ចេញពីផឹកស៊ីស្រវឹងរួចបើករថយន្តមិនប្រយ័ត្នទៅបុករបាំងថ្មពុះចែកទ្រូង ហេីយផ្លូវព្យាយាមបើករត់ត្រូវប៉ូលិសចាប់បានដដែល
រាជធានីភ្នំពេញ៖ បុរសពីរនាក់បើករថយន្ត PRUIS ទៅបុករបាំងថ្ម ពុះចែកទ្រូងផ្លូវ នៅខាងមុខវត្តទួលទំពូង តាមបណ្ដោយ ផ្លូវម៉ៅសេទុង កែងផ្លូវ១៥៥ ក្នុងសង្កាត់ទួលទំពូងទី១ ខណ្ឌចំការមន ហើយរថយន្តក៏បានព្យាយាមបើកបន្តដំណើរគេចខ្លួន ក៏ត្រូវសមត្ថកិច្ចស្ទាក់ចាប់បាន នៅត្រង់ចំណុចខាងមុខ ភោជនីយដ្ឋានសូលហ្គោល ឌិនស៊ីធី (Soul Golden City) ផ្លូវព្រះសុធារស ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

សាក្សីដែលឃើញហេតុការណ៍ផ្ទាល់បានរៀបរាប់ប្រាប់ក្រុមការងារខ្មែរណូតថា នៅមុនពេលកើតហេតុ គេឃើញបុរស ២នាក់ បើកបររថយន្ត មួយគ្រឿងម៉ាកតូយ៉ូតាព្រូស (TOYOTA PRIUS) ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2BB-7018 ដោយធ្វើដំណើរក្នុងស្ថានភាពស្រវឹង តាមបណ្ដោយផ្លូវ១៥៥ ទិសដៅពីត្បូងទៅជើង និងក្នុងល្បឿនយ៉ាងលឿន លុះដល់ចំណុចកើតហេតុរថយន្តនោះក៏បំរុងបត់ស្ដាំទៅផ្លូវ ម៉ៅសេទុង ខណៈពេលនោះដោយបួងចង្កូតមិនទាន់ ក៏ជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹង បណ្តាលឲ្យបាក់អស់ចំនួន ២ផ្ទាំង ចំណែកឯរថយន្តបានរងការខូចខាតមួយកំណាត់ខាងមុខយ៉ាងដំណំ តែមិនបង្កឲ្យមានអ្នករងរបួសនោះទេបន្ទាប់មកអ្នកបើកបរ រថយន្តនោះ មិនបានឈប់នៅរង់ចាំធ្វើការដោះស្រាយទៅតាមផ្លូវច្បាប់នោះទេ ។ បែរជាព្យាយាមបើកបន្តដំណើររត់គេចចេញពីកន្លែងកើតហេតុតែក៏ មានប្រជាពលរដ្ឋដែលឃើញហេតុការណ៍បានជួយជិះម៉ូតូដេញតាមពីក្រោយ និងរាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋាន ហើយក៏ត្រូវបាន សមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍នគរបាលរដ្ឋបាលទន្លេបាសាក់ ធ្វើការស្ទាក់ចាប់បាននៅត្រង់ចំណុចខាងលើភ្លាមៗតែម្តង ។
ក្រោយពីត្រូវបានសមត្ថកិច្ចធ្វើការស្ទាក់ចាប់បាន បុរសដែលជាអ្នកបើកបរ រថយន្តបង្ក បានឆ្លើយបញ្ជាក់ពីមូលហេតុ ដែលបណ្ដាលឲ្យ បុករបាំងថ្មពុះចែកទ្រូងផ្លូវ គឺនៅមុនពេលកើតហេតុ គាត់មានគ្នាប្រុសស្រីចំនួន ៤នាក់ និងបានបើករថយន្តតាមបណ្ដោយផ្លូវ១៥៥ ហើយ បំណងបត់ស្ដាំទៅផ្លូវម៉ៅសេទុង តែខណៈពេល ដែលបំរុងនិងបត់ស្តាំ ក៏ស្រាប់តែមានម៉ូតូមិនចាំម៉ាកមួយគ្រឿង បានបើកបញ្ច្រាសទិសដៅ ចរាចរណ៍។ រួចក៏ធ្វើឲ្យគាត់អកហ្សឺ និងព្យាយាមកាច់ចង្កូតគេចពីម៉ូតូ ហើយក៏ជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវ បណ្ដាលឲ្យ រងការខូចខាតតែម្តង ៕








ដោយ៖ បងម៉េង ខ្មែរណូត