រថយន្ត PRIUS បោះពួយយ៉ាងលឿន មិនប្រយ័ត្នរេចង្កូតទៅបុកផ្ទប់បង្គោលភ្លើងពេញទំហឹង ហើយខ្ទាតទៅបុកដើមឈើមួយតង់ទៀត តែសំណាងមិនបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរ
រាជធានីភ្នំពេញ៖ រថយន្ត PRIUS បោះពួយលឿនពេក សង្ស័យងោកមួយភាំង ក៏រេចង្កូតទៅបុកផ្ទប់ បង្គោលខ្សែបណ្ដាញតង់ស្យុងពេញទំហឹង ហើយខ្ទាតទៅបុកខឿនថ្មជុំវិញដើមឈើមួយដើមទៀត បាក់បែកខូចខាតយ៉ាងដំណំ ចំណែករថយន្តខ្ទេចមួយកំណាត់មុខ និងផ្ទុះពោងសុវត្ថិភាពចេញពីដៃចង្កូត ទើបមិនបណ្ដាលឲ្យតៃកុងរងរបួសឡើយ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីជិតពាក់កណ្ដាលអាធ្រាត្រថ្ងៃទី២៩ ឈានចូលថ្ងៃទី៣០ ខែមករា ឆ្នាំ២០២១នេះ នៅចំណុចជិតរោងចក្រអ៉ីខាង លើផ្លូវចោមចៅ (អតីតផ្លូវវេងស្រេង) ភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

សាក្សីដែលឃើញហេតុការណ៍ផ្ទាល់បានរៀបរាប់ប្រាប់ក្រុមការងារខ្មែរណូតថា នៅមុនពេលកើតហេតុ គេឃើញរថយន្តមួយគ្រឿងម៉ាក តូយ៉ូតាព្រូស (TOYOYA PRIUS) ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2BG-8872 បើកបរដោយបុរសវ័យក្មេងម្នាក់ បានធ្វើដំណើរតាមបណ្តោយផ្លូវចោមចៅ(អតីតផ្លូវវេងស្រេង) ទិសដៅពីកើតទៅលិច ពីច្រមុះជ្រូកស្ទឹងមានជ័យ ឆ្ពោះទៅចោមចៅ ក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុ គេសង្ស័យអ្នកបើកបរងោកមួយភាំង ក៏រេចង្កូតទៅខាតស្ដាំដៃឡើងចិញ្ចើមផ្លូវ បុកផ្ទប់បង្គោលថ្មខ្សែបណ្ដាញតង់ស្យុងរបស់អគ្គិសនីកម្ពុជាពេញទំហឹង ហើយខ្ទាតរថយន្តទៅបុក ខឿនថ្មនៅជុំវិញដើមឈើមួយដើមទៀត បណ្ដាលឲ្យបាក់បែកខូចខាតយ៉ាងដំណំ ចំណែករថយន្តខ្ទេចមួយកំណាត់មុខ និងផ្ទុះពោងការពារសុវត្ថិភាពចេញពីដៃចង្កូត ទើបមិនបណ្ដាលឲ្យតៃកុងរងរបួសឡើយ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍ស្ទឹងមានជ័យទី៣ និងផ្នែកវាស់វែងចរាចរណ៍ ខណ្ឌមានជ័យ បានចុះមកធ្វើកំណត់ហេតុ រួចរាយការណ៍ប្រាប់សមត្ថកិច្ចជំនាញ ចុះមកធ្វើការវាស់វែង និងស្ទូចយករថយន្តបង្កទៅរក្សាទុកបណ្ដោះអាសន្ន នៅការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរងចាំដោះស្រាយតាមច្បាប់ ៕










ដោយ៖ បងម៉េង ខ្មែរណូត