ផ្ទុះការរិះគន់ពេញ Facebook ព្រោះសិស្សថ្នាក់ទី១១ បើកឡានប៉ូលីសបំពាក់ស៊ីរ៉ែន ដាក់កង់ស្ព័រ ទៅរៀននៅម្តុំជ្រោយចង្វារ
សង្គម February 17, 2021 Khmernote Media

ផ្ទុះការរិះគន់មិនសំចៃមាត់មួយពេញបណ្តាញសង្គម Facebook ក្រោយគេបានឃើញកូនសិស្សថ្នាក់ទី១១ម្នាក់ឈ្មោះ ឧត្តម បានបើកឡានប៉ូលីសស្លាក់លេខ ន.ប 2.8763 ដោយបំពាក់ជាមួយនឹងស៊ីរ៉ែន រួមទាំងកង់ស្ព័រ ទៅរៀននៅសាលា AIS និង AII ក្នុងសាខាជ្រោយចង្វារ ដោយជាក់ស្តែងឡានមួយគ្រឿងនេះគួរតែយកមកប្រើនៅតាមអង្គភាព មិនគួរណាយកមកប្រើជាលក្ខណៈឯកជន បំពាក់កង់ស្ព័រដូចស្ទាវនោះទេ។

ក្នុងនោះផងដែរខាងសាលាក៏បានបដិសេធ និងថា ទំនងឪពុកម្តាយរបស់កូនសិស្ស មកយកកូនចេញពីសាលា ក្រោមហេតុផលមានការប្រញាប់កិច្ចការណាមួយ ខណៈដែលមន្រ្តីនគរបាល ខណ្ឌជ្រោយចង្វារ បានបញ្ជាក់ និងបានរាយការណ៍ទៅកាន់ថ្នាក់លើថា សិស្សសាលាម្នាក់នេះមានឈ្មោះ ឧត្តម រៀនថ្នាក់ទី១១ ពិតជាបានបើករថយន្តដោយផ្ទាល់ទៅរៀនប្រាកដមែន និងបើកទៅច្រើនដងទៀតផង តែមិនមានការហាមឃាត់ នេះបើតាមការបញ្ជាក់នៅលើ Facebook របស់បងប្រុស ស៊ន សុភក្ត្រ អគ្គនាយករងអង្គភាពសារព័ត៌មាន Freshnews។ ទន្ទឹមនឹងផងដែរ ពលរដ្ឋសូមទទូចដល់នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន ជួយមានវិធានការ និងទប់ស្កាត់ការយករថយន្តដែលពាក់ស្លាកលេខនគរបាល និងបំពាក់ស៊ីរ៉ែនពីលើ យកទៅប្រើប្រាស់ជាលក្ខណៈបុគ្គលបែបនេះ ព្រោះវាប៉ះពាល់ដល់សតិអារម្មណ៍របស់ប្រជាពលរដ្ឋ ក៏ដូចជាប៉ះពាល់ដល់ កិត្តិយសស្ថាប័ននគរបាលជាតិផងដែរ៕