ប្រយ័ត្នស៊យធំ! ទង្វើទាំងអស់នេះត្រូវក្រសួងកំណត់ថា ជាការលួចចម្លងនៅក្នុងម៉ោងប្រឡង
ខណៈការប្រលងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិកាន់តែខិតជិតមកដល់ កាលពីពេលថ្មីៗនេះ ក្រសួងអប់រំ យុវជន និងកីឡា បានបង្ហាញឲ្យបេក្ខជន ដែលត្រៀមខ្លួនប្រឡងទាំងអស់បានដឹងពីទង្វើ ដែលត្រូវកំណត់ថាជាការលួចចម្លង ដែលទង្វើទាំងអស់នោះមានដូចជា៖
- មានសៀវភៅឯកសារ ឬសំណៅឯកសារសរសេររូបមន្តលើបន្ទាត់ ឬក្រដាសសដោយ ដែកចារ ការចម្លងរូបមន្ត ឬមេរៀននៅលើតុទុកជាមុន ការសរសេរលើបាតដៃ លើភ្លៅ លើទ្រនាប់ជើង លើកន្សែងជូតមុខ។ល។ ក្នុងបន្ទប់ប្រឡង ។
– ចម្លងសំណៅកិច្ចការពីអ្នកដទៃ ឬយកកិច្ចការអ្នកដទៃមកដាក់នៅ កន្លែងដែលខ្លួនអង្គុយ
– អើតមើលសន្លឹកកិច្ចការអ្នកដទៃ
– ប្រើប្រាស់ទូរស័ព្ទដៃ និងឧបករណ៍អេឡិចត្រូនិកគ្រប់ប្រភេទនៅក្នុងបន្ទប់ប្រឡង
– អង្គុយខុសពីលេខតុរបស់ខ្លួនដោយគ្មានការអនុញ្ញាតពីអនុរក្ស ឬរំកិលមកអង្គុយកៀកអ្នកដទៃ
– រំកិលតុមកអង្គុយជាប់គ្នា ខុសពីប្លង់កំណត់ដោយគណៈមេប្រយោគ
– បង្កឲ្យអ្នកដទៃចម្លង
– ប្ដូរសន្លឹកកិច្ចការគ្នា ឬប្ដូរក្រដាសព្រាងគ្នា ឬផ្ទៀងផ្ទាត់ចម្លើយគ្នា ឬចម្លងគ្នាជាក់ស្ដែង។
អត្ថបទ៖ សេម