បុរសម្នាក់សង្ស័យស្រវឹងស្រា ជិះម៉ូតូមកផ្ទះលឿនពេក ទៅបុករបងផ្ទះអ្នកភូមិ សន្លប់ស្តូកក្នុងថ្លុក.ឈាម នៅច្រករោងអ្នកតាម្ចាស់ស្រុក
រាជធានីភ្នំពេញ៖ បុរសម្នាក់ត្រូវបានបញ្ជូនតាមរថយន្តសង្គ្រោះដឹកទៅសង្គ្រោះភ្លាមៗ ដោយសាររងរបួសធ្ងន់ ដេកស្ដូកស្ដឹងក្នុងថ្លុកឈាមក្បែររបងផ្ទះប្រជាពលរដ្ឋ បន្ទាប់ពីជិះម៉ូតូ Scoopy តែម្នាក់ឯង សង្ស័យស្រវឹង បើកបរក្នុងល្បឿនលឿន ជ្រុលទៅបុករបងផ្ទះប្រជាពលរដ្ឋ បណ្ដាលឲ្យដួលអូសបោកនឹងថ្នល់ពេញទំហឹង បង្កការភ្ញាក់ផ្អេីលដល់កម្លាំងល្បាតប៉ុស្តិ៍ចាក់អង្រែលើ ចុះអន្តរាគមន៍។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងកាលពីវេលាម៉ោង១១៖២០នាទីយប់ ថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២១នេះ នៅផ្លូវបេតុង (ច្រករោងអ្នកតាម្ចាស់ស្រុកប៉ិអៀ) ភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ប្រជាពលរដ្ឋដែលឃើញហេតុការណ៍បានរៀបរាប់ប្រាប់ឲ្យអ្នកយកព័ត៌មានខ្មែរណូតយើងដឹងថា នៅមុនពេលកើតហេតុ គេឃើញបុរសរងគ្រោះខាងលើ សង្ស័យទើបចេញពីហូបចុក បានបើកម៉ូតូមួយគ្រឿង ម៉ាកហុងដាស្កូបពី (Honda Scoopy) ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 1FV-5874 ក្នុងស្ថានភាពស្រវឹង បានធ្វើដំណើរតាមបណ្ដោយផ្លូវបេតុង ច្រករោងអ្នកតាម្ចាស់ស្រុក ទិសដៅចូលមកក្នុងភូមិ ពីកើតមកលិច ក្នុងល្បឿនលឿន និងមិនឃើញពាក់មួកការពារសុវត្ថិភាពក្បាលឡើយ លុះមកដល់ចំណុចកើតហេតុ ជាកន្លែងផ្លូវកោងផងនោះ ស្រាប់តែជ្រុលទៅបុករបងផ្ទះប្រជាពលរដ្ឋ បណ្ដាលឲ្យដួលបោកនឹងថ្នល់ពេញទំហឹង អូសជាច្រើនម៉ែត្រក្បែររបង។
ហេតុការណ៍នេះបានបង្កការភ្ញាក់ផ្អើលអ្នកជិតខាងដែលនៅក្បែរនោះបាននាំគ្នាបើកទ្វារចេញមកមើល ស្រាប់តែប្រទះឃើញម៉ូតូខ្ទាតឆ្ងាយពីម្ចាស់ម៉ូតូ ចំណែកជនរងគ្រោះជាម្ចាស់ម៉ូតូបានរងរបួសធ្ងន់ដេកស្ដូកស្ដឹងក្នុងថ្លុកឈាម ទើបអ្នកជិតខាង បានរាយការណ៍ប្រាប់ដល់កម្លាំងល្បាតប៉ុស្តិ៍ចាក់អង្រែលើ ចុះមកជួយអន្តរាគមន៍ រកលេខទូរស័ព្ទសាច់ញាតិជនរងគ្រោះ ដើម្បីផ្ដល់ដំណឹងឲ្យសាច់ញាតិបានដឹង និងហៅរថយន្ត គិលានសង្គ្រោះគ្លីនិកឯកជន “ពន្លឺ ” បានមកដឹកជនរងគ្រោះយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យផងដែរ ។
បច្ចុប្បន្នក្រោយម៉ូតូរបស់ជនរងគ្រោះត្រូវបានសមត្ថកិច្ចទៅរក្សាទុកបណ្ដោះអាសន្នសិន នៅស្នាក់ការប៉ុស្តិ៍នគរបាលរដ្ឋបាលចាក់អង្រែលើ ដើម្បីរងចាំប្រគល់ជូនជនរងគ្រោះ និងសាច់ញាតិ យកឯកសារពាក់ព័ន្ធមកបញ្ជាក់ហើយប្រគល់ជូនវិញផងដែរ ៕








ដោយ៖ បងម៉េង ខ្មែរណូត