ចំណុចពិសេសទាំង៤ ពីកំពង់ផែក្រុងព្រះសីហុន ដែលទើបដាក់សម្ពោធថ្មីៗនេះ
នាព្រឹកថ្ងៃច័ន្ទ ទី២៥ ខែមិថុនា ឆ្នាំ២០១៨ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានអញ្ជើញអមដំណើរសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ចំណតផែពហុបំណងនៃកំពង់ផែស្វយ័តក្រុងព្រះសីហនុ។
គម្រោងអភិវឌ្ឍន៍ចំណតផែពហុបំណងនៃកំពង់ផែក្រុងព្រះសីហនុនេះសាងសង់ដោយក្រុមហ៊ុន TOYO Construction Co., Ltd ចងសម្ព័ន្ធជាមួយក្រុមហ៊ុន MAEDA Corporation មកពីប្រទេសជប៉ុនក្នុង តម្លៃទឹកប្រាក់សរុបចំនួន ៤៧.៧០៥.០៨៥ ដុល្លារអាមេរិក ដែលចាប់ផ្តើមអនុវត្តការងារសាងសង់ពីថ្ងៃទី ០៦ ខែមករា ឆ្នាំ២០១៥ និងបញ្ចប់នៅថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៨ (មានរយៈពេល៤២ខែ) និងត្រួត ពិនិត្យបច្ចេកទេសសាងសង់ដោយក្រុមហ៊ុន Nippon Koei Co., Ltd ចងសម្ព័ន្ធជាមួយក្រុមហ៊ុន Oriental Consultants Global Co., Ltd. JV។
កំពង់ផែស្វយ័តក្រុងព្រះសីហនុបច្ចុប្បន្ននេះ អាចស្រូបយកនូវចំណែកទីផ្សាររហូតដល់ជាង៧០% នៃចរាចរណ៍ទំនិញចេញ-ចូលសរុបរបស់ព្រះរាជាណាចក្រកម្ពុជា ដែលក្នុងនោះ វាបានបម្រើនូវសេវាកម្ម ចំនួនបួនរួមមាន៖
+ ទីមួយ ប្រើប្រាស់សម្រាប់ជាចំណតនាវាដឹកអ្នកធ្វើដំណើរទេសចរណ៍
+ ទីពីរ សម្រាប់ដឹកជញ្ជូនទំនិញរាយ
+ ទីបីសម្រាប់ដឹកជញ្ជូនកុងត័រនឺឆ្លងកាត់
+ ទីបួនប្រើសម្រាប់ជួយគាំទ្រជាមូលដ្ឋានភស្តុភារផ្គត់ ផ្គង់ការរុករកប្រេង និងការធ្វើអាជីវកម្ម បេ្រងក្នុងដែនសមុទ្រកម្ពុជា ដែលនឹងជំរុញដល់ការអភិវឌ្ឍផែ្នកសេដ្ឋកិច្ចជាតិ។
ចំណតផែពហុបំណង ដែលបានសាងសង់រួមមានៈ ចំណតផែទំនិញរាយប្រវែង ៣៣០ម៉ែត្រ ជម្រៅទឹក ១៣,៥ម៉ែត្រ ចំណតផែមូលដ្ឋានផ្គត់ផ្គង់ភស្តុភារសម្រាប់ការរុករកប្រេងប្រវែង ២០០ម៉ែត្រ ជម្រៅទឹក ៧,៥ម៉ែត្រ និងការផ្គត់ផ្គង់នាវាសណ្តោង(Tugboat) ក្រោមហិរញ្ញប្បទានសម្បទានមានទឹកប្រាក់ សរុបចំនួនប្រមាណ ៧៤ លានដុល្លារអាមេរិក ពីរដ្ឋាភិបាលជប៉ុន តាមរយៈទីភ្នាក់ងារសហប្រតិបត្តិ ការអន្តរជាតិជប៉ុន (JICA) រួមជាមួយថវិកាបដិភាគរបស់រាជរដ្ឋាភិបាល។
ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានលើកឡើងថា៖ ចំណតផែពហុបំណងនៃកំពង់ផែស្វយ័ត ក្រុងព្រះសីហនុ គឺជាច្រកទ្វារសេដ្ឋកិច្ចជាតិមួយដ៏សំខាន់ សម្រាប់ដោះដូរផលិតផលកសិកម្ម និងកសិ-ឧស្សាហកម្មរបស់ព្រះរាជាណាចក្រកម្ពុជាទៅកាន់ទីផ្សារពិភពលោក ដោយបានតភ្ជាប់ទៅនឹងផ្លូវជាតិលេខ២, លេខ៣, លេខ៤ ផ្លូវរថភ្លើង និងជាពិសេសផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុដែល គ្រោងនឹងបើកការដ្ឋានសាងសង់ក្នុងពេលឆាប់ៗខាងមុខនេះ។
ឯកឧត្តមទេសរដ្ឋមន្ត្រី បានបន្ថែមទៀតថា៖ ការតភ្ជាប់ទៅនឹងផ្លូវគមនាគមន៍សំខាន់ៗ និងការធ្វើឲ្យប្រសើរ ឡើងនូវសមត្ថភាពរបស់កំពង់ផែ បានធ្វើឲ្យកំពង់ផែស្វយ័តក្រុងព្រះសីហនុ កាន់តែដើរតួនាទីយ៉ាង សំខាន់ក្នុងការដឹកជញ្ជូនទំនិញបានឆាប់រហ័ស ព្រមទាំងមានតម្លៃថោក សំដៅលើកកម្ពស់សមត្ថភាព ប្រកួតប្រជែងរបស់កម្ពុជា ជាមួយប្រទេសជិតខាង និងប្រទេសក្នុងតំបន់៕








