ស្ដែងណាស់! ប្រុស-ស្រីមួយក្រុមបើករថយន្តយ៉ាងលឿន រេចង្កូតទៅបុករបាំងថ្មពុះចែកផ្លូវពេញទំហឹង បណ្ដាលឲ្យរបាំងផ្លូវខ្ទាតទៅលើគន្លងផ្លូវម្ខាងទៀត ចំណែកម្ចាស់រថយន្តនាំគ្នារត់គេចខ្លួនបាត់អស់
រាជធានីភ្នំពេញ៖ ស្ដែងៗណាស់! បុរសស្រីមួយក្រុមបើករថយន្ត PRUIS លឿនពេក រេចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹង បណ្ដាលឲ្យរបាំងថ្ម២ដុំខ្ទាតទៅលើគន្លងផ្លូវម្ខាងទៀត ហើយអ្នកបើកបរនិងអ្នករួមដំណើរបាន នាំគ្នាគេចចេញទៅបាត់អស់ បន្សល់តែរថយន្ត បាក់កាឡេកង់មុខ បើកទៅមុខលែងរួចទទឹងផ្លូវប៉ុណ្ណោះ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងកាលពីវេលាម៉ោង០៣៖២០នាទីទាបភ្លឺ ឈានចូលថ្ងៃចន្ទ ទី០៨ ខែកុម្ភៈ ឆ្នាំ២០២១នេះ នៅត្រង់ចំណុចខាងលិចស្តុបអូតែលស ចម្ងាយ៥០ម៉ែត្រ លើវិថីហ្សាលដឺហ្គោល (ផ្លូវលេខ២១៧) ស្ថិតក្នុងសង្កាត់មនោរម្យ ខណ្ឌ៧មករា រាជធានីភ្នំពេញ។

ប្រភពពីស្ត្រីម្នាក់ដែលជាអ្នកលក់ដូរនៅក្បែរកន្លែងកើតហេតុបានប្រាប់អ្នកយកព័ត៌មានខ្មែរណូតយើងថា នៅមុនពេលកើតហេតុ គាត់ឃើញរថយន្តមួយគ្រឿង ម៉ាកតូយ៉ូតាព្រូស (TOYOTA PRIUS) ពណ៌ប្រផេះ ពាក់ស្លាកលេខភ្នំពេញ2AZ-0771 បើកបរដោយបុរសម្នាក់ និងបុរសនារី២ទៅ៣នាក់ទៀតរួមដំណើរជាមួយគ្នា បានបើកបរតាមបណ្ដោយផ្លូវ ហ្សាលដឺហ្គោល ទិសដៅពីស្តុបអូតែលស ឆ្ពោះទៅស្តុបថ្មដា ពីកេីតមកលិចក្នុងល្បឿនយ៉ាងលឿន លុះមកដល់ចំណុចកើតហេតុ ស្រាប់តែរថយន្តរេចង្កូតទៅខាងស្ដាំដៃ បុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹង បណ្ដាលឲ្យខូចខាតអស់៣ដុំ ដោយរបាំងថ្មចំនួន២ដុំ បានខ្ទាតទៅលើគន្លងផ្លូវម្ខាងទៀត និងមួយដុំទៀតខូចខាតបាក់បែកប្រេះយ៉ាងដំណំ ចំណែកអ្នកបើកបរនិងអ្នករួមដំណើរ បានប្រញាប់ប្រញាល់ នាំគ្នាគេចចេញទៅបាត់អស់ មុនសមត្ថកិច្ចមូលដ្ឋានចុះមកដល់ បន្សល់តែរថយន្ត បាក់កាឡេកង់មុខ បើកទៅមុខលែងរួចទទឹងផ្លូវប៉ុណ្ណោះ។
បច្ចុប្បន្នក្រោយពេលកើតហេតុ គេឃើញកម្លាំងល្បាតអធិការដ្ឋាននគរបាលខណ្ឌ៧មករា បានចុះមកដល់កន្លែងកើតហេតុ ធ្វើការសាកសួរ និងទំនាក់ទំនងផ្នែកវាស់វែងចរាចរណ៍ខណ្ឌ៧មករា ចុះមកធ្វើកំណត់ហេតុ និងប្រគល់អោយផ្នែកជំនាញវាស់វែង ចុះមកស្ទូចយករថយន្តបង្ក ទៅរក្សាទុកបណ្ដោះអាសន្ន នៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការនគរបាលរាជធានីភ្នំពេញ ដើម្បីរងចាំស្រាវជ្រាវរកម្ចាស់រថយន្តឲ្យចូលខ្លួនមកដោះស្រាយតាមផ្លូវច្បាប់ផងដែរ ៕







ដោយ៖ បងម៉េង ខ្មែរណូត