ក្រោយរកឃើញកូវីដ១៩បំប្លែងថ្មីលើកដំបូងក្នុងប្រទេស ឥលូវនេះរដ្ឋាភិបាលថៃកំពុងពិចារណាបន្ថែមរយៈពេលធ្វើចត្តាឡីស័កដល់ ២១ថ្ងៃ សម្រាប់អ្នកដំណើរមកពីតំបន់អាហ្វ្រិក
ថៃ៖ យោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន បាងកកប៉ុស្តិ៍ បានឲ្យដឹងថា ពេលនេះរដ្ឋាភិបាលថៃកំពុងពិចារណាបន្ថែមរយៈពេលធ្វើចត្តាឡីស័កពី ១៤ ថ្ងៃទៅដល់ ២១ ថ្ងៃ សម្រាប់អ្នកដំណើរដែលទើបត្រលប់មកពីតំបន់អាហ្វ្រិកដើម្បីឲ្យប្រាកដថា ពួកគេបានឆ្លងជំងឺកូវីដ ១៩ បំប្លែងខ្លួនថ្មីនៅតំបន់អាហ្រិ្វកឬអត់។ មជ្ឈមណ្ឌលគ្រប់គ្រងជំងឺកូវីដ ១៩ ថៃបានបញ្ជាក់ថា ជំងឺកូវីដ ១៩ បំប្លែងខ្លួនថ្មីនៅតំបន់អាហ្រិ្វកនេះមានឈ្មោះថា “B1351” ហើយវាមានលក្ខណៈឆ្លងឆាប់រហ័សនិងមានគ្រោះថ្នាក់ខ្ពស់ជាងមេរោគនៃជំងឺកូវីដ ១៩ ធម្មតា។

លោក Apisamai Srirangson ដែលជាអ្នកនាំពាក្យឲ្យមជ្ឈមណ្ឌលគ្រប់គ្រងជំងឺកូវីដ ១៩ ថៃបានឲ្យដឹងថា ការពិចារណាបន្ថែមរយៈពេលនៃការធ្វើចត្តាឡីស័កនេះត្រូវបានធ្វើឡើងភ្លាមៗក្រោយអាជ្ញាធរសុខាភិបាលថៃទើបបានរកឃើញអ្នកដំណើរម្នាក់មានផ្ទុកនូវមេរោគជំងឺកូវីដ ១៩ បំប្លែងខ្លួននេះនៅលើទឹកដីថៃ។
អ្នកនាំពាក្យរូបនេះបានបញ្ជាក់ថា អ្នកដំណើរដែលមានផ្ទុកមេរោគជំងឺកូវីដ ១៩ បំប្លែងខ្លួននៅតំបន់អាហ្វ្រិកនោះគឺជាបុរសអ្នកជំនួញជនជាតិថៃ អាយុ ៤១ ឆ្នាំ ធ្វើដំណើរមកពីប្រទេសតង់ហ្សានីនិងបានមកដល់ប្រទេសថៃកាលពីថ្ងៃទី ២៩ មករា កន្លងទៅនេះ ហើយរូបគាត់ត្រូវបានធ្វើតេស្តវិជ្ជមានជំងឺកូវីដ ១៩ នៅក្នុងថ្ងៃទី ៣ ខែ កុម្ភៈ តែរហូតដល់ថ្ងៃទី ១២ ខែ កុម្ភៈ ទើបគេបានរកឃើញទៀតថា មេរោគនៃជំងឺកូវីដ ១៩ ដែលមាននៅក្នុងខ្លួនអ្នកដំណើរូបនេះគឺជាមេរោគបំប្លែងខ្លួននៅតំបន់អាហ្វ្រិក។ ព្រោះហេតុផលនេះហើយទើបរដ្ឋាភិបាលថៃកំពុងសិក្សាអំពីលទ្ធភាពនៃការបន្ថែមរយៈពេលធ្វើចត្តាឡីស័ករហូតដល់ ២១ ថ្ងៃ ចំពោះតែអ្នកដំណើរមកពីតំបន់អាហ្វ្រិក តែយ៉ាងណាក្តីការសម្រេចជាផ្លូវការនៅមិនទាន់ធ្វើឡើងនៅឡើយទេរហូតមកទល់នឹងពេលនេះ៕

អត្ថបទ៖ ភក្តី
ប្រភព៖ បាងកកប៉ុស្តិ៍