនាគារកណ្តាល។”
មាត្រាទី៦៤ បានចែងថា “ជនណាពុំព្រមទូទាត់រូបិយវត្ថុដែលមានតម្លៃនីត្យានុកូល និងមានតេជានុភាពធ្វើសេរីកាលើដែនដីនៃព្រះរាជាណាចក្រកម្ពុជា ជននោះនឹងត្រូវបានផ្តន្ទាទោសពិន័យជាប្រាក់ស្មើនឹង ១០០ដងនៃទឹកប្រាក់ដែលពុំព្រមទូទាត់នោះ ។”


