ខ្មែរណូត

ស្វែងរក

  • ចរាចរណ៍

    ជនជាតិចិនស្រវឹងជោកបើករថយន្តស៊េរីទំនើបលឿនដូចហោះ ទៅបុករថយន្តជាច្រើនបន្តកន្ទុយគ្នា បង្កការភ្ញាក់ផ្អើលទាំងយប់

    BY Khmernote Media February 4, 2021
    ជនជាតិចិនស្រវឹងជោកបើករថយន្តស៊េរីទំនើបលឿនដូចហោះ ទៅបុករថយន្តជាច្រើនបន្តកន្ទុយគ្នា បង្កការភ្ញាក់ផ្អើលទាំងយប់

    រាជធានីភ្នំពេញ៖ បុរសជនជាតិចិនម្នាក់ចេញពីហូបចុកមកពីណាមិនដឹង បានបើករថយន្តស៊េរីទំនើបម៉ាក MASERATI ទាំងស្រវឹងស្រា ក្នុងល្បឿនលឿន ទៅបុកពីក្រោយរថយន្ត LEXUS 470 ពេញទំហឹង និងរុញទៅបុកបន្តកន្ទុយរថយន្ត LAND CRUISER ស៊េរីទំនើបមួយគ្រឿង បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ បង្កការភ្ញាក់ផ្អើលឡើងដល់សមត្ថកិច្ចប៉ុស្តិ៍ទន្លេបាសាក់ ចុះជួយអន្តរាគមន៍ភ្លាមៗ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង០១៖១០នាទីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២១នេះ នៅចំណុចស្តុបចំការមន ផ្លូវសុធារស កែងផ្លូវព្រះនរោត្តម ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

    សាក្សីដែលឃើញហេតុការណ៍ផ្ទាល់បានរៀបរាប់ប្រាប់ក្រុមការងារខ្មែរណូតថា នៅពេលកើតហេតុ គេឃើញមានរថយន្តពីរគ្រឿង មានរថយន្តម៉ាកឡង់គ្រីស័រ LAND CRUISER ពណ៌ទឹកមាស ពាក់ស្លាកលេខភ្នំពេញ 2AN-5658 បើកបរដោយបុរសមិនស្គាល់អត្តសញ្ញាណម្នាក់ និងរថយន្តមួយគ្រឿងទៀតដែលនៅបន្ទាប់ ម៉ាក LEXUS 470 ពាក់ស្លាកលេខភ្នំពេញ 2T-8947 បើកបរដោយស្ត្រីម្នាក់ បានធ្វើដំណើរតាមបណ្តោយផ្លូវសុធារស ទិសដៅពីកើតមកលិច លុះមកដល់ចំណុចកើតហេតុ បានឈប់រងចាំស្តុបបន្តបន្ទាប់គ្នាបានបន្តិច ស្រាប់តែមានរថយន្តស៊េរីមួយគ្រឿងទៀត ម៉ាក MASERATI ពណ៌ស ពាក់ស្លាកលេខព្រះសីហនុ 2A-8531 បើកបរដោយបុរសជនជាតិចិនមិនស្គាល់អត្តសញ្ញាណម្នាក់ ដែលស្រវឹងជោកជាំ និងម្នាក់ទៀតរួមដំណើរជាមួយ បានធ្វើដំណើរស្របទិសគ្នាមកពីក្រោយ ក្នុងល្បឿនយ៉ាងលឿន ក៏ជ្រុលទៅបុកពីក្រោយរថយន្ត LEXUS 470 ពេញទំហឹង និងរុញទៅបុកបន្តកន្ទុយរថយន្ត LAND CRUISER បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ បង្កការភ្ញាក់ផ្អើលឡើងដល់សមត្ថកិច្ចប៉ុស្តិ៍ទន្លេបាសាក់ ចុះជួយអន្តរាគមន៍ភ្លាមៗ។

    បច្ចុប្បន្នក្រោយពេលកើតហេតុ សមត្ថកិច្ចប៉ុស្តិ៍នគរបាលទន្លេបាសាក់ សហការជាមួយផ្នែកវាស់វែងចរាចរណ៍ខណ្ឌចំការមន បានចុះមកដល់ ហើយសមត្ថកិច្ចផ្នែកវាស់វែងក៏បានអោយឃាត់ខ្លួនជនជាតិចិនដែលបើកបរក្រោម ឥទ្ធិពលគ្រឿងស្រវឹង ខាងលើទៅកាន់ស្នាក់ការប៉ុស្តិ៍ទន្លេបាសាក់ ដើម្បីរង់ចាំប្រគល់ឲ្យជំនាញចាត់ការតាមច្បាប់ផងដែរ។ រីឯរថយន្តទាំងបីគ្រឿងត្រូវបានប្រគល់អោយជំនាញ ចុះមកធ្វើការវាស់វែង និងយកទៅរក្សាទុក នៅការិយាល័យចរាចរណ៏ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរងចាំចាត់ការតាមច្បាប់ ៕

    ដោយ៖ បងម៉េង ខ្មែរណូត

    Share This Post: