ទឹកជំនន់មានពណ៌ក្រហមច្រាលដូចឈាម បានជន់លិចសហគមន៍មួយកន្លែងនៅក្នុងប្រទេសឥណ្ឌូនេស៊ី
ម៉ាឡេស៊ី៖ ទឹកជំនន់មានពណ៌ក្រហមច្រាលដូចឈាម បានជន់លិចសហគមន៍មួយកន្លែងនៅក្នុងប្រទេសឥណ្ឌូនេស៊ី នៅក្នុងពេលតែមួយយប់ប៉ុណ្ណោះ ដែលហេតុការណ៍នេះបានធ្វើឲ្យពលរដ្ឋនៅក្នុងសហគមន៍មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។ បើយោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន បាងកកប៉ុស្តិ៍ បានឲ្យដឹងថា ហេតុការណ៍នេះបានកើតឡើងនៅក្នុងភូមិ Kelurahan Jenggot ក្រុង Pekalongan នៃខេត្តចាវ៉ា និងបានកើតឡើងកាលពីថ្ងៃអាទិត្យ ទី០៧ ខែកុម្ភៈ ឆ្នាំ២០២១។

ប្រជាពលរដ្ឋម្នាក់ដែលរស់នៅក្នុងកន្លែងកើតហេតុខាងលើបានឲ្យដឹងថា នៅពេលដែលគាត់ភ្ញាក់ពីដំណេកឡើងស្រាប់តែគាត់បានឃើញទឹកពណ៌ក្រហមច្រាលនៅជុំវិញផ្ទះ ហើយភ្លាមនោះគាត់បានគិតថា វាប្រហែលទំនន់ឈាមដែលព្រះជាម្ចាស់បានដាក់ទណ្ឌកម្មចំពោះភូមិរបស់គាត់ ព្រោះកន្លងមកហេតុការណ៍ចម្លែកនេះមិនធ្លាប់កើតមានទាល់តែសោះនៅក្នុងភូមិរបស់គាត់។
យ៉ាងណាក្តី ក្រោយមកគេបានរកឃើញការពិតថា ទឹកពណ៌ក្រហមនោះមិនមែនជាឈាមនោះទេ តែវាជាទឹកដែលហូរចេញពីរោងចក្រជ្រលក់ពណ៌ក្រណាត់ខុសច្បាប់មួយកន្លែង ដែលមានទីទាំងនៅក្បែរភូមិនោះ។ ហេតុការណ៍ទំនងជាកើតឡើងដោយសារតែប្រព័ន្ធបង្ហូរទឹកនៅក្នុងរោងចក្រមានបញ្ហា ទើបបណ្តាលឲ្យទឹកច្រាលចេញមកក្រៅ និងជន់លិចពេញភូមិតែម្តង។ រហូតមកទល់នឹងពេលនេះអាជ្ញាធរឥណ្ឌូនេស៊ីបានចុះទៅដល់ទីតាំងរោចចក្រនោះហើយ ខណៈក្រុមជនខិលខូចដែលជាប់ពាក់ព័ន្ធក្នុងករណីនេះក៏ត្រូវចាប់ខ្លួនឲ្យមកទទួលទោសតាមផ្លូវច្បាប់ផងដែរ៕


អត្ថបទ៖ ភក្តី
ប្រភព៖ World of Buzz, បាងកកប៉ុស្តិ៍