សម្តេច ហ៊ុន សែន ព្រមានចាត់វិធានការ ចំពោះជនឆបោកតាមបណ្តាញសង្គម ទាក់ទងនឹងបញ្ហាទឹកខ្មៅជ្រលក់ដៃ
- July 2, 2018
នៅព្រឹកថ្ងៃចន្ទ ៥រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៨នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់អោយប្រើប្រាស់ស្ពានអាកាសមិត្តភាពកម្ពុជា-ចិនសែនសុខ ហៅស្ពានអាកាសផ្សារដីហ៊ុយ ដែលជាស្ពានអាកាសទី៥នៅក្នុងរាជធានីភ្នំពេញ។
នៅក្នុងឱកាសនោះផងដែរ សម្តេចតេជោបានមានប្រសាសន៍ថា ថ្មីៗនេះមានការផ្សព្វផ្សាយព័ត៌មានឆបោកតាមបណ្តាញសង្គម ដែលនិយាថា នៅក្នុងពេលបោះឆ្នោតជាតិខាងមុខនេះ គឺមានទឹកខ្មៅពីរប្រភេទ ដែលនឹងយកមកប្រើគឺ ១.ទឹកខ្មៅជ្រលក់ដៃធម្មតា និង ២.ទឹកខ្មៅដែលជ្រលក់ដៃហើយ គឺនឹងធ្វើអោយស្លាប់ភ្លាមក្នុង២៤ម៉ោង។
នេះជាព័ត៌មានបោកប្រាស់ ដែលមានចេតនាបង្កចលាចល អសន្តិសុខនិងសណ្តាប់ធ្នាប់ដល់ប្រទេសជាតិ និងបំភ័យប្រជាជនកុំអោយទៅបោះឆ្នោតនៅក្នុងថ្ងៃបោះឆ្នោតជាតិខាងមុខនេះ។ នេះគឺជាសកម្មកភាព ដែលចាត់ទុកជាអំពើឧក្រិដ្ឋ និងជាបទល្មើសដែលមិនអាចអត់ឱនបានជាដាច់ខាត។ សមត្ថកិច្ច និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ត្រូវឃ្លាំមើលសកម្មភាពពួកគេ ព្រមទាំងនាំខ្លួនជនទុច្ចរិតទាំងនោះមកផ្តន្ទារទោសតាមច្បាប់ជាធរមាន៕
- Share This Post:






