បុរសម្នាក់ទំនងស្រវឹងស្រាបើករថយន្តយីឌុបក្នុងល្បឿនលឿន ជ្រុលទៅបុករថយន្តដឹកទឹកកកពីក្រោយក្រឡាប់ផ្ងារជើង នៅផ្លូវ៦០ម៉ែត្រ
ភ្ភ្នំពេញ៖ រថយន្តយីឌុបមួយគ្រឿង បើកបរដោយបុរសម្នាក់ទំនងស្រវឹងស្រាក្នុងល្បឿនលឿន និងមិនប្រយ័ត្ន បានជ្រុលទៅបុករថយន្តដឹកទឹកកកពីក្រោយពេញទំហឹង បណ្ដាលឲ្យរថយន្តដឹកទឹកកកក្រឡាប់ផ្ងារជើង មួយចំហៀង បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោងជិត៩យប់ ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១ នៅបណ្ដោយផ្លូវ៦០ម៉ែត្រ ត្រង់ចំណុចកែងផ្លូវបេតុងក្រោយផ្សារក្រមួន ក្នុងភូមិព្រែកតាឡុង១ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញ បុរសម្នាក់បានបើករថយន្តឃ្លុបដឹកទឹកកក ម៉ាក KAI FRONTIER ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AJ-1835 បានបើកធ្វើដំណើរតាមបណ្ដោយផ្លូវ៦០ម៉ែត្រ ក្នុងទិសដៅ ពីជើងទៅត្បូង លុះមកដល់ចំនុចកើតហេតុ ក៍បានស៊ីញ៉ូបត់ឆ្វេង គោលបំណងចូលទៅផ្លូវបេតុង ក្រោយផ្សារក្រមួន ស្រាប់តែរថយន្តបត់បានបន្តិច ក៍មានបុរសម្នាក់ទៀត ទំនងជាស្រវឹងស្រា បានបើករថយន្តយីឌុបធុនធំ ម៉ាកហ៊ីយ៉ាន់ដាយ Hyundai ពណ៌សលាយបៃតង ពាក់ស្លាកលេខព្រះសីហនុ 3A-0586 ធ្វើដំណើរក្នុងទិសដៅស្របគ្នា ក្នុងល្បឿនលឿន ទើបបណ្ដាលឲ្យរថយន្តជ្រុលទៅបុក រថយន្តឃ្លុបដឹកទឹកកក ពីក្រោយពេញទំហឹង បណ្ដាលឲ្យក្រឡាប់ផ្ងារជើងមួយចំហៀងខាងស្ដាំ ព្រមទាំងធ្វើឲ្យអ្នកបើករថយន្ត រងរបួសតិចតួច តែមិនបានទៅមន្ទីរពេទ្យទេ។ ដោយឡែករថយន្តយីឌុបវិញ រងការខូចខាតផែ្នកខាងមុខចំហៀងខាងឆ្វេងផងដែរ ។

ក្រោយមក ឃើញមានកម្លាំងសមត្ថកិច្ចមូលដ្ឋានក៍ដូចជាជំនាញចរាចរណ៍ខណ្ឌមានជ័យ បានចុះទៅកន្លែងកើតហេតុ រួចហើយបានបាញ់ថ្នាំ និងធ្វើការវាស់វែង ស្ទូចយករថយន្តដាក់គៀន កុំឲ្យមានការកកស្ទះចរាចរណ៍ដល់អ្នកដំណើរដទៃទៀត ព្រមទាំងឲ្យភាគីទាំងសងខាងសម្របសម្រួលគ្នាផងដែរ ។
ក្រោយកើតហេតុ ភាគីទាំងសងខាង បានសម្របសម្រួល ដោយខាងរថយន្តយីឌុប បានព្រមសងថ្លៃខូចខាតទៅលើរថយន្តដឹកទឹកកក ចំនួន៥០០ដុល្លារ ដើម្បីបញ្ចប់រឿងនៅនឹងកន្លែង៕

ដោយ៖ បងម៉េង ខ្មែរណូត