បុរសម្នាក់បាត់បង់ជីវិតគួរឲ្យសង្វែក ក្រោយត្រូវម៉ូតូមួយគ្រឿងសង្ស័យពួកដើរទាក់ឆ្កែ ជិះយ៉ាងលឿនទៅបុកពេញទំហឹង ហើយរត់បាត់ស្រមោលអស់ បន្សល់ទុករបស់នេះនៅកន្លែងកើតហេតុ
រាជធានីភ្នំពេញ៖ មនុស្សម្នាក់បានបោកក្បាលនឹងថ្នល់ស្លាប់ក្នុងថ្លុកឈាម និងម្នាក់ទៀតរងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ បន្ទាប់ពីជិះម៉ូតូ Scoopy ឌុបគ្នា ស្រាប់តែត្រូវបានម៉ូតូHonda Wave RSX ដែលអ្នកភូមិស្គាល់ថាជាម៉ូតូដែល ធ្លាប់ជិះដើរទាក់ឆ្កែ ជិះលឿនទៅបុកពេញទំហឹង បណ្ដាលឲ្យដួលអូសនឹងថ្នល់ ហើយរត់បាត់ស្រមោលអស់ បន្សល់តែថង់ខ្មៅមួយដុំដែលច្រកបាវពីក្នុងមូលជាដុំចងកៅស៊ូ នៅក្បែរម៉ូតូ Wave នោះ ។ គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅវេលាម៉ោង០៤:១០នាទីទៀបភ្លឺឈានចូលថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២១នេះ នៅលើមហាវិថីមិត្តភាពភ្នំពេញ-ហាណូយ (ផ្លូវលេខ១០១៩) ត្រង់ចំណុចមុខផ្លូវបេតុងចន្លោះវត្តឃ្មួញ និងសាលាបឋមសិក្សាឃ្មួញ ភូមិឃ្មួញ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យក្រុមការងារខ្មែរណូតដឹងថា នៅមុនពេលកើតហេតុគេឃើញម៉ូតូមួយគ្រឿងម៉ាក Honda Wave RSX កម្លាំងម៉ាស៊ីន110cc ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1CR-1903 ធ្វើដំណើរតាមមហាវិថីភ្នំពេញ-ហាណូយ ពីជើងទៅត្បូងលុះទៅដល់ចំណុចកើតហេតុ បានបុកពីក្រោយម៉ូតូមួយគ្រឿងទៀត ម៉ាកហុងដាស្គូពី (Honda Scoopy) ពណ៌ខ្មៅពាក់ស្លាកលេខត្បូងឃ្មុំ 1A-947 បណ្តាលឱ្យភាគីម៉ូតូ ស្គូពីដួលអូសបោកនឹងថ្នល់ ស្លាប់ក្នុងថ្លុកឈាមនៅកន្លែងកើតហេតុម្នាក់ និងម្នាក់ទៀតរងរបួសធ្ងន់ ចំណែកឯម៉ូតូម៉ាកWave RSX ដួលអូសផ្ទប់នឹងខឿនពុះចែកផ្លូវ ខ្ទាតទៅដល់ទ្វារចេញចូលមុខក្រុមហ៊ុនមួយកន្លែងក្បែរកន្លែងកើតហេតុ ដោយមិនដឹងថាត្រូវរបួសអ្វីខ្លះនោះទេ ព្រោះភ្លាមៗនោះភាគីខាងម៉ូតូ Wave RSX បានគេចខ្លួនចេញពីកន្លែងកើតហេតុបាត់ទៅ ក្រោយមកគេឃើញមានកម្លាំងល្បាតប៉ុស្តិ៍នគរបាលឃ្មួញ ដែលកំពុងល្បាតពួនស្ទាក់ក្នុងមូលដ្ឋានបានមកដល់ក៏ប្រទះឃើញ មនុស្ស២នាក់ដេកដួលកណ្ដាលផ្លូវ មានសភាពធ្ងន់ធ្ងរទាំងពីរ និងបានជួយទំនាក់ទំនងរថយន្តសង្គ្រោះអោយមកដឹកជនរងគ្រោះយកទៅសង្គ្រោះផងដែរ។
តែជាអកុសលនៅពេលរថយន្តគិលានសង្គ្រោះមន្ទីរសម្រាកព្យាបាលសម្ភពសែនជ័យ បានមកដល់ជនរងគ្រោះម្នាក់បានស្លាប់ហើយ ដោយស្ថានភាពរបួសបែកក្បាលធ្ងន់ធ្ងរពេក ចំណែកឯម្នាក់ទៀត បានបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យផងដែរ។ ចំណែកឯភាគីខាងម៉ូតូម៉ាក Honda Wave RSX 110Cc គេមិនឃើញនៅកន្លែងកើតហេតុឡើយ តែមានបុរសម្នាក់ជាប្រជាពលរដ្ឋរស់នៅក្នុងខណ្ឌសែនសុខដែរនោះ សុំមិនប្រាប់ឈ្មោះបានប្រាប់មកថា ម៉ូតូដែលបន្សល់នៅកន្លែងកើតហេតុនេះ ជាម៉ូតូដែលធ្លាប់ជិះចូលទាក់ឆ្កែក្នុងភូមិរបស់គាត់) ហើយនៅក្បែរនោះ គេក៏ឃើញថង់ខ្មៅមួយដុំ ដែលមានច្រកបាវខាងក្នុងហើយមូលចងកៅស៊ូជាដុំផងដែរ។
បច្ចុប្បន្នក្រោយពេលកើតហេតុ ម៉ូតូទាំងពីរគ្រឿងនោះ សមត្ថកិច្ចនគរបាលប៉ុស្តិ៍ឃ្មួញសហការជាមួយផ្នែកចរាចរណ៍ខណ្ឌសែនសុខ បានចុះមកធ្វើកំណត់ហេតុ និងប្រគល់អោយខាងជំនាញ ចុះមកធ្វើការវាស់វែងនិងយកទៅរក្សាទុកនៅការិយាល័យ ចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីដោះស្រាយតាមច្បាប់។
សមត្ថកិច្ចនគរបាលខណ្ឌសែនសុខបានប្រាប់ក្រុមការងារខ្មែរណូតថា ទោះជាយ៉ាងណាក៏ដោយ ចំពោះហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ គ្មានអ្នកណាម្នាក់ឃើញហេតុការណ៍នោះច្បាស់ទេ ម្ល៉ោះហើយមូលហេតុច្បាស់ការណ៍ ក៏មិនទាន់ដឹងនៅឡើយដែរ មានតែរងចាំពេលព្រឹកនឹងឆែកកាមេរ៉ានៅកន្លែងកើតហេតុនេះ ពីព្រោះមានឃ្លាំងលក់រថយន្តមួយកន្លែងនេះមានកាមេរ៉ាសុវត្ថិភាព ដូច្នេះហើយជាតំរុយមួយដែលអាចអោយសមត្ថកិច្ចធ្វើការស្រាវជ្រាវមួយជំហានផងដែរ ៕










ដោយ៖ បងម៉េង ខ្មែរណូត