បុគ្គលិកពេទ្យម្នាក់ត្រូវក្រុមពេទ្យគ្នាឯងច្រឡំចាក់វ៉ាក់សាំងកូវីដ១៩ រហូតដល់ទៅ ៥ដូស នៅអំឡុងការហាត់សមចាក់វ៉ាក់សាំង
សិង្ហបុរី៖ ស្រ្តីជនជាតិសិង្ហបុរីម្នាក់ត្រូវបានក្រុមបុគ្គលិកពេទ្យគ្នាឯង ច្រឡំចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 រហូតដល់ទៅ ៥ដូស ខណៈដែរតាមធម្មតាមនុស្សម្នាក់ៗត្រូវការវ៉ាក់សាំងបង្ការជំងឺ COVID-19 ត្រឹមតែ ២ ដូសប៉ុណ្ណោះ ហើយវ៉ាក់សាំងទាំង ២ ដូសនោះទៀតសោធ គឺត្រូវតែចាក់ក្នុងគម្លាតពីគ្នាយ៉ាងហោចណាស់ក៏ ២ សប្តាហ៍ដែរ។ យ៉ាងណាក្ដី បើយោងតាមតាមការចុះផ្សាយរបស់សារព័ត៌មាន Channelnewsasia បានឲ្យដឹងថា កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១ កន្លងទៅថ្មីៗនេះ ក្រុមបុគ្គលិកពេទ្យនៅក្នុងមជ្ឈមណ្ឌលភ្នែកជាតិសិង្ហបុរី (Singapore National Eye Centre) បានច្រឡំចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 រហូតដល់ ៥ដូស ឱ្យទៅបុគ្គលិកស្រីម្នាក់ទៀត នៅអំឡុងពេលពួកគេអនុវត្តការចាក់វ៉ាក់សាំបង្ការ ក្នុងចំណោមបុគ្គលិកពេទ្យគ្នាឯងមួយ។

អ្នកនាំពាក្យរបស់ SNEC បាននិយាយថា កំហុសនោះបានកើតឡើងដោយសារបុគ្គលិកដំបូងដែលបានរំលាយវ៉ាក់សាំងបង្ការជំងឺ COVID-19 បានរវល់ធ្វើកិច្ចការផ្សេងទៀត ហើយក៏មានបុគ្គលិកផ្សេងមកទទួលបន្ទុកចាក់វ៉ាក់សាំងនេះជំនួសវិញ ប៉ុន្តែបុគ្គលិកនោះមិនបានដឹងថា វ៉ាក់សាំងត្រូវបានរំលាយហើយរួចជាស្រេចនោះទេ ដែលជាហេតុវ៉ាក់សាំងត្រូវបានចាក់ទៅបុគ្គលិកពេទ្យដែលរងគ្រោះលើសកម្រិតបែបនេះ។
បន្ទាប់ពីបានរកឃើញកំហុសខាងលើនេះ ដំណើរការនៃការចាក់វ៉ាក់សាំងត្រូវបានផ្អាកជាបន្ទាន់ ដោយគេបានផ្តោតការចាប់អារម្មណ៍ចំពោះបុគ្គលិកស្រីដែលបានទទួលវ៉ាក់សាំងលើសកម្រិតវិញម្តង។ ក្រុមបុគ្គលិកនៅ SNEC បានធ្វើការតាមដានសុខភាពយ៉ាងពិសេសចំពោះបុគ្គលិកត្រូវថ្នាំលើសកម្រិតរូបនោះ ខណៈរហូតមកទល់នឹងពេលនេះគាត់មិនទាន់មានប្រតិកម្ម ឬបញ្ហាសុខភាពអ្វីឡើយ។ រូបគាត់នៅតែមានសុខភាពល្អជាធម្មតា ខណៈការតាមដានសុខភាពរបស់គាត់នៅតែត្រូវបន្តធ្វើឡើងជាប្រចាំ ដើម្បីឲ្យប្រាកដថា នៅថ្ងៃខាងមុខទៀតក៏គាត់នៅតែគ្មានបញ្ហាអ្វី៕

អត្ថបទ៖ ភក្តី
ប្រភព៖ Channelnewsasia