គ្រោះថ្នាក់ចរាចរណ៍២ករណីផ្សេងគ្នា បង្កឡើងដោយរថយន្តស៊េរីទំនើប PORCHES ដូចគ្នា ១បុកជាមួយរថយន្តHighlander និង១ទៀតបុកកង់បី ក្រឡាប់ផ្ងារជើង
រាជធានីភ្នំពេញ៖ បើកឆាករយៈពេល៥ថ្ងៃដើមខែកុម្ភៈនេះ មានគ្រោះថ្នាក់ចរាចរណ៍ចំនួន២ករណីផ្សេងគ្នា ដែលបង្កឡើងដោយរថយន្តស៊េរីទំនើបម៉ាក PORCHES ដូចគ្នា តែខុសគ្នាត្រង់ម៉ាក PORCHES PANAMERA S Hybrid និងម៉ាក PORCHES PANAMERA ។ ដោយរថយន្ត PORCHES PANAMERA ពណ៌ទឹកប្រាក់ បើកបរដោយជនជាតិចិន បានទៅបុកជាមួយរថយន្ត Highlander បណ្ដាលឲ្យរងការខូចខាតរថយន្តទាំងពីរគ្រឿងយ៉ាងដំណំ និងបណ្ដាលឲ្យក្មេងស្រីម្នាក់របួសបែកមាត់ហូរឈាម និងរថយន្ត PORCHES PANAMERA S Hybrid ពណ៌ខ្មៅ បើកបរដោយនារីម្នាក់ បានបើកទៅបុកជាមួយកង់បីឥណ្ឌា បណ្ដាលឲ្យកង់បីឥណ្ឌាក្រឡាប់ ផ្ងារជើងម្ខាង និងបណ្ដាលឲ្យមនុស្ស៣នាក់រងរបួសមធ្យម។

ដោយហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ទាំងពីរករណីនេះ កើតឡើងផ្សេងគ្នា ដោយករណីទី១ កើតឡើងនៅផ្លូវបំបែកជាបួន លើផ្លូវព្រះនរោត្តម កែងផ្លូវ១០៦ (ជិតស្ពាននាគភ្លោះ) ក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ កាលពីម៉ោង១០៖៣០នាទីយប់ ថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២១នេះ បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានប្រាប់ក្រុមការងារខ្មែរណូតដែលចុះយកព័ត៌មាននេះផ្ទាល់ថា មុនកើតហេតុ មានស្ត្រីម្នាក់បើករថយន្តមួយគ្រឿងម៉ាក Highlander ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2AD-6285 និងមនុស្សស្រីចាស់ក្មេង៤នាក់ទៀត បានធ្វើដំណើរតាមផ្លូវលេខ១០៦ ត្រលប់មកពីហូបពោតស្ងោរវិញ បានឆ្លងកាត់ផ្លូវបំបែកជាបួន បានពាក់កណ្តាលផ្លូវ ស្រាប់តែត្រូវរថយន្តស៊េរីទំនើបមួយគ្រឿង ម៉ាក PORCHES PANAMERA ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2BA-7779 បើកបរដោយបុរសជនជាតិចិនម្នាក់ ដឹកមិត្តស្រីម្នាក់និងក្រុមគ្រួសារ២នាក់ទៀត បានធ្វើដំណើរតាមបណ្តោយផ្លូវព្រះនរោត្តម ទិសដៅពីជើងទៅត្បូង ក្នុងល្បឿនលឿន ក៏ជ្រុលទៅបុករថយន្ត Highlander ពីចំហៀងខាងស្ដាំ បណ្ដាលឲ្យរងការខូចខាតផ្នែកខាងស្ដាំយ៉ាងដំណំ និងបណ្ដាលឲ្យក្មេងស្រីម្នាក់ ត្រូវជាកូនស្រីម្ចាស់រថយន្ត Highlander បានរបួសបែកមាត់ហូរឈាម ចំណែកឯរថយន្ត PORCHES PANAMERA ធ្លាក់កាងខាងមុខខូចខាតយ៉ាងដំណំ។ ក្រោយពេលកើតហេតុ ជនជាតិចិនភាគីខាងរថយន្ត PORCHES បានធានាយករថយន្ត Highlander ខាងលើ យកទៅជួសជុលអោយទាំងស្រុង និងជូនសំណងថ្លៃព្យាបាលរបួសកូនស្រីម្ចាស់រថយន្ត Highlander ផងដែរ។
ដោយករណីទី២ កើតឡើងនៅផ្លូវបំបែកជាបួន ត្រង់ចំណុចស្តុប បេកាសេ ទល់មុខប៉ុស្តិ៍នគរបាលស្រះចក លើផ្លូវព្រះមុនីវង្ស កែងផ្លូវលេខ១១០ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ កាលពីម៉ោង០១:១០នាទីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃសុក្រ ទី០៥ ខែកុម្ភៈ ឆ្នាំ២០២១នេះ បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានប្រាប់ក្រុមការងារខ្មែរណូតដែលចុះយកព័ត៌មាននេះផ្ទាល់ថា មុនកើតហេតុ គេឃើញមានកង់បីឥណ្ឌាមួយគ្រឿង ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 1HS-4101 បើកបរដោយបុរសចំណាស់ម្នាក់ ដឹកប្រពន្ធនិងកូនស្រី ត្រលប់មកពីលក់បន្លែនៅឯផ្សារដើមគរវិញ ដោយធ្វើដំណើរតាមផ្លូវព្រះមុនីវង្ស ទិសដៅពីត្បូងមកជើង ក្នុងល្បឿនធម្មតា លុះមកដល់ចំណុចកើតហេតុ ស្តុបបេកាសេ ដោយភ្លើងសញ្ញាចរាចរណ៍ ពណ៌បៃតង គេឃើញកង់បីឥណ្ឌាខាងលើ កំពុងបើកឆ្លងកាត់ផ្លូវភ្លោះបំបែកជាបួនបានពាក់កណ្តាលផ្លូវទៅហើយ ស្រាប់តែមានរថយន្តស៊េរីទំនើបមួយគ្រឿងទៀតម៉ាក PORCHES PANAMERA S Hybrid ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2AG-6699 ដែលបើកបរដោយ នារីរូបស្រស់សោភាមិនស្គាល់អត្តសញ្ញាណម្នាក់ បានធ្វើដំណើរតាមបណ្តោយផ្លូវលេខ១១០ ពីកើតមកលិចក្នុងល្បឿនយ៉ាងលឿន មិនគោរពភ្លើងសញ្ញាចរាចរណ៍ បានជ្រុលទៅបុកកង់បីឥណ្ឌាខាងលើ បណ្ដាលឲ្យកង់បីឥណ្ឌាក្រឡាប់ ផ្ងារជើងម្ខាង ខ្ទាតបន្លែដែលនៅសេសសល់លើកង់បី រាយប៉ាយពេញថ្នល់ និងបណ្ដាលឲ្យរងរបួសដៃជើង និងចង្កេះទាំងបីនាក់ឪពុកម្ដាយ និងស្ត្រីដែលជាកូនផងដែរ ត្រូវបានអ្នកឃើញហេតុការណ៍ រួមទាំងសមត្ថកិច្ច ជួយគ្រាមកអែបខាង និងឃាត់បានរថយន្តនៅកន្លែងកើតហេតុផងដែរ។
ក្រោយពីបើកបរបង្កគ្រោះថ្នាក់ដល់ភាគីខាងកង់បីឥណ្ឌា បណ្ដាលឲ្យក្រឡាប់ និងរបួសមនុស្ស៣នាក់រួចហើយ នារីរូបស្រស់ដែលជាអ្នកបើកបររថយន្តបង្ក បានចុះមកសារភាពប្រាប់ភាគីខាងកង់បីឥណ្ឌាថា រូបនាងព្រមទទួលស្គាល់កំហុស ព្រោះតែបើកបរក្នុងស្ថានភាពស្រវឹងបន្តិចហើយ តែទោះបីជាយ៉ាងណា ក៏រូបនាងព្រមទទួលខុសត្រូវ ដោយបានអោយតំណាងចុះមកជួយដោះស្រាយ ចំណែកឯរូបនាងបានចាកចេញពីកន្លែងកើតហេតុបាត់ទៅ ដោយទុកអោយបុរស២នាក់ ជាតំណាងបានចុះមកដោះស្រាយ សងការខូចខាតនិងព្យាបាលរបួសចំនួន៥០០ដុល្លារ ទៅអោយស្ត្រីម្នាក់ដែលជាកូនម្ចាស់កង់បីឥណ្ឌា ខាងលើ ដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុផងដែរ ៕











ដោយ៖ បងម៉េង ខ្មែរណូត