ខ្មែរណូត

ស្វែងរក

  • ចរាចរណ៍

    រថយន្តTOYOTA PRUIS បើកឆ្លងកាត់ផ្លូវបំបែកជាបួន ខ្វះការប្រុងប្រយ័ត្ន ក៏ជ្រុលទៅបុករថយន្ត CAMRY រួចខ្ទាតទៅប៉ះម៉ូតូ បណ្ដាលឲ្យម្ចាស់ម៉ូតូរបួសធ្ងន់២នាក់ ដឹកទៅមន្ទីរពេទ្យភ្លាមៗ

    BY Khmernote Media February 11, 2021
    រថយន្តTOYOTA PRUIS បើកឆ្លងកាត់ផ្លូវបំបែកជាបួន ខ្វះការប្រុងប្រយ័ត្ន ក៏ជ្រុលទៅបុករថយន្ត CAMRY រួចខ្ទាតទៅប៉ះម៉ូតូ បណ្ដាលឲ្យម្ចាស់ម៉ូតូរបួសធ្ងន់២នាក់ ដឹកទៅមន្ទីរពេទ្យភ្លាមៗ

    រាជធានីភ្នំពេញ៖ ករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងដោយរថយន្តម៉ាកTOYOTA PRUIS បើកឆ្លងកាត់ផ្លូវបំបែកជាបួន ខ្វះការប្រុងប្រយ័ត្ន ក៏ជ្រុលទៅបុករថយន្ត CAMRY HYBRID រួចក៏បានខ្ទាតទៅប៉ះម៉ូតូមួយគ្រឿងទៀតម៉ាក HONDA WAVE បណ្តាលឲ្យម្ចាស់ម៉ូតូរងរបួសធ្ងន់ចំនួន២នាក់ ត្រូវបានបញ្ជូនតាមរថយន្តគិលានសង្គ្រោះគ្លីនិកឯកជនដឹកយកទៅសង្គ្រោះភ្លាមៗ ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងកាលពីវេលាម៉ោង០០៖០៥នាទីយប់រំលងអាធ្រាត្រ ឈានចូលថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២១នេះ ស្ថិតតាមបណ្ដោយផ្លូវលេខ៤៣២ កែង១៥៥ ជាប់របងសាលាទួលទំពូង ស្ថិតក្នុងសង្កាត់ ទូលទំពូង១ ខណ្ឌចំការមន រាជធានីភ្នំពេញ។

    តាមប្រភព ព័ត៌មានពីកន្លែងកើតហេតុ បានប្រាប់ឲ្យក្រុមការងារខ្មែរណូតដឹងថា មុនពេលកើតហេតុគេបានឃើញរថយន្តមួយគ្រឿង ម៉ាកតូយូតាព្រូស (TOYOTA PRUS) ពណ៌កាប់ស្ទាំង ពាក់ស្លាកលេខភ្នំពេញ 2BE-2919 ធ្វើដំណើរតាមបណ្តោយផ្លូវ៤៣២ ទិសដៅ ពីត្បូងទៅជើង បើកបរក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុ ក៏បានទៅបុករថយន្តមួយគ្រឿង ម៉ាកកាម៉ារីហាយប្រ៊ីត (CAMRY Hybrid) ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2AW-7082 ធ្វើដំណើរតាមបណ្តោយផ្លូវ១៥៥ កែងផ្លូវ៤៣២ ទិសដៅពីកើតទៅលិច ភ្លាមៗនោះផងដែររថយន្តក៏បានខ្ទាតទៅប៉ះនិងម៉ូតូមួយគ្រឿងទៀតម៉ាក HONDA-WAVE ពណ៌ស ស្លាកលេខភ្នំពេញ 1CO-6900 បើកបរ ដោយប្តីប្រពន្ធនិងកូនតូចបណ្តាលឲ្យបុរសជាប្តីនិងកូនអាយុ២ឆ្នាំ រងរបួសធ្ងន់ត្រូវបានរថយន្តសាមុយសុងការណ៍ ដឹកទៅសង្រ្គោះបន្ទាន់ភ្លាមៗ។ ចំណែកឯរថយន្តម៉ាកTOYOTA PRUS រងការខូចខាតចំផ្នែកខាងមុខយ៉ាងដំណំ និងបាក់ក្រឡេកង់ខាងស្តាំផងដែរ រីឯរថយន្ត CAMRY HYBRID វិញរងការខូចខាតផ្នែកខាងក្រោយចំហៀងខាងឆ្វេងយ៉ាងដំណំ។ ភ្លាមៗនោះកម្លាំងសមត្ថកិច្ចមូលដ្ឋានបានចុះមកមើលកន្លែងកើតហេតុ រួចទាក់ទងទៅផ្នែកវាស់វែងចរាចរណ៍ខណ្ឌចំការមន ចុះមកពិនិត្យមើលជាក់ស្ដែងសិនផងដែរ តែដោយសារភាគីខាងជនរងគ្រោះត្រូវបានបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យ និងចរចាមិនត្រូវគ្នា ទើបសមត្ថកិច្ចទាក់ទងជំនាញចុះមកវាស់វែងតែម្ដង។

    បច្ចុប្បន្នក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍ និងផ្នែកវាស់វែង បានប្រគល់ឲ្យសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងនិង យករថយន្តទាំងពីរគ្រឿងនិងម៉ូតូ ទៅរក្សាទុកបណ្ដោះអាសន្ន នៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរងចាំដោះស្រាយគ្នានៅពេលក្រោយ ៕

    ដោយ៖ បងម៉េង ខ្មែរណូត

    Share This Post: