សង្គម

ពិបាកធ្វើចិត្ត! ប្អូនប្រុសជនរងគ្រោះ សុំអង្វរសមត្ថកិច្ចបញ្ចេញកំហឹងដាក់ឡានជនបង្ក ព្រោះមិនបានឃើញមុខតៃកុងឡាន

BY
Sovann
January 24, 2021

គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងដោយសារតែបុរសអ្នកបើករថយន្តតាក់ស៊ីម៉ាក់ ALPHARD មួយគ្រឿងបានបើករថយន្តក្នុងល្បឿនលឿនបុករះបណ្តាលអោយនារីវ័យក្មេងម្នាក់ត្រូវបានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុចោលគូដណ្តឹងរបស់នាង។ ក្នុងនោះដែរគេឃើញបុរសម្នាក់ដែលជាប្អូនប្រុសនារីរងគ្រោះបានស្រែកយំ សុំអង្វរសមត្ថកិច្ចដើម្បីវាយកំទេចកញ្ចក់ឡានជនបង្ករ ជំនួសការវាយជនបង្ករ ព្រោះតែជនបង្ករត្រូវបានសមត្ថកិច្ចបញ្ជូនខ្លួនទៅកាន់ប៉ុស្តិ៍នគរបាលបាត់ទៅហើយ។

គួរបញ្ជាក់ផងដែរថានារីរូបស្រស់សោភាម្នាក់ បានស្លាប់យ៉ាងអាណោចអាធ័មក្នុងថ្លុកឈាម បន្ទាប់ពីជិះម៉ូតូទៅជួបគូដណ្ដឹងដើម្បីហូបអាហារជុំគ្នា បែរជាត្រូវរថយន្ត ALPHARD ដែលម្ចាស់បើកបុករថយន្ត២គ្រឿងហើយបើករត់មកបុករះម៉ូតូ២គ្រឿង បណ្ដាលឲ្យនាងដួលហើយកិនស្លាប់យ៉ាងរន្ធត់ បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង កាលពីវេលាម៉ោងប្រមាណ០៨:០០នាទីយប់ ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២១នេះ នៅមុខច្រកបុរីប៉េងហួត ជិតច្រមុះជ្រូកស្ទឹងមានជ័យ លើផ្លូវ២១៧ ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

នគរបាលចរារណ៍ខណ្ឌមានជ័យ បានបញ្ជាក់ប្រាប់ក្រុមការងារខ្មែរណូតថា ជនរងគ្រោះឈ្មោះ លឹម ស្រីហេង ភេទស្រី អាយុ២៨ឆ្នាំ មុខរបរលក់ដូរ មានទីលំនៅផ្ទះលេខ២៤ បុរីពិភពថ្មី(ចំការដូង) សង្កាត់ដង្កោ ខណ្ឌដង្កោ ។ ចំណែកអ្នកបើកបររថយន្តបង្កមានឈ្មោះ គួង ស៊ីថន ភេទប្រុស អាយុ៤១ឆ្នាំ មុខរបរបើកបររថយន្តតាក់ស៊ី ស្នាក់នៅម្ដុំស្ទឹងមានជ័យ សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

សាក្សីដែលឃើញហេតុការណ៍ផ្ទាល់បានរៀបរាប់ប្រាប់ក្រុមការងារខ្មែរណូតយើងថា នៅមុនពេលកើតហេតុ គេឃើញបុរសម្នាក់ បើករថយន្តទំនើបមួយគ្រឿង ម៉ាក ALPHARD ពណ៌ស ពាក់ស្លាកលេខ 2BJ-2004 ធ្វើដំណើរតាមផ្លូវ២១៧ ពីត្បូងមកជើង ក្នុងល្បឿនលឿនល្មម បានជ្រុលទៅបុកប៉ះរថយន្តមួយគ្រឿង ម៉ាក Mazda (មិនចាំស្លាកលេខ) បណ្ដាលឲ្យខូចខាត នៅមុខវត្តសំបួរមាស ផ្លូវ២១៧ ហើយមិនព្រមឈប់ទេ បានបើកគេចខ្លួនទៅបុកប៉ះរថយន្តកាម៉ារីមួយគ្រឿងទៀត ពាក់ស្លាកលេខភ្នំពេញ 2S-6510 ហើយនៅតែមិនឈប់ទៀត បានបើករត់គេចខ្លួនទាំងភ័យស្លន់ស្លោ ព្រោះឃើញរថយន្តកាម៉ារីនោះ បើកតាមពីក្រោយរហូតមកដល់ចំណុចកើតហេតុខាងលើ (មុខច្រកចូលបុរីប៉េងហួត) ស្រាប់តែបន្តទៅបុករះ ម៉ូតូហុងដាឌ្រីមសង់ សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខតាកែវ 1N-8939 រងការខូចខាងយ៉ាងដំណំ ចំណែកបុរសជាអ្នកបើកម៉ូតូរបួសស្រាល ហើយបន្តបុកម៉ូតូហុងដាស្កុបពី(Scoopy) ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 1II-9166 បើកបរដោយនារីជនរងគ្រោះខាងលើ ដោយរថយន្តកិនពីលើជនរងគ្រោះបែកក្បាលស្លាប់នៅនឹងកន្លែងកើតហេតុតែម្តង ។

ភ្លាមៗនោះតៃកុងរថយន្តបង្ក ក៏ត្រូវបានប្រជាពលរដ្ឋនិងសមត្ថកិច្ចមូលដ្ឋានឃាត់ខ្លួនបាន ហើយវាយខ្នោះនាំខ្លួនទៅកាន់ប៉ុស្តិ៍នគរបាលស្ទឹងមានជ័យទី៣ ដែលនៅជិតនោះស្រាប់ ដើម្បីការពារកុំអោយមានប្រជាពលរដ្ឋខឹងសម្បារប្រើហិង្សាណាមួយកើតឡើង ដើម្បីរងចាំប្រគល់អោយជំនាញចាត់ការតាមច្បាប់ ។

បន្ទាប់មកនៅគេឃើញសាច់ញាតិនារីរងគ្រោះ បានមកដល់កន្លែងកើតហេតុជាបន្តបន្ទាប់ ស្រែកទ្រហោយំ មិនអស់ចិត្ត ទប់កំហឹងមិនបានរត់ទៅវាយបំបែកកញ្ចក់រថយន្តបង្ក តែត្រូវបានសមត្ថកិច្ចរារាំងមិនអោយវាយឡើយ។ បើតាមប្រភពពីគ្រួសារសពបានបញ្ជាក់អ្នកយកព័ត៌មានខ្មែរណូតយើងដែរថា នារីជនរងគ្រោះ ជិតដល់ថ្ងៃភ្ជាប់ពាក្យជាមួយគូដណ្ដឹងនៅដើមខែកុម្ភៈខាងមុខនេះហើយ តែអកុសលមុនពេលកើតហេតុ បានណាត់គ្នាទៅហូបអាហារជុំគ្នាជាមួយគូដណ្ដឹង ដោយបានជិះម៉ូតូចេញពីផ្ទះទៅតែម្នាក់ឯង តែបានពាក់កណ្តាលផ្លូវក៏ជួបគ្រោះថ្នាក់ដ៏រន្ធត់បែបនេះទៅវិញ ។

មហាជនទូទៅបានសម្ដែងការមានការមិនពេញចិត្តយ៉ាងខ្លាំង ចំពោះទង្វើរបស់អ្នកបើកបររថយន្តមួយចំនួន ដែលតែងតែបង្កគ្រោះថ្នាក់ហើយបើករត់គេចចេញពីកន្លែងកើតហេតុនេះ រហូតពេលខ្លះមានអ្នកដេញតាមឃាត់បានម្ដងៗ ធ្វើអោយពួកគាត់ស្ទើរតែទប់កំហឹងមិនបាននោះ បើសមត្ថកិច្ចទៅមិនទាន់ពេលទេ អ្នកដែលបើកបុកគេរត់នេះ គឺជាក់ស្ដែងមហាជនពិបាកទប់កំហឹងណាស់ ។

សូមបញ្ជាក់ថា រថយន្តបង្កជា(រថយន្តតាក់ស៊ី) ដែលទើបតែទិញជិះ កាលពីថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២០កន្លងមកនេះ ហើយកាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០២១ ក៏បានបើកវ៉ាជែងផ្លូវកោងចូលគន្លងម្ខាងទៀត ស្ទើរតែបង្កគ្រោះថ្នាក់ចរាចរណ៍ម្ដងរួចមកហើយ តែសំណាងល្អ គេគេចទាន់ ទើបមិនមាននរណាគ្រោះថ្នាក់ ។

ក្រោយពេលកើតហេតុជនបង្កខាងលើត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ចំណែកសពនារី ត្រូវបានគ្រួសារដឹកតាមរថយន្តសាម៉ុយ យកទៅធ្វើបុណ្យតាមប្រពៃណី៕

Share This Post: