ស្មានតែទេវតាមកចែកអាំងប៉ាវថ្ងៃចូលឆ្នាំចិន តាមពិតជាបុគ្គលិកក្រុមហ៊ុនចងការ ដើរសួរទុក្ខកូនបំណុលតាមផ្ទះ ដើម្បីជូនពរឲ្យរកស៊ីមានបាន ឆាប់បានសងលុយក្រុមហ៊ុនវិញ
សិង្ហបុរី៖ កាលពីអំឡុងបុណ្យចូលឆ្នាំប្រពៃណីចិនកន្លងទៅថ្មីៗនេះ មានក្រុមពលរដ្ឋសិង្ហបុរីតែងខ្លួនជាទេវតាសំណាងជាច្រើននាក់ ត្រូវបានគេប្រទះឃើញធ្វើដំណើរទៅកាន់ផ្ទះប្រជាពលរដ្ឋដើម្បីសួរសុខទុក្ខ និងផ្តល់សំណាងដល់ក្រុមពលរដ្ឋទាំងនោះ។ បើតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន World of Buzz បានឲ្យដឹងថា ក្រុមទេវតាសំណាងទាំងនោះតាមការពិតជាក្រុមអ្នកចងការហើយផ្ទះពលរដ្ឋដែរពួកគាត់បានទៅទាំងអស់នោះសុទ្ធតែក្រុមកូនបំណុលរបស់ពួកគាត់។ សកម្មភាពនេះគឺជាឥរិយាបថថ្មីមួយទៀតដែលគេទើបប្រទះឃើញ ដោយនាពេលកន្លងតាមទម្លាប់ម្ចាស់បំណុលគ្រាន់តែផ្ញើផ្លែក្រូចទៅកាន់អតិជនខ្លួនដើម្បីតំណាងឲ្យលាភនិងសំណាងតែប៉ុណ្ណោះ។

ប្រភពខាងលើបានបន្តថា ក្រុមទេវតាសំណាងទាំងនេះគឺជាបុគ្គលិករបស់ភ្នាក់ងារផ្តល់ប្រាក់កម្ចី Fast Debt Recovery (FDR) Specialist Pte Ltd, ដែលមានមូលដ្ឋានៅក្នុងប្រទេសសិង្ហបុរី ហើយនាពេលកន្លងមកភ្នាក់ងារមួយនេះមានអតិថិជនគាំទ្រច្រើនណាស់។ បុគ្គលិកម្នាក់តំណាងឲ្យភ្នាក់ងារផ្តល់ប្រាក់កម្ចីខាងលើនេះបានឲ្យដឹងថា ការសម្រេចតែងខ្លួនជាទេវតាសំណាងដើម្បីទៅសួរសុខទុក្ខកូនបំណុលនេះគឺជាការរក្សាទំនាក់ទំនងដ៏ល្អមួយរវាងម្ចាស់បំណុលនិងអតិថិជន ព្រោះគេជឿថាពេលខ្លះការទៅទារបំណុលបែបកាចនិងដាច់ខាតខ្លាំងពេកគឺគ្មានលទ្ធផលល្អនោះទេ តែផ្ទុយទៅវិញទំនាក់ទំនងល្អរវាងម្ចាស់បំណុលនិងអតិថិជនអាចជួយដោះស្រាយបញ្ហាបានយ៉ាងល្អប្រសើរជាង។ បុគ្គលិករូបនេះបានបញ្ជាក់ថា ការទៅដល់ផ្ទះកូនបំណុលនៅពេលនេះគឺមិនមែនដើម្បីទារលុយនោះទេ តែក្រុមទេវាតាសំណាងគ្រាន់តែចង់និយាយពាក្យ “រីករាយឆ្នាំថ្មី” និងជូនពរឲ្យក្រុមគ្រួសារកូនបំណុលទាំងអស់នោះមានសេចក្តីសុខនិងសំណាងល្អតែប៉ុណ្ណោះ៕



អត្ថបទ៖ ភក្តី
ប្រភព៖ World of Buzz