កុំអាងផ្លូវស្ងាត់! រថយន្តក្រុមហ៊ុនវីរៈប៊ុនថាំពន្លះជាមួយរថយន្តស៊េរីទំនើប MG ត្រង់ចំណុចផ្លូវបែកជាបួនក្រឡាប់ផ្ងាជើងម្ខាង
ភ្នំពេញ ៖ បុរសម្នាក់រួមដំណើរនឹងបុរសម្នាក់ទៀត បើករថយន្តក្រុមហ៊ុនវីរៈប៊ុនថាំមួយគ្រឿងបោះពួយក្នុងល្បឿនលឿនដល់ចំណុចផ្លូវបំបែកជាបួនបានជ្រុលចង្កូតទៅបុកជាមួយនឹងរថយន្តស៊េរីទំនើបម៉ាកMGបញ្ឆិតផ្នែកខាងមុខ បណ្ដាលឲ្យរថយន្ដក្រុមហ៊ុនវីរៈប៊ុនថាំក្រឡាប់ផ្ងាជើងម្ខាង សំណាងល្អមិនបង្កឲ្យមានអ្នករងរបួស ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងកាលពីវេលាម៉ោង២យប់រំលងអាធ្រាត្រ ឈានចូលថ្ងៃសុក្រ ទី១២ ខែកុម្ភៈ ឆ្នាំ២០២១ នៅត្រង់ចំណុចផ្លូវបំបែកជាបួន ផ្លូវ១៩៩ កែងផ្លូវ៣៨៤ ក្នុងសង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

តាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុ គេឃើញរថយន្តក្រុមហ៊ុនវីរៈប៊ុនថាំមួយគ្រឿង ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌លឿងពាក់ស្លាកលេខភ្នំពេញ 2BJ-6016 បើកបរដោយបុរសម្នាក់ រួមដំណើរនឹងបុរសម្នាក់ទៀត ធ្វើដំណើរតាមបណ្ដោយផ្លូវ១៩៩ ទិសដៅពីលិចទៅកើត ក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុខាងលើបានជ្រុលទៅបុកជាមួយនឹងរថយន្តស៊េរីទំនើបមួយគ្រឿងម៉ាក MG ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2BF-9638 បើកបរដោយបុរសម្នាក់រួមដំណើរដោយបុរស២នាក់ទៀតធ្វើដំណើរតាមបណ្ដោយផ្លូវ៣៨៤ ទឹកដៅពីជើងទៅត្បូងបុកចំបញ្ចិតខាងមុខខាងស្ដាំពេញទំហឹង បណ្ដាលឲ្យរថយន្តក្រុមហ៊ុនវីរៈប៊ុនថាំ ផ្ញារជើងម្ខាង ចំណែកឯរថយន្តស៊េរីទំនើបម៉ាកMG រងការខូចខាតផ្នែកខាងមុខ យ៉ាងដំណំ។ ភ្លាមៗនោះខាងរថយន្តក្រុមហ៊ុនវីរៈប៊ុនថាំបានចេញពីរថយន្តគេចខ្លួនចេញពីកន្លែងកើតហេតុបាត់អស់។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវិញយករថយន្ត ទាំង២គ្រឿងទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរងចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ៕

ដោយ៖ បងម៉េង ខ្មែរណូត