ប៉ូលិសថៃកំពុងតាមចាប់ខ្លួនចោរនិនចា ដែលតែងចូលលួចទ្រព្យសម្បត្តិក្នុងផ្ទះប្រជាពលរដ្ឋដោយប្រើវិធីចម្លែកបំផុត
ថៃ៖ ប៉ូលិសថៃកំពុងតាមចាប់ខ្លួនចោរលួចដ៏ចម្លែកម្នាក់ដែលត្រូវបានសាធារណៈជនទូទៅហៅថា “ចោរនិនចា”។ បើយោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន The Thaiger បានឲ្យដឹងថា ចោរនិនចាបានធ្វើសកម្មភាពលួចយ៉ាងសកម្មនៅក្នុងសហគមន៍មួយកន្លែងក្រុង Nonthaburi ភាគកណ្តាលនៃប្រទេសថៃ ដែលមានផ្ទះដូចៗគ្នាមានតម្លៃប្រមាណជា ៥ លានបាត (១៦៦ ៨០៨ ដុល្លារអាមេរិក) សម្រាប់ផ្ទះមួយខ្នង ហើយនៅក្នុងសហគមន៍ក៏មានប្រព័ន្ធសន្តិសុខសម្រាប់ការពារសុវត្ថិភាពផងដែរ។ យ៉ាងណាក្តី ចោរនៅតែអាចធ្វើសកម្មភាពចូលទៅលួចទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋបាន ហើយអ្វីដែលជាការកត់សម្គាល់នោះគឺចោរតែងចូលទៅក្នុងផ្ទះប្រជាពលរដ្ឋតាមរយៈបង្អួចនៅខាងលើដំបូងផ្ទះដើម្បីធ្វើសកម្មភាពលួចទ្រព្យសម្បត្តិ។

ចោរនិនចាបានលួចតែរបស់តូចៗនិងមានតម្លៃប៉ុណ្ណោះដូចជាខ្សែក ខ្សែដៃ និងនាឡិកាជាដើម។ គិតមកទល់នឹងពេលនេះករណីលួចដ៏រសើបនេះបានកើតឡើងចំនួន ១០ ដងរួចហើយ ខណៈខាងអាជ្ញាធរនៅមិនទាន់រកឃើញតម្រុយសំខាន់ណាមួយសម្រាប់តាមចាប់ខ្លួនជនសង្ស័យនោះទេ។
ពលរដ្ឋរងគ្រោះម្នាក់បានឲ្យដឹងថា គាត់មិនដែលចាប់អារម្មណ៍អំពីគ្រឿងអលង្ការដែលគាត់ទុកនៅក្នុងផ្ទះឡើយរហូតដល់គេល្បីអំពីរឿងចោរនេះគាត់ក៏បានទៅឆែកមើលទើបដឹងថា គ្រឿងអលង្ការមានតម្លៃប្រមាណជា ១០០ ០០០ បាត (៣ ៣៣៥ ដុល្លារអាមេរិក) របស់គាត់បានបាត់ តែមិនដឹងបាត់ពីពេលណានោះទេ។
ពលរដ្ឋរស់នៅក្នុងតំបន់កើតហេតុម្នាក់ផ្សេងទៀតបានអះអាងថា ចោរក៏បានលួចចូលទៅក្នុងផ្ទះរបស់គាត់ដែរ តែដោយសារក្នុងផ្ទះរបស់គាត់គ្មានទ្រព្យសម្បត្តិអ្វីត្រូវលួចនោះ ចោរបានទៅបន្ទោរបង់នៅក្នុងបង្គន់របស់គាត់ ហើយបន្ទាប់មកក៏ចេញទៅវិញបាត់។ អ្វីដែលអាជ្ញាធរថៃអាចធ្វើបាននៅពេលនេះគឺបិទប្រកាសអំពីករណីលួចនេះជាសាធារណៈដើម្បីឲ្យពលរដ្ឋមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់ជាងធម្មតា ខណៈដែលប៉ូលិសជំនាញកំពុងបើកការស៊ើបអង្កេតជាពិសេសមួយដើម្បីតាមចាប់ខ្លួនជនសង្ស័យ៕

អត្ថបទ៖ ភក្តី
ប្រភព៖ The Thaiger