បុរសជនជាតិចិនស្រវឹងជោកជាំបើកឡានទៅមុខលែងរួច ឈប់ឡានដេកបើកចំហរកញ្ជក់ឡាន ប្រជាពលរដ្ឋឃើញបែបនេះ ខ្លាចមានជនឆ្លៀតឱកាសលួចទ្រព្យសម្បត្តិ ក៏បានរាយការណ៍ប្រាប់សមត្ថកិច្ចចុះអន្តរគមន៍
រាជធានីភ្នំពេញ៖ បុរសជនជាតិចិនម្នាក់ ទើបតែចេញមកពីហូបចុកនៅទីណា បានបើករថយន្ត LAND CRUISER ក្នុងស្ថានភាព ស្រវឹងជោកជាំទៅមុខពុំរួចបានមកឈប់ដេកនៅមុខទ្វារចេញចូលមុខក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លើផ្លូវព្រះនរោត្តម ខាងលិចស្តុបចំការមន ចម្ងាយ៤០ម៉ែត្រ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដោយព្រួយបារម្ភខ្លាចមានជនឆ្លៀតឱកាសណាលួចទ្រព្យសម្បត្តិ ទើបប្រជាពលរដ្ឋរស់នៅទល់មុខនោះបានទូរស័ព្ទ ប្រាប់វិទ្យុABC អោយជួយទាក់ទងនគរបាលប៉ុស្តិ៍ទន្លេបាសាក់ ចុះទៅពិនិត្យមើលបង្កការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង០១៖០៥នាទីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២១នេះ។

តាមសាក្សីបានឱ្យដឹងថា នៅមុនពេលកើតហេតុគេឃើញបុរសម្នាក់នោះ បានបើករថយន្តមួយគ្រឿងម៉ាកឡង់គ្រីស័រ (LAND CRUISER) ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2BC-7716 តែម្នាក់ឯង ធ្វើដំណើរតាមផ្លូវព្រះនរោត្តម ក្នុងទិសដៅពីត្បូងទៅជើង នៅពេលធ្វើដំណើរ មកដល់មុខច្រកចេញចូលរបស់ក្រសួងរុក្ខាប្រមាញ់ និងនេសាទស្រាប់តែបុរសរូបនោះបានឈប់ចតរថយន្តរបស់ខ្លួនអែបឡើងលើចិញ្ចើមផ្លូវ ដោយមិនបានពន្លត់ម៉ាស៊ីនឡើយ ហើយបើកកញ្ចក់រថយន្តទាំងសងខាងចោល ចំណែកអ្នកបើកបរបានដេកលង់លក់បាត់ទៅ។ ស្ថិត ក្នុងសភាពដេកលង់លក់និងបើកកញ្ចក់ចោលបែបនេះ ជាឱកាសដល់ជនខិលខូចអាចមកធ្វើសកម្មភាពលួចយកសម្ភារមានតម្លៃ ឬក៏ទាញ ទម្លាក់ពីរថយន្តហើយយករថយន្តទៅក៏អាចថាបាន។
បើតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋមួយផ្សេងទៀតបានរាយការណ៍ចូលវិទ្យុABC ផ្សាយផ្ទាល់ ដូច្នេះថានៅវេលាម៉ោងខាងលើគាត់ឃើញ បុរសម្នាក់នោះបើករថយន្តខាងលើ ធ្វើដំណើរចេញពីផឹកនៅកន្លែងណាមួយបានស្រវឹងជោកជាំ ពេលបើកតាមផ្លូវមកដល់ចំណុចខាងលើ ប្រហែលជាទ្រាំលែងបានទៅមុខទៀតមិនរួចក៏ឈប់រថយន្តឡើងអែបមុខច្រកចេញចូលមុខក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទតែម្តង ។ មួយសន្ទុះក្រោយមក គាត់មើលពីចម្ងាយឃើញ កង់បី២គ្រឿង បើកមកឈប់ក្បែររថយន្តនោះ ហើយក៏ចេញទៅបាត់ ទើបគាត់រស់នៅទល់មុខនោះបានរាយការណ៍ប្រាប់វិទ្យុABC អោយជួយទាក់ទងនគរបាលប៉ុស្តិ៍ទន្លេបាសាក់ ចុះទៅពិនិត្យមើលផងក្រែងលោមានជនឆ្លៀតឱកាសណាលួចទ្រព្យសម្បត្តិ។ បន្ទាប់មកគេឃើញសមត្ថកិច្ចប៉ុស្តិ៍នគរបាលទន្លេបាសាក់ បានចុះទៅពិនិត្យមើល និងដាស់បុរសជនជាតិចិននោះទំរាំភ្ញាក់ដឹងខ្លួន តែបុរសជនជាតិចិនរូបនោះ បានត្រឹមតែចុះពីរថយន្តមក បន្ទោរបង់អែបរថយន្តរបស់ខ្លួនហើយ ក៏ឡើងទៅលើរថយន្តដេកលើកៅអីខាងស្ដាំវិញ ដោយមិនខ្វល់ខ្វាយអ្វីទាំងអស់។
សមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍ទន្លេបាសាក់ បានប្រាប់ដែរថា នៅពេលស្រវឹងបើកបររថយន្តទៅមុខមិនរួច ការឈប់រថយន្តដេកវាជាប្រការល្អ ចៀសវាងបើកទៅមុខទៀតបង្កឱ្យមានគ្រោះថ្នាក់ដល់អ្នកដទៃ និងខ្លួនឯងហើយបុរសជនជាតិចិនរូបនេះក៏រកកន្លែងបានសមរម្យ និងមិនប៉ះពាល់ដល់ការធ្វើចរាចរណ៍របស់អ្នកដទៃដែរ ទាស់តែម៉្យាងគាត់មិនបានបិទកញ្ចក់ទាំងសងខាង ដែលជាឱកាសដល់ជនខិលខូច ណាអាចមកធ្វើសកម្មភាពលួចយកសម្ភារមានតម្លៃរបស់គាត់ ទើបកម្លាំងប៉ុស្តិ៍ទន្លេបាសាក់ បានចុះមកណែនាំ និងដាស់ផង អង្រួនផង នៅមិនដឹងខ្លួន ហើយសមត្ថកិច្ចក៏មិនអាចនៅអង្គុយយាមគាត់ទល់ភ្លឺបានទេ ទើបសមត្ថកិច្ចបានជួយបិទកញ្ចក់អោយគាត់ហើយ រួចអោយគាត់បិទ(Lock) គន្លឹះសុវត្ថិភាពបានត្រឹមត្រូវហើយ បន្តសម្រាកទៀតបាន និងដើម្បីការពារកុំអោយមានជនឆ្លៀតឱកាស ណាមកលួចទ្រព្យសម្បត្តិរបស់ជនជាតិចិនខណៈពេលកំពុងដេកលង់លក់នោះ។
បច្ចុប្បន្នសមត្ថកិច្ចប៉ុស្តិ៍ទន្លេបាសាក់ បានទុកអោយបុរសជនជាតិចិនខាងលើ ដេកលង់លក់ក្នុងរថយន្តរបស់ខ្លួនអោយស្វាង ហើយភ្ញាក់ដឹងខ្លួនពេលណា ចាំបន្តដំណើរទៅមុខទៀតក៏បាន ព្រោះសមត្ថកិច្ចត្រូវបន្តដើរល្បាតទប់ស្កាត់បទល្មើសក្នុងមូលដ្ឋានរបស់ខ្លួន ដោយមិនអាចអង្គុយយាមគាត់រហូតទល់ភ្លឺបានឡើយ ៕







ដោយ៖ បងម៉េង ខ្មែរណូត