ខ្មែរណូត

ស្វែងរក

  • ចរាចរណ៍

    ខឹងរថយន្តកុងតឺន័របុកពីក្រោយហើយបើករត់ នារីរូបស្រស់ម្ចាស់រថយន្តព្រូសបើកដេញតាម រួចកាក់ពីមុខ ដើម្បីឲ្យចុះមកដោះស្រាយ បែរត្រូវរថយន្តកុងតឺន័របើកបំបុកអូសជាច្រើនម៉ែត្រទៀត

    BY Khmernote Media January 25, 2021
    ខឹងរថយន្តកុងតឺន័របុកពីក្រោយហើយបើករត់ នារីរូបស្រស់ម្ចាស់រថយន្តព្រូសបើកដេញតាម រួចកាក់ពីមុខ ដើម្បីឲ្យចុះមកដោះស្រាយ បែរត្រូវរថយន្តកុងតឺន័របើកបំបុកអូសជាច្រើនម៉ែត្រទៀត

    រាជធានីភ្នំពេញ ៖ នារីម្នាក់បើករថយន្តតូយ៉ូតាព្រូស ខឹងបុរសម្នាក់ជាអ្នកបើករថយន្តកុងតឺន័រសណ្ដោងកន្ទុយដឹកដែករាប់តោន ដែលមកបុករថយន្តរបស់នាងពីក្រោយ បណ្ដាលឲ្យខូចខាតបន្តិចបន្តួច ហើយមិនព្រមឈប់ទទួលខុសត្រូវ បានព្យាយាមបើករត់ធ្វើព្រងើយ ទើបនាងខឹងពេកបើករថយន្តដេញតាមទៅឈប់ពីមុខរថយន្តបាំងពីមុខដើម្បីដោះស្រាយ បែរជារថយន្តកុងតឺន័របើកទៅបុកអូសបន្ថែមជាច្រើនម៉ែត្រទៀត បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានបង្កការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង១០:០០នាទីយប់ ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២១នេះ នៅតាមផ្លូវជាតិលេខ១ ទល់មុខមន្ទីរសម្រាកព្យាបាល ច្បារអំពៅ ស្ថិតនៅភូមិដើមស្លែង សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ ។

    សាក្សីដែលឃើញហេតុការណ៍ផ្ទាល់បានរៀបរាប់ប្រាប់ក្រុមការងារខ្មែរណូតយើងថា ដំបូងឡើយគេឃើញនារីម្នាក់ បើករថយន្តមួយគ្រឿង ម៉ាកតូយ៉ូតាព្រូស (Toyota Prius) ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2BC-1364 បានធ្វើដំណើរតាមផ្លូវជាតិលេខ១ ក្នុងទិសដៅពីកើតទៅលិចស្របទិសគ្នាជាមួយរថយន្តកុងតឺន័រមួយគ្រឿងទៀត ពណ៌ស ពាក់ស្លាកលេខព្រះសីហនុ 3A-6001 ដែលបើកបរដោយបុរសម្នាក់ បានបើកទន្ទឹមគ្នា តែមកដល់ចំណុចម្ដុំមុខវត្តវាលស្បូវ ស្រាប់តែរថយន្តបង្កហេតុ ប្រភេទកុងតឺន័រសណ្ដោងកន្ទុយដឹកដែករាប់តោននេះ បានមកដេញកៀររថយន្ត Toyota Prius របស់នារីខាងលើ បណ្ដាលឲ្យបែកស្តុប និងកាងខាងក្រោយបន្តិចបន្តួច ហើយរថយន្តបង្កមិនឈប់ទទួលខុសត្រូវទេ បានព្យាយាមបើករត់ចេញពីកន្លែងកើតហេតុធ្វើព្រងើយ តែត្រូវនារីរូបស្រស់ខាងលើបន្ថែមល្បឿនរថយន្ត ដេញតាមជិត៣គីឡូម៉ែត្រ ទើបតាមទាន់ ហើយក៏សម្រេចចិត្តបួងចង្កូតរថយន្តទៅខាងឆ្វេងដៃ រួចជាន់ហ្រ្វាំងឈប់ពីមុខបាំងពីមុខរថយន្តបង្កហេតុ ដើម្បីអោយរថយន្តបង្កឈប់ហើយចុះមកដោះស្រាយ តែអ្នកបើកបររថយន្តកុងតឺន័រ មិនឈប់ឡើយ បែរជាបើកទៅបំបុករថយន្តព្រូសរបស់នាង អូសជាង៥ម៉ែត្រទៀតទើបឈប់ បណ្តាលឲ្យរថយន្ត Toyota Prius រងការខូចខាតយ៉ាងដំណំ តែមិនធ្វើឲ្យនារីនេះ ឬប្រជាពលរដ្ឋណាម្នាក់រងរបួសឡើយ ។

    ភ្លាមៗនោះនារីក្លាហាននេះ ក៏បានស្រែកឲ្យប្រជាពលរដ្ឋជួយ និងឃាត់តៃកុងរថយន្តបង្កផងដែរ តែដោយឃើញស្ថានភាពជាក់ស្ដែងសាហាវពេក ប្រជាពលរដ្ឋទ្រាំមិនបានក៏ដាក់តៃកុងរថយន្តបង្កម្នាក់១ដៃ១ជើងទន់ខ្លួនដេកសន្លប់ ត្រូវបានសមត្ថកិច្ចដឹកយកទៅពេទ្យផងដែរ ៕

    ដោយ៖ បងម៉េង ខ្មែរណូត

    Share This Post: